ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កញ្ចក់​ខ្មៅ​ និង​រថយន្ត​​ពាក់​ស្លាក​លេខ​ខេមរ​ភូមិន្ទ​នគរ​បាល​នៅតែ​​​មាន​​ផែន​ការ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាល​ពី​ថ្ងៃ​ទី​២៥ មីនា យុទ្ធ​នា​ការ​​​បក​រថយន្ត​បិទ​​​ស្ទិក​ឃ័រ​កញ្ចក់​ខ្មៅ​ នៅខណ្ឌ​សែន​សុខ ​ដែល​ដឹក​នាំ​ដោយ​លោក​ជា ខេមា អភិ​បាល​រង​ខណ្ឌ លោក​ជា វិបុល អធិ​ការ​​រង​ខណ្ឌ និង​លោក​មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌ​បាន​ចាប់​ផ្តើម​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​ចំណុច​​ទល់​មុខ​​អង្គ​ការ​កាក​បាទ​ក្រហម​​លើ​ផ្លូវ​​លេខ​២៧១ ក្នុ​ងភូមិ​​ត្រពាំងឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​។ គ្រាន់​តែ​ដាក់​ប៉ុស្តិ៍​​ត្រួត​ពិនិត្យ​​រថយន្ត​បិទ​កញ្ចក់​​ខ្មៅ​​រយៈ​ ពេល​ជាង​៣​ម៉ោង​ប៉ុណ្ណោះ រថយន្ត​ទំនើបៗ​ចំនួន​២០​គ្រឿង ​ត្រូវ​​បាន​សមត្ថ​កិច្ច​បក​កញ្ចក់​ខ្មៅ​ទាំង​ស្រុង ហើយ​​ធ្វើ​ការ​ផាក​ពិន័យ​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​មួយ​គ្រឿង​ថែម​ទៀត​ផង ។ ​

ក្នុង​យុទ្ធ​នា​ការ​​បក​រថយន្ត​កញ្ចក់​ខ្មៅ​នេះ​លោក​ជា ខេមា ​បាន​បញ្ជា​ឱ្យ​ម្ចាស់​​រថយន្ត​​ដែល​បិទ​កញ្ចក់​ខ្មៅ​ត្រូវ​បក​ដោយ​ខ្លួន​ឯង ហើយ​​សមត្ថ​កិច្ច​ជា​អ្នក​ឈរ​មើល​ បន្ទាប់​ពី​បក​កញ្ចក់​ខ្មៅ​រួច​ រថយន្ត​ត្រូវ​បាន​​ផាក​ពិន័យ​​ចំនួន​៥​ម៉ឺន​រៀល​ថែម​ទៀត ។​ ទោះ​បី ជា​យ៉ាង​ណា​ប្រជា​ពល​រដ្ឋ​ដែល​ឈរ​មើល​សកម្ម​ភាព​របស់​សមត្ថ​កិច្ច​ចាត់​វិធា​នការ​​បក​រថយន្ត​បិទ​កញ្ចក់​ខ្មៅ​បាន​ផ្តល់​យោ​បល់​ថា ការ​បក​រថយន្ត​កញ្ចក់​ខ្មៅ​របស់​សមត្ថ​កិច្ច​និង​ការ​​ពិន័យ​ប្រាក់​៥​ម៉ឺន​រៀល​​នេះ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ ​គួរ​តែ​ឃាត់​រថយន្ត​បិទ​កញ្ចក់​ខ្មៅ​ទាំង​នេះ យក​ទៅរក្សា​ទុក​នៅ​ការិយា​ល័យ​ប៉ូលិស​​ឱ្យ​បាន​យូរ​បន្តិច ​ទើប​​រាង​ចាល​ខ្លះ ។

ប្រជា​ពល​រដ្ឋ​បាន​បន្ត​ថា រថយន្ត​បិទ​កញ្ចក់​ខ្មៅ​ហាក់​​ដូច​ជា​កាន់​​តែ​កើន​ឡើង​​ពេល​បច្ចុ​ប្បន្ន ហើយ​ធ្វើ​ចរា​ចរណ៍​ពេញ​រាជធានី​ភ្នំពេញ​ ​បើ​ទោះ​បី​សមត្ថ​កិច្ច​រឹត​បណ្តឹង​​​យ៉ាង​ណា​​ក៏ដោយ ។ ចំណែក​​រថយន្តមាន​ស្លាក​លេខ​ខេមរ​ភូមិន្ទ​មិន​មែន​ពណ៌​​ត្រេអ៊ី និង​រថយន្ត​​ពាក់​ស្លាក​លេខ​នគរ​បាល​ក៏​មាន​ចំនួន​កើន​​ឡើង​មិន​តិច​​ដែរ មិន​ដឹង​ថា ជា​ស្លាក​លេខ​សេះ​ហោះ ឬ​យ៉ាង​ណា​​នោះ​ទេ ។ ចំពោះ​សមត្ថ​កិច្ច​វិញ បាន​អះ​អាង​ថា យុទ្ធ​នា​ការ​​បក​កញ្ចក់​​ខ្មៅ គឺ​ធ្វើ​ដូច​ភ្លៀង​រលឹម ៕