ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីផ្ទុះបាតុភាពរបស់ប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ បានផ្តិតមេដៃសុំដកលោក តុប ឆាន មេភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរនោះ កាលពីព្រឹកថ្ងៃទី៤ កញ្ញា ក្រុមការងារចម្រុះថ្នាក់ស្រុក បានកោះអញ្ជើញប្រជាពលរដ្ឋក្នុងភូមិ មកចូលរួមប្រជុំពិភាក្សានិងដោះស្រាយនូវបាតុភាពខាងលើនេះ ដោយមានការអញ្ជើញចូមរូមពីលោកប្រធាន ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកមេឃុំ មេភូមិនិងប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ។
លោក សេង វិចិត្រ អភិបាលរងស្រុករលារប្អៀរបានលើកឡើងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងដែលមានស្នាមមេដៃជាង១០០នាក់ ស្នើសុំដកលោក តុប ឆាន មេភូមិទ្រាត្បូង លោកអភិបាលខេត្តបានឱ្យមន្ត្រីចម្រុះថ្នាក់ស្រុក ចុះមកស្រាវជ្រាវនិងធ្វើរបាយការជូនលោកវិញ ដើម្បីចង់ដឹងរឿងឱ្យបានច្បាស់ ហេតុនេះហើយ សូមអោយប្រជាពលរដ្ឋ ដែលមកចូលរួមក្នុងថ្ងៃនេះលើកឡើងនៅគុណវិបត្តិ ដែលនាំឱ្យចង់ដកមេភូមិចាស់ដាក់មេភូមិថ្មី ។
ប្រជាពលរដ្ឋដែលមិនពេញចិត្តនិងលោកមេភូមិបានលើកឡើងថា មាន៣ចំណុចដែលប្រជាពលរដ្ឋស្នើសុំដកលោកមេភួមិចេញ ទី១-មេភូមិបានប្ដឹងប្រជាពលរដ្ឋខ្លួនឯងទៅតុលាការប្ដឹងទៅលោកមេឃុំ ជាច្រើនដង ដោយមិនមានការយោគយល់ដល់ប្រជាពលរដ្ឋជាកូនចៅឡើយ ខណៈដែលគាត់ជាមេភូមិជាម៉ែជា
ឪ ។ ទី២-ប្រជាពលរដ្ឋទៅរកគាត់ ដើម្បីចុះហត្ថលេខាលើលិខិតផ្សេងៗ លោកមេភូមិរូបនោះតែងតែប្រើពាក្យអសុរោះ ប្រមាថ មកលើប្រជាពលរដ្ឋ និងទារសេវាថ្លៃពេកដូចជាពេលប្រជាពលរដ្ឋ លក់ដីស្រែ ដីចំការបាអោយសេវាលោកមេភូមិ៥០ដុល្លារ គាត់មិនយកទេ គាត់ទារដល់ទៅ១០០ដុល្លារ ។ ពេលប្រជា ពលរដ្ឋធ្វើបុណ្យទាន ឬមង្គលការ សុំលោកមេភូមិដាក់ប្រជាការពារជួយការពារ លោកមេភូមិទារដល់២៥ ម៉ឺន ប្រជាពលរដ្ឋ ឃើញថ្លៃពេក ក៏ទៅជួលប្រជាការពារភូមិផ្សេងត្រឹម១៤ម៉ឺនរៀល លោកមេភូមិជេរច្រាសឆ្អេះតាមមេក្រូថា «ភូមិខ្លួនឯងមិនជួលទេ ទៅជួលភូមិដទៃចាំមើលមេអាសន្នអន់ក្រ ដូចជាភ្លើងឆេះផ្ទះ ចាំទៅហៅអ្នកភូមិផ្សេងអោយទៅជួយទៅ! កុំហៅអ្នកភូមិខ្លួនឯង !» ។ ពេលខ្លះ ពលរដ្ឋលក់គោមួយ ឱ្យលោកមេភូមិត្រឹម៥ពាន់រៀល មិនយកទេ លោកមេភូមិទារហូតទៅដល់២ម៉ឺនរៀលទើប
យក ។ រីឯទី៣-គឺលោកមេភូមិមាន រឿងទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋជាច្រើនករណី ។
ទោះបីជាយ៉ាងនេះក្តី បន្ទាប់ពីស្ដាប់ភាគីទាំងសងខាងរួចមក លោក សេង វិចិត្រ អភិបាលរងស្រុករលា ប្អៀរជាមួយ លោកសោម វឺន ប្រធានក្រុមប្រឹក្សាស្រុក និងលោកមេឃុំ រួមទាំងប្រជាពលរដ្ឋ បានឯកភាពគ្នា ដើម្បីធ្វើប្រជាមតិដោយធ្វើការបោះឆ្នោត ។
ជាលទ្ធផលការបោះឆ្នោតប្រជាពលរដ្ឋចំនួន146នាក់ គឺបានបោះឆ្នោតគាំទ្រឲ្យលោកមេភូមិ ឈ្មោះ តុប ឆាន ឱ្យបន្តអាណត្តិរបស់ខ្លួនទៀតមាន116នាក់ ។ ចំណែកប្រជាពលរដ្ឋបោះសុំដកលោកមេភូមិចាស់ចេញដាក់មេភូមិថ្មី គឺមានចំនួន30នាក់ប៉ុណ្ណោះ ។ ចុងក្រោយនៃកិច្ចដោះស្រាយ នៅព្រឹកដដែល លោកសេង វិចិត្រ បានមានប្រសាសន៍ថា ការប្រជុំថ្ងៃនេះ គឺដើម្បីស្រង់ព័ត៌មាន និងយករបាយការណ៍នៃអង្គប្រជុំដាក់ជូនទៅអភិបាលខេត្ដ ដើម្បីសម្រេចតែប៉ុណ្ណោះ ហើយអាជ្ញាស្រុកមិនហ៊ានដោះស្រាយយ៉ាងណាទេ ។
ប៉ុន្តែលោកស្នើសុំឱ្យលោកមេភូមិជម្រុះចោលនូវគុណវិបត្តិដែលប្រជាពលរដ្ឋបានលើកឡើង និងសូមអោយប្រជាពលរដ្ឋ យោគយល់អធ្យាស្រ័យ និងសូមសាមគ្គីគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដើម្បីអភិវឌ្ឍន៍ក្នុងភូមិបន្តទៀត ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ