ខេត្តសៀមរាប៖ តំបន់ទីលានខាងមុខប្រាសាទអង្គរដែលកន្លងមកអ្នកទេសចរធ្លាប់ឃើញក្នុងរូបភាពមួយមិនទាន់រៀបចំបានល្អនោះ នឹងប្រែប្រួលមានសោភ័ណភាព និងសណ្ដាប់ធ្នាប់ប្លែកភ្នែកនាពេលខាងមុខ ។
កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២១០៩ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងតាមដានការសាងសង់ ដឹកនាំដោយលោកយិត ចាន់ដារដ្ឋ អគ្គនាយករង និងជាតំណាងលោកហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានពិនិត្យផ្ទាល់នៅការដ្ឋានសាងសង់ ដើម្បីជំរុញការងារឱ្យបានទាន់ពេលវេលា និងគោរពតាមបទដ្ឋានបច្ចេកទេនៃផែនការមេ រក្សាបាននូវគុណតម្លៃផ្នែកបេតិកភណ្ឌ ទាំងផ្នែកវប្បធម៌ និងបរិស្ថាន ។
យោងតាមផេកហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាផ្សាយថា គម្រោងនេះស្ថិតនៅមុខខាងលិចប្រាសាទអង្គរវត្ត ក្នុងគោលបំណងលើកតម្លៃរមណីយដ្ឋានអង្គរ ឱ្យមានបរិស្ថានល្អស្អាត កាត់បន្ថយផលប៉ះពាល់នានាលើប្រាសាទ ទេសភាព និងធម្មជាតិ រក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ និងភាពថ្លៃថ្នូរក្នុងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ។
ផ្នែក សំខាន់ៗនៃគម្រោងរួមមាន៖ សាងសង់ចំណតយានយន្តគ្រប់ប្រភេទ (សាងសង់រួចរាល់) កន្លែងបដិសណ្ឋារកិច្ច និងផ្តល់ព័ត៌មាន កន្លែងផ្ញើអីវ៉ាន់ កន្លែងសម្រាករង់ចាំ កន្លែងលក់ដូរសម្រាប់ប្រជាពលរដ្ឋដែលមានតូបលក់ដូរស្រាប់ពីមុន សាលពិព័រណ៍ សារមន្ទីរលំហ កន្លែងអាជីវកម្មដែលមានស្តង់ដារអន្តរជាតិ ជាដើម ។ គម្រោងនេះនឹងបញ្ចប់ទាំងស្រុងក្នុងរយៈពេល១២ខែ ។
កន្លងមកអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលស្វីស បានកសាងទីលានមុខប្រាសាទបន្ទាយស្រីមួយជាគំរូរួចមកហើយ និងបានសម្ពោធដាក់ឱ្យដំណើរការតាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០៩ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ