រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ ថ្នាក់ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្តក្រុង ថ្នាក់ដឹកនាំត្រូវ ទទួលខុសត្រូវចំពោះថវិការាប់ម៉ឺនដុល្លារសម្រាប់ការអភិវឌ្ឍន៍ បើមិនបាត់ ឬគ្មានការអភិវឌ្ឍន៍ ត្រូវទទួលខុសត្រូវ ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះធ្វើវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង កាលពីថ្ងៃទី៥ កញ្ញានេះ សម្តេច ស ខេង ក៏បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចបង្កើនថវិកាថ្នាក់ក្រោមជាតិពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ខាងមុខនេះនៅថ្នាក់ឃុំសង្កាត់មានចំនួនពីរ៣ម៉ឺនដុល្លារទៅ៧ម៉ឺន៨ពាន់ដុល្លារ នៅឆ្នាំ២០២០ ហើយពី៧ម៉ឺន៨ពាន់ទៅ៨ម៉ឺនដុល្លារនៅឆ្នាំ២០២២ និង៨ម៉ឺន៥ពាន់ដុល្លារ ទៅ១១ម៉ឺនដុល្លានៅឆ្នាំ២០២៣ ។
សម្តេចបញ្ជាក់ថា ៖ «ថវិកានេះធ្វើយ៉ាងណាថ្នាក់ដឹកនាំមូលដ្ឋានត្រូវធ្វើការចេះប្រើមានន័យថាមនុស្សត្រូវមានសមត្ថភាពក្នុងការចាយវាយថវិកានេះឲ្យត្រឹមត្រូវតាមច្បាប់ និងប្រកបដោយប្រសិទ្ធភាព ។ ព្រោះថាកាលណាយកថវិកាមកហើយចាយគ្មានប្រសិទ្ធភាព និងខុសច្បាប់ថវិកានោះអាចនឹងបាត់បង់ទៅវិញ ។ លុយនេះត្រូវឯកភាពគ្នាហើយ គឺផ្ទេរត្រង់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅឃុំសង្កាត់នីមួយៗផ្ទាល់ ដោយមិនចាំបាត់ឆ្លងក្រសួងមហាផ្ទៃដូចមុនទេ»។
សម្តេចបន្ថែមថា ថវិកានេះមិនត្រូវឆ្លងកាត់ក្រសួងមហាផ្ទៃដូចមុនទេ គ្រាន់តែដឹងថា ថវិកានេះ មានចំនួនប៉ុន្មាន ? នៅថ្នាក់ស្រុកក៏ត្រូវផ្ទេរត្រង់ពីក្រសួងសេដ្ឋកិច្ចដែរ ដោយមិនចាំបាច់ដឹកដូចលើកមុននោះទេ ។ សម្តេចក៏លើកឡើងថា ថវិកានោះត្រូវបែងចែកច្បាស់លាស់ណាស់ គឺបើផ្ទេរទៅខេត្តប៉ុន្មាន គឺប៉ុណ្ណឹង ថ្នាក់ស្រុកប៉ុន្មាន គឺប៉ុណ្ណឹងហើយនៅថ្នាក់ឃុំសង្កាត់ប៉ុន្មាន គឺប៉ុណ្ណឹងដោយមិនចាំបែងចែក គឺខេត្តចែកឲ្យស្រុក ហើយស្រុកចែកឲ្យឃុំបន្តនោះទេ ។
សម្តេចបញ្ជាក់ថា ៖ «ការធ្វើបែបនេះវាមិនបាត់ទេ តែបើបាត់នៅកន្លែងឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុងនោះអស់ លោកត្រូវទទួលខុសត្រូវ ។ ព្រោះឥឡូវប៉ុស្តិ៍នគបាលឲ្យម៉ូតូ៤គ្រឿងចាំមើលប៉ុស្តិ៍ណាអស់មុនគេ ។ យើងធ្វើតាំងពីអត់មានលុយមួយកាក់មួយសេនរហូតដល់មានលុយ ហើយមានម៉ូតូទៀត ។ នៅឃុំក៏មានការផ្តល់ប្រេងផងដែរ» ។ សម្តេច ស ខេង ក៏គូសបញ្ជាក់ថា ការធ្វើបែបនេះដើម្បីធ្វើយ៉ាងណាឲ្យមានតម្លៃភាព និងគណនេយ្យភាពនៅក្នុងប្រភពគ្រប់គ្រងនៅតាមឃុំ សង្កាត់ ស្រុក ខេត្ត ។ សម្តេចថា ការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលនឹងប៉ះពាល់ជាមិនខាន ។ ការប៉ះនេះបើនិយាយគ្នានឹងស្រួល តែបើនិយាយមិនត្រូវគ្នា នឹងពិបាកជាមិនខាន ។ សម្តេចថា ក្រៅពីការសម្រួលបញ្ហាដែលត្រូវសម្រេច ប្រហែលជាមាន ការវះកាត់ខ្លះហើយចំពោះមន្ត្រីមួយចំនួន ព្រោះថា អស់រយៈពេលច្រើនឆ្នាំហើយធ្វើការមិនទៅមុខនោះទោះបីជាមានគោលនយោបាយកំណែទម្រង់ស៊ីជម្រៅតែបាននិយាយតែមាត់ ដល់ជ្រៅពិតមែនដកខ្លួនចេញ ។
សម្តេចលើកឡើងថា អ្នកខ្លះប៉ះទៅញ៉ាញប៉ះញ៉ញ ឆ្ងល់ដែរម្នាក់ៗកើតមកទូលផែនដីមក ឬយ៉ាងណា ? ទឹកដីរបស់ប្រជាជនយើងទាំងអស់គ្នា ដូច្នេះហើយយើងត្រូវតែមានផែនការរួម គឺដើម្បីប្រទេសជាតិមិនមែនធ្វើការ ដើម្បីអំណាចយើង ដើម្បីខ្លួនយើងទេសុំបញ្ជាក់ ។ ឥឡូវកែទម្រង់បានធ្វើដំណើរទៅហើយយើងបានរៀបចំរចនាសម្ព័ន្ធរួចហើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ