ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ច្រាំង​ទន្លេ​កំពុង​គំរាមកំហែង ពលរដ្ឋ​រាប់រយ​គ្រួសារ​សុំ​សម្តេច​តេ​ជោ​ជួយ (មានវីដេអូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម​ត្រង់​ចំណុច​ឃុំ​ព្រែក​ទន្លាប់ ឃុំ​ព្រែក​ដាច់ និង​ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​បង្ខំចិត្ត​រុះរើ និង​រុញ​ផ្ទះ​ទៅ​រក​កន្លែង​សុវត្ថិភាព​ស្នាក់​នៅ​បណ្តោះអាសន្ន​ជា​បន្តបន្ទាប់​ចំនួន​ជាង​១០​ខ្នង​ទៀត​ហើយ សម្រាប់​ឆ្នាំ​២០១៩​នេះ ខណៈ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ទៀត​កំពុង​រង​ការ​គំរាមកំហែង​។…

ខេត្តកណ្តាល​៖ គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម​ត្រង់​ចំណុច​ឃុំ​ព្រែក​ទន្លាប់ ឃុំ​ព្រែក​ដាច់ និង​ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​បង្ខំចិត្ត​រុះរើ និង​រុញ​ផ្ទះ​ទៅ​រក​កន្លែង​សុវត្ថិភាព​ស្នាក់​នៅ​បណ្តោះអាសន្ន​ជា​បន្តបន្ទាប់​ចំនួន​ជាង​១០​ខ្នង​ទៀត​ហើយ សម្រាប់​ឆ្នាំ​២០១៩​នេះ ខណៈ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ទៀត​កំពុង​រង​ការ​គំរាមកំហែង​។

បើ​តាម​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​បានអោយ​ដឹង​ថា កាលពីមុន​ដី​របស់​ពួក​គាត់​ម្នាក់​ៗ​មាន​ពី​៨០​ទៅ​ជាង​១០០​ម៉ែត្រ​ឯណោះ ប៉ុន្តែ​រយៈពេល​៥​ទៅ​៦​ឆ្នាំ​នេះ​កន្លង​មកនេះ គ្រោះ​ធម្មជាតិ​បាន​លេប​ត្របាក់​មួយ​ឆ្នាំ​បន្តិច​ៗ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​បង្ខំចិត្ត​រុះរើ​ផ្ទះ​ចាកចេញ ។

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាន​បន្ត​ថា ដោយ​ប្រជាពលរដ្ឋ​ខ្លះទៅ​ស្នាក់​នៅ​លើ​ដី​កម្មសិទ្ធិ​ខ្លួនឯង​នៅ​កន្លែង​ផ្សេង និង​ខ្លះ​ទៀតរ​ត់ទៅ​សូម​ដី​បងប្អូន ឬ​ដី​សាលារៀន​, ដី​វត្ត​, ដី​ប្រឡាយ​សាធារណៈ​ដើម្បី​សង់​ជំរក​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន ខណៈ​មិន​ទាន់​មាន​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជូន​ផង ស្រាប់តែ​ក្នុង​ឆ្នាំ​២០១៩​នេះ គ្រោះ​បាក់​ច្រាំង​ទន្លេ​ត្រង់​ចំណុច​ឃុំ​ខ្ពប​អា​ទាវ​ម្តង​បាន​បាក់​ម្តង​បន្តិច​ៗ​អស់​ប្រហែល​ប្រវែង​២០​ម៉ែត្រ​គុណ​នឹង​ជាង​២០០​ម៉ែត្រ​ទៀត ធ្វើ​អោយ​ផ្ទះ​ប្រជា​ពលរ​ដ្ធ​ជិត​២០​ខ្នង​ត្រូវ​បង្ខំចិត្ត​រុះរើ និង​រុញ​ទៅ​រក​កន្លែង​សុវត្ថិភាព​ផង​ដែរ​។

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ចំពោះ​ការ​រុះរើ​និង​រុញ​ផ្ទះ​ចេញ​នេះ ពួក​គាត់​បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ម្នាក់​ៗ​អស់​រាប់​ពាន់​ដុល្លារ រួម​ទាំង​ថ្លៃ​ឈ្នួល​ជាង ស្រប​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ជួប​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​ផង​នោះ​។

ប្រជាពលរដ្ឋ​រង​គ្រោះ​បញ្ជាក់​បន្ថែម​ថា កន្លង​មក​បញ្ហា​ខាងលើ​នេះ​ក៏​មាន​អាជ្ញាធរ​ស្រុក និង​កាកបាទក្រហម​យកចិត្តទុកដាក់​ចុះ​មក​ណែនាំ​អោយ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​និង​ផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន​ជួយ​រំលែក​ទុក្ខ​លំបាក​របស់​ពួក​គាត់​ដែរ តែ​វា​មិន​គ្រប់គ្រាន់​ឡើយ គ្រាន់​ជួយ​សម្រាល​ឱ្យ​រួច​ផុត​ការ​លំបាក​បាន​មួយ​គ្រា​ៗ​ប៉ុណ្ណោះ​។ បើ​គ្រោះ​បាក់​ច្រាំង​ទន្លេ​នៅ​តែ​បន្ត​បាក់​ជា​រៀង​រាល់​ឆ្នាំ​បែប​នេះ តើ​អោយ​រំពឹង​អ្វី​ទៀត បើ​ដីចំការ​ជា​ក្តី​សង្ឃឹម​របស់​ពួក​គាត់​បាន​បាក់​ចូល​ទៅ​ក្នុង​បាតទន្លេ​អស់​គ្មាន​សល់​បែប​នេះ តើ​បាន​ដី​មកពីណា​សម្រាប់​បង្កបង្កើន​ផល​ចិញ្ចឹមជីវិត​ជា​បន្ត​ទៀត​នោះ​។

ប្រជាពលរដ្ឋ​ខាងលើ​សូម​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ មេត្តា​ជួយ​អោយ​មន្ត្រី​ជំនាញ​ចុះ​មក​សិក្សា​ដើម្បី​ទប់​ច្រាំង​ទន្លេ​កុំអោយ​បាក់​ជា​បន្ត​ទៀត បើ​មិន​ដូច្នោះ​ទេ ឆ្នាំ​ក្រោយ​ៗ​អាច​នឹង​បាក់​រាលដាល​ដល់​ផ្លូវ​វាង​ដែល​កំពុង​ស្ថាបនា​មិន​ទាន់​រួចរាល់​ផង​នោះ ។

គួរ​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០១៩​នេះ​នៅ​ចំណុច​ឃុំ​ព្រែក​ទន្លាប់ និង​ឃុំ​ព្រែក​ដាច់ ពុំ​មាន​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ​ចេញ​ឡើយ គ្រាន់តែ​រង​គ្រោះ​បាក់​ដី​ច្រាំង​ទន្លេ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​ប៉ុន្តែ​ក្នុង​ឃុំ​ទាំង​៣​ខាងលើ នៅ​មានផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ទៀត​កំពុង​រង​ការ​គំរាមកំហែង​ពី​គ្រោះ​បាក់​ច្រាំង​ទន្លេ​នេះ​ផង​ដែរ​។

ពាក់ព័ន្ធ​បញ្ហា​គ្រោះ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម​នេះ លោក​ចាប ច័ន្ទ​វិទ្យា អភិបាល​នៃ​គណៈ​អភិបាលស្រុក​លើក​ដែក​បានឱ្យ​ដឹង​ថា កន្លង​មក លោក​និង​ក្រុមការងារ​តែងតែ​ចុះ​ទៅ​ពិនិត្យ​មើល​និង​បាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ព្រមទាំង​ជំរុញ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ប្រជា​ពលរ​ដ្ធ​ជា​ប្រចាំ​។

លោក​អភិបាលស្រុក​លើក​ដែក​បាន​បន្ត​ថា ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​ប្រជា​ពលរ​ដ្ធ​ជួសជុល​ធ្វើ​ច្រាំង​ទន្លេ​នោះ ឥឡូវនេះ​ខាង​រដ្ឋបាល​ខេត្ត​បាន​ធ្វើ​របាយការណ៍​មួយ​ស្នើ​សុំ​ទៅ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករ​ដ្ធ​មន្ត្រី រ​ដ្ធ​មន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​ការងារ​នេះ ក្រុមការងារ​ដឹកនាំ​ដោយ​លោក​ឡាំ ជា រ​ដ្ធ​លេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​បាក់​ច្រាំង​ទន្លេ បាន​ប្រគល់​តួនាទី​ភារកិច្ច​អោយរ​ដ្ធ​បាល​ស្រុក​សិក្សា​វាយតម្លៃ​ផល​ប៉ះពាល់​ចាប់តាំងពី​រយៈពេល​នៃ​ការ​បាក់​ច្រាំង​ទន្លេ​ឆ្នាំ​២០១៣​រហូត​មក​ដល់​ឆ្នាំ​២០១៩​នេះ និង​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ ដើម្បី​ក្រសួងមហាផ្ទៃ​ធ្វើ​បទ​អន្តរាគមន៍​ជូន​ដល់​ក្រសួង​ពាក់ព័ន្ធ​អោយ​មាន​វិធានការ​និង​ការ​កសាង​ច្រាំង​ទន្លេ​ដែល​បាន​បាក់​នេះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ