រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៦ ខែសីហា កន្លងទៅនេះ បុគ្គលិកនៅអង្គការសុវណ្ណកុមារត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ហើយនៅថ្ងៃទី២៣ ខែសីហា ពួកគេត្រូវបានបញ្ឈប់ពីការងារដោយផ្អែកទៅលើភស្តុតាងនៃការប្រព្រឹត្តអំពើខុសច្បាប់ដែលបានរកឃើញ។
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោក អារុណ សុធា នាយកប្រតិបត្តិរបស់អង្គការសុវណ្ណកុមារបានទទួលលិខិតបញ្ឈប់ការងារ តាមរយៈអ៊ីម៉ែល ដែលមានការចុះហត្ថលេខាដោយលោកស្រី Kara Heide ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃ Golden Children, Inc ដែលគ្រប់គ្រងអង្គការអន្តរជាតិ Sovann Komar LLC បានបញ្ជាក់ពីមូលហេតុនៃការបញ្ឈប់ការងារនេះដូច តទៅ៖
«ការបោកប្រាស់ផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់មូលនិធិរបស់អង្គការមិនត្រឹមត្រូវ អំពើពុករលួយ ការរំលោភការទុកចិត្ត ការរំលោភបំពានលើរាងកាយ ការបង្កឱ្យមានបរិយាកាសដែលពោរពេញដោយហិង្សា ការធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងសុខុមាលភាពរបស់កុមារដោយបានដឹងអំពីការរំលោភបំពានលើរាងកាយ និងផ្លូវភេទ ការធ្វេសប្រហែស ការមិនបំពេញភារកិច្ច បក្ខពួកនិយម និងការបង្ខិតបង្ខំ»។
ក្រុមមេធាវីកម្ពុជាមកពី Sovann Komar LLC មានវត្តមានក្នុងអំឡុងពេលបញ្ឈប់ការងារនេះ។ Sovann Komar LLC កំពុងបន្តចាត់វិធានការតាមផ្លូវច្បាប់ដើម្បីដោះស្រាយអំពីការប្រព្រឹត្តអំពើរមិនត្រឹមត្រូវ ព្រមទាំងការបង្ហោះព័ត៌មានមិនពិត និងភាពភាន់ច្រលំផ្សេងៗទាក់ទងនឹងកុមារនៅលើទំព័រហ្វេសប៊ុករបស់ Sovann Komar LLC ។
យោងតាមលិខិតចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយលោកស្រី Kara Heide សន្តិសុខនៅអង្គការសុវណ្ណកុមារត្រូវបានបញ្ឈប់ «ដើម្បីធានាសុវត្ថិភាពរបស់កុមារ»។
លិខិតបញ្ឈប់ការងារនេះ ត្រូវបានប្រគល់ជូន និងទទួលយកដោយក្រសួង និងអាជ្ញាធរដូចខាងក្រោម ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងក្រសួងមហាផ្ទៃដែលនឹងបន្តទទួលដំណឹងទាក់ទងពីការវិវឌ្ឍក្នុងករណីនេះផងដែរ។
កាលពីថ្ងៃទី៣ ខែកញ្ញា មានបាតុកម្មមួយបានធ្វើឡើងនៅមុខសាលាសុវណ្ណកុមារពីសំណាក់អតីតបុគ្គលិករបស់អង្គការសុវណ្ណកុមារ។ ហើយគេជឿថា បាតុកម្មនេះត្រូវបានរៀបចំឡើងដោយបុគ្គលិកដែលត្រូវបានបញ្ឈប់។ ក្រុមអ្នកបាតុកម្មបានអះអាងថា ពួកគេបានរង់ចាំដោយអត់ធ្មត់ដើម្បីរកដំណោះស្រាយចំពោះស្ថានភាពរបស់ពួកគេ។ នៅក្នុងខ្សែវីដេអូ អ្នកបាតុកម្មម្នាក់បាននិយាយថា «តើអ្នកមានសិទ្ធិ អ្វីដេញយើងចេញ?» ដោយយោងទៅលើតំណាងស្របច្បាប់របស់អង្គការសុវណ្ណកុមារ គឺលោក Brad Gordon ដែលកាន់អំណាចជាមេធាវីរបស់ Sovann Komar LLC ។
តែបើយោងតាមលិខិតបញ្ឈប់ការងារនោះ បុគ្គលិកដែលត្រូវបានបញ្ឈប់ដោយគ្មានមូលហេតុនឹងត្រូវទទួលបាន «ប្រាក់បំណាច់តាមការផ្តល់ជូនយ៉ាងពេញលេញក្រោមច្បាប់របស់កម្ពុជាសម្រាប់ការបញ្ឈប់ការងារដោយគ្មានមូលហេតុ»។ លើសពីនេះទៅទៀត បុគ្គលិកទាំងអស់ត្រូវបានអញ្ជើញមកអង្គការសុវណ្ណកុមារ ដើម្បីពិនិត្យប្រាក់បំណាច់នោះ ប៉ុន្តែមានបុគ្គលិកតែម្នាក់គត់ដែលបានមកពិនិត្យ។ មានហេតុផលដែលគួរឱ្យជឿថា លោកស្រី មរកត ជាតិ ចាន់ អតីតគណនេយ្យករនៅអង្គការសុវណ្ណកុមារ បានប្រាប់បុគ្គលិកដែលត្រូវបានបញ្ឈប់មិនឱ្យវិលត្រឡប់មកជួបយើងវិញ ហើយបានបង្គាប់ឱ្យពួកគាត់ធ្វើបាតុកម្មទៅវិញ។ បណ្តឹងព្រហ្មទណ្ឌចំពោះការក្លែងបន្លំកំពុងត្រូវបានរៀបចំឡើងប្រឆាំងនឹងលោកស្រី ជាតិ ចាន់។
យោងតាមលិខិតបញ្ឈប់ការងារនោះ អតីតប្រធានសន្តិសុខនៅអង្គការសុវណ្ណកុមារ ត្រូវបានបញ្ឈប់ពីការងារដោយមានមូលហេតុចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ដោយសំអាងលើព័ត៌មានមិនពិត និងភាន់ច្រលំដែលបានបង្ហោះលើហ្វេសប៊ុករបស់លោក។ បណ្តឹងព្រហ្មទណ្ឌកំពុងត្រូវបានរៀបចំឡើងប្រឆាំងនឹងអតីតប្រធានសន្តិសុខ។
Sovann Komar LLC បានដាក់ក្រុមការងារជំនាញថ្មីដើម្បីដឹកនាំ និងថែរក្សាប្រតិបត្តិការរបស់អង្គការ និងកុមារៗ ដែលនៅក្រោមការមើលថែទាំរបស់អង្គការកុមារនេះ។ Sovann Komar LLC និងក្រុមការងារជំនាញថ្មីទាំងនេះ នៅតែប្តេជ្ញាចិត្តដើម្បីធានាសុវត្ថិភាពដល់កុមារនៅសុវណ្ណកុមារ។
លោកស្រី Heide បានមានប្រសាសន៍ថា ជំហ៊ានចាំបាច់ទាំងអស់ត្រូវបានអនុវត្តដោយផ្តោតទៅលើសុវត្ថិភាព និងផលប្រយោជន៍ល្អបំផុតសម្រាប់កុមារ។ «យើងកំពុងតែយកចិត្តទុកដាក់លើការប្រព្រឹត្តខុសនេះយ៉ាងតឹងរឹងបំផុត ហើយការធានាសុវត្ថិភាព និងសុខុមាលភាពរបស់កុមារនៅអង្គការសុវណ្ណកុមារ គឺជាអាទិភាពទីមួយរបស់យើង»។
អាជ្ញាធរ និងម្ចាស់ជំនួយកំពុងចាប់អារម្មណ៍ពីព័ត៌មានបន្ថែមស្តីពីការប្រព្រឹត្តមិនត្រឹមត្រូវរួមមានការលួចបន្លំ ការរំលោភបំពាន និងអំពើពុករលួយផ្សេងៗ ដើម្បីឱ្យភាគីមានកំហុសទាំងអស់អាចត្រូវបានកាត់ទោស។ យើងសូមលើកទឹកចិត្តដល់អ្នកដែលបានដឹងព័ត៌មានទាំងនេះឱ្យទាក់ទងមកយើងតាមរយៈ ៖ អ៊ីម៉ែល៖ Sovannkomarmedia@gmail.com/ លេខទូរស័ព្ទ ៖ 081741423 ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ