ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​ជនជាតិ​ចិន​លើទឹកដី​ក្រុង​ប៉ោយ​ប៉ែ​ត​ថយ​ចុះ​ជា​បណ្តើ​ៗ​ហើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ វត្តមាន​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ថយ​ចុះ​ស្ទើរ​៥០​ភាគរយ​នា​មួយ​រយៈ​ចុង​ក្រោយ​នេះ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ជនជាតិ​ចិន​ទាំងនោះ​ខ្លាច​វិធានការ​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​អាជីវកម្ម​ល្បែងភ្នាល់​តាម​អុីន​ធើ​ណេ​ត​អន​ឡាញ​ត្រឹម​ដំណាច់ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។ កន្លង​មក​គេ​ឃើញ​ជនជាតិ​ចិន​ប្រសេកប្រសាច​ហើយ​តែងតែ​ជួល​អគារ និង​បន្ទប់​ក្នុង​តម្លៃ​ថ្លៃ​ៗ រីឯ​ទីតាំង​ជួល​ភាគច្រើន​ប្រហែលជា​បើក​ល្បែង​អន​ឡាញ​ដែរ ព្រោះ​ឃើញ​មាន​យានយន្ត​ចត​ត្រៀបត្រា តែ​ពេល​នេះ​ហាក់​ស្ងប់ស្ងាត់…

ខេត្តបន្ទាយមានជ័យ ៖ វត្តមាន​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ថយ​ចុះ​ស្ទើរ​៥០​ភាគរយ​នា​មួយ​រយៈ​ចុង​ក្រោយ​នេះ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ជនជាតិ​ចិន​ទាំងនោះ​ខ្លាច​វិធានការ​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​អាជីវកម្ម​ល្បែងភ្នាល់​តាម​អុីន​ធើ​ណេ​ត​អន​ឡាញ​ត្រឹម​ដំណាច់ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។

កន្លង​មក​គេ​ឃើញ​ជនជាតិ​ចិន​ប្រសេកប្រសាច​ហើយ​តែងតែ​ជួល​អគារ និង​បន្ទប់​ក្នុង​តម្លៃ​ថ្លៃ​ៗ រីឯ​ទីតាំង​ជួល​ភាគច្រើន​ប្រហែលជា​បើក​ល្បែង​អន​ឡាញ​ដែរ ព្រោះ​ឃើញ​មាន​យានយន្ត​ចត​ត្រៀបត្រា តែ​ពេល​នេះ​ហាក់​ស្ងប់ស្ងាត់ និង​បិទ​ទីតាំង​ជា​បណ្តើ​ៗហើយ ដោយ​ជនជាតិ​ចិន​ទាំងនោះ​អាច​នាំ​គ្នា​ចាក​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ខណៈ​ប្រភព​ខ្លះ​សង្ស័យ​ថា​រត់​ជ្រក​តាម​ទីតាំង​ផ្សេង​ៗ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​មួយ​ចំនួន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា កន្លង​មក​ជា​រៀង​រាល់​ម៉ោង​៨​ទៅ​៩​ព្រឹក ជនជាតិ​ចិន​ប្រុស​ស្រី​យ៉ាងតិច​២០​ទៅ​៣០​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី និង​ខ្លះ​ជិះ​រថយន្ត​ឆ្លងកាត់​ពី​តាម​អគារ​ស្នាក់​នៅ​ទៅ​កាន់​ទីតាំង​ដែល​ពួក​គេ​បើក​អាជីវកម្ម​ក្នុង​ទឹកដី​កាស៊ីណូ​មួយ​ចំនួន ខណៈ​ចាប់ពី​ម៉ោង​៦​ល្ងាច​ទៅ ក្រុម​ជនជាតិ​ចិន​ធ្វើ​ដំណើរ​តាម​យានយន្ត​និង​ថ្មើរជើង​ប្រ​សេក​ប្រសាច​តាម​ទឹកដី​កាស៊ីណូ និង​ផ្លូវ​ដើម​ពុទ្រា និង​ដងផ្លូវ​នានា​។

ថ្មី​ៗ​នេះ​គេ​ឃើញ​នគរបាល​ជំនាញ​របស់​អន្តរក្រសួង​បាន​ចុះ​ពិនិត្យ​ការ​ស្នាក់​នៅ​របស់​ជនបរទេស​ក្នុង​ខេត្តបន្ទាយមានជ័យ ជា​ពិសេស​ក្រុង​ប៉ោយ​ប៉ែ​ត តាម​សណ្ឋាគារ​និង​ទីតាំង​ស្នាក់​នៅ​ក្នុង​ទឹកដី​កាស៊ីណូ​។

លោ​កអេង លី​ហួ ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ជនជាតិ​ចិន​បាន​ថយ​ចុះ​មែន ប៉ុន្តែ​លោក​មិន​ទាន់​អាច​ដឹង​លម្អិត​ប៉ុន្មាន​ភាគរយ​នោះ​ទេ ព្រោះ​ពេល​នេះ​ខាង​លោក​និង​អន្តរក្រសួង​បាន​និង​កំពុង​ចុះ​ធ្វើការ​បន្ត​នៅឡើយ​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ