ខេត្តកណ្តាល ៖ ដូងក្រអូបនិងដូងតុកកែវៀតណាម កំពុងធ្វើឲ្យអ្នកភូមិកោះខែល ធ្វើជារបរអាជីវកម្មលក់បែបលក្ខណៈជាគ្រួសារ ។ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ២១ពីក្រុងតាខ្មៅ ទៅប្រមាណជាង២០គីឡូម៉ែត្រ អ្នកធ្វើដំណើរនឹងឃើញផ្លែដូងខ្ចីទាំងធ្លាយៗ ត្រូវបានដាក់លក់តម្រៀបគ្នាហូរហែអមសងខាង
ផ្លូវសុទ្ធតែអ្នកលក់ដូងក្រអូប និងដូងតុកកែ ។
ស្ត្រីម្នាក់ដែលគេហៅថា ចែ ម៉ៅ បានឲ្យដឹងថា គាត់បានលក់ដូងក្រអូបនិងដូងតុកកែមុនគេយូរហើយ ដែលពេលនោះ មានតែអ្នកលក់៣ ឬ៤ផ្ទះប៉ុណ្ណោះ ។ ប៉ុន្តែមកដល់ពេលនេះ ក្នុងភូមិបាននាំគ្នាលក់ស្ទើរតែគ្រប់ផ្ទះទៅហើយនៅជាប់ដងផ្លូវជាតិលេខ២១នេះ ។
ចែ ម៉ៅបញ្ជាក់ថា៖ «ខ្ញុំលក់យូរដែរហើយ លក់ទាំងដូងក្រអូប ដូងតុកកែ និងកូនដូងក្រអូប កូនដូងតុកកែផងដែរ មកពីប្រទេសវៀតណាម ។ ខ្ញុំលក់មួយថ្ងៃមិនទៀងនោះទេ ថ្លៃខ្លះបានដាច់ច្រើន ថ្លៃខ្លះបានតិចតែក៏អត់មានថាលក់មិនដាច់នោះទេ ព្រោះមានម៉ូយគេមកយកទៅលក់បន្តទៅទីជិតឆ្ងាយ ។
ចែម៉ៅ ក៏បានឲ្យដឹងពីតម្លៃដូងថា ដូងក្រអូបមួយផ្លៃថ្លៃ៣.៥០០រៀល ចំណែកដូងតុកកែវិញមួយផ្លៃថ្លៃ១.៥០០រៀល ហើយកូនដូងក្រអូបមួយដើមថ្លៃ១២.០០០រៀល និងដូងតុកកែ៨០០០រៀល។ ចែម៉ៅក៏បានឲ្យដឹងថា អ្នកដែលមកទិញដូងនៅកន្លែងគាត់ភាគច្រើនអ្នកពីភ្នំពេញ ទិញដាក់ឡាន ដើម្បីទៅហូបនៅផ្ទះ ហើយអ្នកខ្លះហូបពេលដើរកម្សាន្តនៅតំបន់នានាផងដែរនិងអ្នកធ្វើដំណើរតាមផ្លូវ ។ មួយថ្ងៃអាចលក់បាន៥ឬ៧ឡូដូងឬលើសពីនេះ ដោយដូងក្រអូបមានតម្លៃ៣៥០០០រៀល ដូងតុកកែ១៥.០០០រៀលក្នុងមួយឡូត៍ស្មើ១២ផ្លែ ។
ចំពោះមុខរបរលក់ដូងនេះដែរ ចែម៉ៅ ក៏បានឲ្យដឹងថា អាចដោះស្រាយជីវភាពប្រចាំថ្ងៃបានខ្លះផងដែរ ។ ដោយថ្ងៃខ្លះលក់បានលុយប្រមាន២០ម៉ឺនរៀល មានថ្ងៃខ្លះបាន៣០ម៉ឺនរៀល ឬលើសពីនេះព្រោះពេលខ្លះមានម៉ូយមកយកទៅលក់បន្ត ហើយបើនៅថ្ងៃបុណ្យជាតិឬថ្ងៃឈប់សម្រាកលក់ដាច់បានច្រើនទៀត។ អ្នក លក់ដដែលក៏បានឲ្យដឹងទៀតថា ដូងដែលលក់រាល់ថ្ងៃនេះត្រូវបានម៉ូយយកពីប្រទេសវៀតណាម មកលក់ឲ្យក្នុងតម្លៃថោកជាងការលក់រាល់ថ្ងៃ ។
ចំណែកអ្នកលក់ដូងដូចគ្នាម្នាក់ទៀតបានឲ្យដឹងស្រដៀងគ្នាថា គាត់បានយកដូងខាងលើដោយទិញពីម៉ូយ យកពីប្រទេសវៀតណាម ដោយតម្លៃតាមសភាពដូងតូចធំ ។ អ្នកស្រីបានឲ្យដឹងថា ដូងដែលលក់រាល់ថ្ងៃ ដូងក្រអូប៣៥០០រៀល ដូងតុកកែ មួយផ្លៃថ្លៃ១៥០០រៀល ។
ក្នុងមួយថ្ងៃអ្នកស្រីលក់ដូងបានមិនទៀងនោះទេ ពេលខ្លះអស់ច្រើន ពេលខ្លះលក់អស់តិច តែបើគិតជាលុយវិញក្នុងមួយថ្ងៃបាន៣០ម៉ឺនរៀល ឬ៥០ម៉ឺនរៀល តែថ្ងៃខ្លះក៏បានច្រើនជាងនេះ ដោយសារមានម៉ូយមកយកដូងលក់បន្តនៅភ្នំពេញ ។
អ្នកស្រីថា ក្រៅពីលក់ដូងគាត់ក៏មានលក់កូនដូងក្រអូប កូនដូងតុកកែ ដែលដូងនេះដាំឆាប់បានផល គឺ៣ឬ៤ឆ្នាំអាចបានផ្លែហើយ ។អ្នកស្រីបានឲ្យដឹងថា អ្នកស្រីបានលក់ដូងនេះមុនគេ ហើយឥឡូវនេះអ្នកភូមិបាននាំគ្នាផ្អើលរកស៊ីលក់ច្រើនគ្នា ពោលគឺបើមើលតាមដងផ្លូវឃើញតែដូងរៀបចំយ៉ាងស្អាតសម្រាប់ទាក់ទាញអ្នកធ្វើដំណើរចូលមកទិញហូរហែមិនដាច់ ។
អ្នកស្រីក៏បានឲ្យដឹងថា មិនត្រឹមតែអ្នកភូមិ កោះខែលនោះទេលក់ដូង ឥឡូវបានរាលដាលដល់ភូមិក្បែរនឹង ក៏យកដូងនេះមកលក់ផងដែរ អ្នកភូមិព្រែកប៉ាង និងអ្នកភូមិផ្សេងទៀតក៏យកដូងទៅលក់ផងដែរ បានចំណេញតៗគ្នាក្លាយជាមុខរបរមួយស្រួលរកស៊ីជាងផ្លែឈើដ៏ទៃ។
សូមជម្រាបថា ទឹកដូងត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញបានជួយផ្តល់កម្លាំងដល់មនុស្សផងដែរនៅ
ពេលយើងពិសាវា ។ ដូងក្រអូបនិងដូងតុកកែមានរសជាតិផ្អែមគួរឲ្យហូបមានរាងតូចជាងដូងធម្មតា ។
សូមជម្រាបផងដែរថា ភូមិកោះខែលស្ថិត ក្នុងឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ