រឿងរ៉ាវខ្លះដែលបានកើតឡើងដល់យើង ដំបូងយើងអាចយល់ឃើញថា វាជារឿងអាក្រក់ ជារឿងគ្រោះកាចដ៏ក្រៃលែង តែលុះដល់ពេលដែលយើងបានអាស្រ័យនូវបញ្ញា ពិចារណារកផ្លូវដោះស្រាយដ៏ម៉ត់ចត់ ព្រមដោយការបាននូវកម្លាំងចិត្តដ៏មាំមួនសម្រាប់ប្រឹងប្រែង ព្យាយាមក្នុងការដោះស្រាយទៀតផងនោះ ហេតុការណ៍ដែលថា អាក្រក់ហ្នឹងឯងក៏បានធ្វើឲ្យយើងសម្រេចនូវប្រយោជន៍ដ៏ច្រើនទៅវិញ ។
ហេតុនេះដើម្បីសេចក្តីស្ងប់សុខនៃចិត្តសន្តានរបស់យើងប្រព្រឹត្តទៅដោយល្អ គឺយើងត្រូវចេះសម្លឹងមើលហេតុការណ៍ផ្សេងៗ នៅក្នុងផ្នែកល្អជាមុនសិន ឬត្រូវចេះពិចារណាដោយការធ្វើសមាធិភាវនាឲ្យបានរឿយៗថា កិច្ចការអ្វីក៏ដោយឱ្យតែធ្វើដោយបញ្ញានឹងទទួលលទ្ធផលគឺល្អដូចៗគ្នា ។
ដូច្នេះហេតុការណ៍អ្វីក៏ដោយដែលកើតឡើងភ្លាមកុំអាលវាយតម្លៃតែក្នុងផ្លូវអាក្រក់នោះ ត្រូវមើលឃើញក្នុងផ្លូវល្អខ្លះផង ដូចពាក្យចាស់ពោលថា បើចង់ដឹងច្បាស់ថាទឹកនោះជ្រៅឬរាក់ ត្រូវចុះទៅក្នុងទឹកទើបប្រាកដជាក់ ការវាយតម្លៃដោយស្មានៗគឺមិនប្រាកដជាក់ឡើយ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ