ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​សម្រេច​បន្ថយទោស​ស្ត្រី​ជាប់​ពន្ធនាគារ​១៦៦​ឆ្នាំ មក​ជាប់​ពន្ធនាគារ​១៩​ឆ្នាំ​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ផ្នែក​មនុស្សធម៌ និង​ជំនួយ​ផ្នែក​ច្បាប់​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​ករណី​សំណុំរឿង​ជន​ជាប់​ឃុំ ពេជ្រ សូ​ណែ​ត សាលាឧទ្ធរណ៍​បាន​សម្រេច​កាត់ទោស​ជា​ថ្មី ដោយ​បន្ថយទោស​ពី​១៦៦​ឆ្នាំ មក​ជាប់​ពន្ធនាគារ​១៩​ឆ្នាំ​វិញ ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ផ្នែក​មនុស្សធម៌ និង​ជំនួយ​ផ្នែក​ច្បាប់​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​ករណី​សំណុំរឿង​ជន​ជាប់​ឃុំ ពេជ្រ សូ​ណែ​ត សាលាឧទ្ធរណ៍​បាន​សម្រេច​កាត់ទោស​ជា​ថ្មី ដោយ​បន្ថយទោស​ពី​១៦៦​ឆ្នាំ មក​ជាប់​ពន្ធនាគារ​១៩​ឆ្នាំ​វិញ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​កិច្ច​អន្តរាគមន៍​ផ្នែក​មនុស្សធម៌ និង​ជំនួយ​ផ្នែក​ច្បាប់​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ កញ្ញា​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​សំណុំរឿង​ជន​ជាប់​ឃុំ ពេជ្រ សូ​ណែ​ត ក្រុម​ការ​ផ្នែក​ច្បាប់​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ចុះ​សួរសុខទុក្ខ​ស្ត្រី​ជាប់​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ( ម​២) រាជធានី​ភ្នំពេញ កាលពី ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៩​កន្លង​ទៅ ។

ប្រតិភូ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដឹកនាំ​ដោយ​លោក កែវ រ៉េ​មី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា រួម​ជាមួយ​តំណាង​ក្រសួង​យុ ត្តិ​ធម៌​ក្រសួង​កិច្ចការ​នារី និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​បាន​ជួប​ជាមួយ​ស្ត្រី​ជាប់​ឃុំ មួយ​រូប​ឈ្មោះ ពេជ្រ សូ​ណែ​ត ដែល​មានកូន​ប្រុស​នៅ​ជាមួយ​អាយុ​៣​ឆ្នាំ និង​មាន​សាលក្រម​ផ្ត ន្ទា​ទោស​៩​សំណុំរឿង​ផ្សេង​គ្នា ដែល​ទោស​សរុប​បញ្ចូល​គ្នា​មាន​រហូត​ដល់​១៦៦​ឆ្នាំ ដោយ​មិន ទាន់​ធ្វើការ​ស្រប​ទោស​បញ្ចូល​គ្នា ។

ដោយ​មាន​ក្តី​អាណិតអាសូរ និង​ផ្អែក​លើ​គោលការណ៍​មនុស្សធម៌​ក៏​ដូច​ជា គោលការណ៍​សិទ្ធិ មនុស្ស លោក កែវ រ៉េ​មី បាន​សម្រេច​ជួយ​ធ្វើ​អន្តរាគមន៍​ផ្នែក​មនុស្សធម៌ និង​ផ្តល់​នូវ​ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី​ជាប់​ឃុំ​ឈ្មោះ ពេជ្រ សូ​ណែ​ត និង​ទទួល​បាន​នូវ​លទ្ធផល​ដូច​ខាងក្រោម ៖ ក្នុង​កិច្ច​អន្តរាគមន៍​ផ្នែក​មនុស្សធម៌ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ធ្វើការ​ទំនាក់ទំនង ជាមួយ​អង្គការ​ដៃគូ​ផ្សេង​ៗ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ទទួលយក​កូនប្រុស​អាយុ​៣​ឆ្នាំ​របស់​ស្ត្រី​ជាប់​ឃុំ ពេជ្រ សូ​ណែ​ត ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​ផ្តល់​ការ​អប់រំ និង​រស់នៅ​ក្នុង​បរិយាកាស​ដែល​ប្រសើរ ។

ជា​លទ្ធផល ក្រោម​ការ​សម្របសម្រួល​ពី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ជាមួយ​គ្រប់​ភាគី ពាក់ព័ន្ធ កុមា​រា​ដែល​ជា​កូន​របស់​ស្ត្រី​ជាប់​ឃុំ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​អង្គការ​«​ការ​អភិវឌ្ឍន៍​កុមារ​កម្ពុជា​» ស្ថិត​នៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​ចិញ្ចឹម​បីបាច់​ថែរក្សា និង​ផ្តល់​ការ​អប់រំ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ ។ ចំពោះ​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ក្នុង​សំណុំរឿង​នេះ​ដោយ​មានការ​ស្នើ​សុំ​ពី​ស្ត្រី​ជាប់​ឃុំ ពេជ្រ សូ​ណែ​ត កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ផ្តល់​នូវ​មេធាវី​២​រូប​នៃ​ក្រម​មេធាវី​សិទ្ធិ​មនុស្ស​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​លោក មេធាវី ខៀវ តុលា និង​លោកស្រី​មេធាវី លឹ​ម ច័ន្ទ​លី​ដា ដើម្បី​ធ្វើការ​ការពារ​ក្តី​ជូន​ពិរុទ្ធជន​រូប​នេះ ក្នុង​ដំណើរការ​នីតិវិធី​បន្ត​នៅ​សាលាឧទ្ធរណ៍ ។

ពិរុទ្ធជន ពេជ្រ សូ​ណែ​ត ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​សរុប​ចំនួន​១៦៦​ឆ្នាំ ទៅ​លើ​៩​សំណុំរឿង កាលពី​អំឡុង​ឆ្នាំ​២០១៧ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​ហិង្សា (​ប្លន់​ម៉ូតូ​) និង​ដោយសារ​មាន​មរណភាព​នៃ​ជន​រង​គ្រោះ ការ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ត្រូវ​បាន​ពិរុទ្ធជន​រូប​នេះ​ប្តឹង​ឧទ្ធរណ៍​ទៅ​នឹង​សាលក្រម​ទាំង​៩​ខាងលើ នៅ​ក្នុង​អំឡុង​នេះ​ដែរ ។ គិត​មក​ដល់​ថ្ងៃ​បើក​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ ឈ្មោះ ពេជ្រ សូ​ណែ​ត ត្រូវ​បាន​ឃុំខ្លួន​ចំនួន​៣​ឆ្នាំ​៧​ខែ និង​២២​ថ្ងៃ (​ថ្ងៃ​ឃុំខ្លួន​១៦ ខែធ្នូ ឆ្នាំ​២០១៥) ។

ជា​លទ្ធផល​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​មេធាវី​សិទ្ធិ មនុស្ស​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​ការ​ការពារ​ក្តី​ជូន​ពិរុទ្ធជន​ឈ្មោះ ពេជ្រ សូ​ណែ​ត សាលាឧទ្ធរណ៍​បាន​ធ្វើការ​ប្រកាស​នូវ​សាលដីកា​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ដោយ​សម្រេច​ឱ្យ ឈ្មោះ ពេជ្រ សូ​ណែ​ត រួច​ផុត​បទ​ចោទ​ចំនួន​៨​សំណុំរឿង​ពី​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ដោយសារ​មរណភាព​នៃ​ជន​រង​គ្រោះ (​ប្លន់​យក​ម៉ូតូ និង​សម្លាប់​ជន​រង​គ្រោះ​) កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត លើ​៩​សំណុំរឿង ដែល​សាលាដំបូង​បាន​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ចំនួន​១៦៦​ឆ្នាំ ។

ក្នុង​ចំណោម​៨​សំណុំរឿង​នោះ មាន​១​សំណុំរឿង​បាន​ប្តូរ​បទ​ចោទ​មក​បទល្មើស​មិន​បរិហារ​ពី​បទល្មើស​ផ្តន្ទាទោស​ចំនួន​១​ឆ្នាំ ហើយ​ចំណែកឯ​សំណុំរឿង​១​ទៀត​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ផ្តន្ទាទោស​ចំនួន​១៨​ឆ្នាំ ។ ដូច្នេះ​សរុប​ទោស​ដែល​ពិរុទ្ធជន ពេជ្រ សូ​ណែ​ត ជាប់​តាម​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​មាន​២​សំណុំរឿង ដែល​មានទោស​សរុប​ចំនួន​១៩​ឆ្នាំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ