រាជធានីភ្នំពេញ ៖ អ្នកប្រដាល់ចៅ ផលឌឿន មកពីក្លឹបប្រដាល់ខេត្តក្រចេះ ប្រកាសជួបប្រកួតជាមួយស្វាយ រដ្ឋា មកពីក្លឹបប៉េអឹមរាជធានីភ្នំពេញ នៅសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន នារសៀលថ្ងៃអាទិត្យទី២០ មីនា ឆ្នាំ២០១១ ។ ផលឌឿននិងរដ្ឋាមិនធ្លាប់មានប្រវត្តិប្រកួតគ្នាពីមុនមកទេ ។
ផលឌឿជាអ្នកប្រដាល់ចិត្តធំម្នាក់ ទោះបីប៉ះ ចំដៃគូខ្លាំងយ៉ាងណា គេមិនសូវចុះញ៉មដែរ ។ បច្ចេកទេសនឹងកម្លាំងរបស់ផលឌឿអាចដើរស្របគ្នា គេមិនដែលប្រើកម្លាំងដោយមិនខ្វល់ពីបច្ចេកទេសនោះឡើយ ។ ផលឌឿមានជំនាញប្រើជើងទាត់ហើយកណ្តាប់ដៃរបស់គេក៏ធ្ងន់ដែរ តែអ្នកប្រដាល់រូបនេះមិនសូវចេះការពារឡើយ។ ចំណែករដ្ឋាវិញ ពីដើមមកគេជាអ្នកប្រដាល់សាកល ដូចនេះរដ្ឋាពិតជាពូកែកណ្តាប់ដៃ ។ រដ្ឋាឈានចូលមកប្រកួតបែបសេរីបាន៣ប្រកួតហើយ ក្នុងនោះមិនទាន់ស្គាល់ចាញ់ម្តងណា ឡើយ ។ កណ្តាប់ដៃរបស់រដ្ឋាពិតជាអស្ចារ្យហើយនៅពេលងាកមកប្រកួតសេរីនេះ មិនមែនគេមិនចេះកែង ឬជង្គង់នោះទេ ។ ផលឌឿទំនងមិនស្រួលខ្លួនទេ នៅពេលជួបជាមួយរដ្ឋានោះ ។
សុខ វិស័យ មកពីក្លឹបប្រដាល់ខេត្តក្រចេះ ត្រូវបានផ្គូផ្គងឱ្យជួបប្រកួតជាមួយឈឿន ឆៃដែន មកពីក្លឹបនិរោធមានជ័យ ។ វិស័យនិងឆៃដែន ក៏ជាអ្នកប្រដាល់ដែលស្ថិតក្នុងចំណោមអ្នកខ្លាំងដែរ ។ គូនេះអាចប្រកួត៥ទឹកដោយមិនពិបាក ហើយអ្នកណាឈ្នះមិនប្រាកដថាមិនឈឺសាច់ទេ ។ ប្រកួតចុងក្រោយកាលពីថ្ងៃទី៦ មីនា កន្លងមក សុខ វិស័យ ចាញ់ពិន្ទុនួន សេតសង់ មកពីក្លឹបក្រសួងការពារជាតិ រីឯការប្រកួតចុងក្រោយរបស់ឆៃដែន កាលពីថ្ងៃទី៦ កុម្ភៈ កន្លងមក គេបានយកឈ្នះពិន្ទុសួង បញ្ញា មកពីក្លឹបក្រសួងការពារជាតិ ។ ទោះបីជាយ៉ាងណា រវាងវិស័យនិងឆៃដែនដែលជួបគ្នានាពេលនេះ មិនអាចទស្សន៍ទាយលទ្ធផលទុកជាមុនបានឡើយ ។
រ៉ាក់ វិឆ័យ មកពីក្លឹបកងពលតូចលេខ៧០ ត្រូវប្រកួតជាមួយពុទ្ធ ឆាយកុសល មកពីក្លឹបពុទ្ធសេរីវង្សព្រែកតាទែន ។ រ៉ាក់ វិឆ័យ មានប្រវត្តិប្រកួតចាស់វស្សាជាងឆាយកុសល ដូច្នេះបើនិយាយពីបច្ចេកទេសវិឆ័យអាចល្អជាងតែបញ្ហាកម្លាំងមិនអាចធានាបានទេ ។ អ៊ី តុងហ៊ី មកពីក្លឹបសាលវ័ន្តកីឡា ប្រកួតជាមួយហុត គឹមហេង មកពីក្លឹបរាជសីហ៍បង្ក្រាបគ្រឿងញៀន ។ រីឯអ៊ិត ចាន់ថន មកពីក្លឹបកងទ័ពជើងគោក ត្រូវប្រកួតជាមួយស្រស់ សុផាត មកពីក្លឹបប្រដាល់ខេត្តរតនគិរី ៕
ចែករំលែកព័តមាននេះ