ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកស្ទឹង​សែន​ខេត្តព្រះវិហារ​បាន​ឡើង​ដល់​កម្ពស់​ប្រកាស​អាសន្ន​ហើយ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ជំនន់​ទឹកស្ទឹង​សែន​ខេត្តព្រះវិហារ​មានការ​ហក់​ឡើង​ខ្លាំង​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា​នេះ មាន​កម្ពស់​១១,៦០​ម៉ែត្រ ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ ។ ទោះជា​បែប​នេះ​ក្តី​អាជ្ញាធរ​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ពុំ​ទាន់​មានការ​លិចលង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ដងស្ទឹង​សែន​នៅឡើយ​ទេ ។…

ខេត្តព្រះវិហារ ៖ ជំនន់​ទឹកស្ទឹង​សែន​ខេត្តព្រះវិហារ​មានការ​ហក់​ឡើង​ខ្លាំង​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា​នេះ មាន​កម្ពស់​១១,៦០​ម៉ែត្រ ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ ។ ទោះជា​បែប​នេះ​ក្តី​អាជ្ញាធរ​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ពុំ​ទាន់​មានការ​លិចលង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ដងស្ទឹង​សែន​នៅឡើយ​ទេ ។

លោក យ៉ុ​ង គឹ​ម​ហឿ​ង នាយក​ខុទ្ទកាល័យ​ខេត្តព្រះវិហារ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈ​ក​ម្មា​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា មក​ទល់​ថ្ងៃ​ទី​០៥ ខែកញ្ញា​នេះ បើ​ទោះបីជា​ជំនន់​ទឹកស្ទឹង​សែន​ខេត្តព្រះវិហារ​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ក្តី​នៅ​គ្រប់​មូលដ្ឋាន​ស្រុក​ក្រុង​ដែល​ងាយ​រង​គ្រោះ​ពុំ​ទាន់​មាន​តួរ​លេខ​ណាមួយ​ជុំវិញ​ជំនន់​ទឹកភ្លៀង​ប៉ះពាល់​លិចលង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅឡើយ​ទេ តែ​លោក​បញ្ជាក់​ថា មានផ្ទះ​ប្រជាពលរដ្ឋ​ខ្លះ​ដែល​នៅ​កៀក​នឹង​ដងស្ទឹង​សែន​មានទឹក​បែក​វាល​ចូល​ក្រោមផ្ទះ​មួយ​ចំនួន ។

តែ​ទោះជា​បែប​នេះ​ក៏​ដោយ​លោក​ថា អាជ្ញាធរ​ខេត្ត​កងកម្លាំង និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ទាំង​ផ្នែក​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្នែក​សុខាភិបាល ស្បៀងអាហារ​នឹង​ទីទួល​សុវត្ថិភាព​គ្រប់​ស្រុក ប្រសិនបើ​ជំនន់​នឹង​បន្ត​ហក់​ឡើង​ខ្លាំង​អាជ្ញាធរ​នឹង​ជម្លៀស​ប្រជាជន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ភ្លាម​ៗ​តែ​ម្តង ដើម្បី​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​បាន​ទាន់​ពេលវេលា ។

លោក ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រះវិហារ​បាន​បញ្ជាក់​ថា ទឹកស្ទឹង​សែន​បាន​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ ដូច្នេះ​មន្ទីរ​ជំនាញ​បាន​ចេញ​សេចក្តីជូនដំណឹង​ទៅ​តាម​មូលដ្ឋាន​ស្រុក​ដែល​នៅ​ជាប់​ដងស្ទឹង​សែន​នៃ​ខេត្តព្រះវិហារ ដើម្បី​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកស្ទឹង​សែន​នេះ ។ លោក​ថា គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែកញ្ញា​នេះ ទឹកស្ទឹង​សែន​បាន​ឡើង​ដល់​កម្ពស់​១១,៦០​ម៉ែត្រ លើ​កម្ពស់​ទឹក​ប្រកាស​អាសន្ន​១១,៥០​ម៉ែត្រ ។ លោក​ថា ភ្លៀង​ធ្លាក់​នឹង​អូស​បន្លាយ​រយៈពេល​១​ស​ប្តា​ហ៍​ទៅ​មុខ​ទៀត ពិសេស​នៅ​តាម​ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំ​ត្បែងមានជ័យ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ហូរ​ធ្លាក់​ចូល​ស្ទឹង​សែន ។

សូម​បញ្ជាក់​ផង​ដែរ ក្នុង​ចំណោម​ស្រុក​ក្រុង​ទាំង​៨ នៃ​ខេត្តព្រះវិហារ​មាន​ក្រុង​ព្រះ​វិហារ ស្រុក​ត្បែងមានជ័យ ស្រុក​គូលែន ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ស្រុក​រវៀង ជា​ស្រុក​ក្រុង​ដែល​ងាយ​រង​គ្រោះ ព្រោះ​មាន​ប្រជាពលរដ្ឋ រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សែន ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ