ជាធម្មតារាងកាយបង្កើតការចលនាកណ្តាសគឺនៅពេលដែលមានអ្វីមួយចូលក្នុងច្រមុះខុសប្រក្រតី។ រឿងនេះអាចមានដូចជា បាក់តេរី ធូលីដី ផ្សិត លម្អងផ្កា ឬផ្សេង។
ច្រមុះអាចនឹងមានអារម្មណ៍ឈួលៗ ឬមិនមានផាសុកភាព ហើយក៏បង្កជាអាការៈកណ្តាសមួយភ្លេតតែម្តងទៅ។ ការកណ្តាសនេះអាចជួយបង្ការកុំឲ្យមានជំងឺ ឬរបួសដោយមានអ្វីផ្សេងៗចូលទៅក្នុងច្រមុះបាន។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា ការកណ្តាសនឹងជួយស្តារលក្ខណៈធម្មតាឡើងវិញរបស់ច្រមុះ។
អ្នកប្រហែលជាមានបំណងចង់ទប់ការកណ្តាសកុំឲ្យកើតឡើងនៅពេលស្ថិតក្នុងស្ថានភាពមនុស្សច្រើនជុំវិញខ្លួន ពេលនិយាយជាមួយនរណាម្នាក់ ឬស្ថិតក្នុងស្ថានភាពមិនចង់ឲ្យមានសម្លេង។ ប៉ុន្តែការស្រាវជ្រាវបានបញ្ជាក់ថា ការទប់មិនឲ្យកណ្តាសចេញ អាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ហើយពេលខ្លះបង្កជាផលវិបាកធ្ងន់ធ្ងររបស់វាថែមទៀតដូចជា៖
១-រហែកក្រដាសត្រចៀក ៖ នៅពេលអ្នកទប់រហូតដល់កើនសម្ពាធកាន់តែខ្លាំងក្នុងប្រព័ន្ធផ្លូវដង្ហើមមុនពេលកណ្តាស វានឹងបញ្ចេញខ្យល់មកក្រៅវិញតាមរន្ធត្រចៀក។ ខ្យល់មានសម្ពាធខ្លាំងនេះនឹងរត់ទៅតាមរន្ធតភ្ជាប់ពីត្រចៀកទៅបំពង់កតាមរយៈបំពង់ Eustachian Tube។ ករណីបែបនេះអាចនឹងបង្កជាការរហែកដល់ក្រដាសត្រចៀក និងថ្លង់បាន។ ប៉ុន្តែបញ្ហានេះគឺអាចជាវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីសប្តាហ៍ ថ្វីបើករណីខ្លះត្រូវការវះកាត់ក៏ដោយ។
២-មានការបង្ករោគនៅត្រចៀកផ្នែកកណ្តាល ឬហៅថាអំបៅអំបែក ៖ ការកណ្តាសនឹងជួយសម្អាតអ្វីគ្រប់យ៉ាងដែលមិនគួរចូលទៅក្នុងច្រមុះ ដោយវារួមទាំងបាក់តេរីទៀតផង។ តាមទ្រឹស្តី ការបក់ខ្យល់ចូលឡើងវិញពីច្រមុះចូលត្រចៀក នឹងដឹកនាំបាក់តេរី ឬទឹករំអិលមានមេរោគចូលទៅក្នុងត្រចៀកផ្នែកកណ្តាល រហូតដល់បង្កជាអំបៅអំបែកបាន។
៣-សរសៃឈាមក្នុងភ្នែក ច្រមុះ ឬក្រដាសត្រចៀកខូច ៖ ខណៈពេលដែលវាជារឿងកម្រ តែការខូចខាតសរសៃឈាមក្នុងសរីរាង្គទាំងនេះអាចនឹងកើតឡើងបាននៅពេលទប់មិនឲ្យកណ្តាសចេញ។ ការកើនឡើងសម្ពាធតាមរយៈការទប់កណ្តាសអាចធ្វើឲ្យសរសៃឈាមរួមតូច និងផ្ទុះបែកបាន ជាពិសេសសរសៃឈាមសើៗស្បែកដែលយើងអាចសម្គាល់ដឹងថា មានការឡើងក្រហមភ្នែក ឬច្រមុះ។
៤-របួសដល់សន្ទះខ័ណ្ឌទ្រូង និងពោះ ៖ សន្ទះខណ្ឌទ្រូង និងពោះនេះគឺជាសាច់ដុំមួយផ្នែកនៃទ្រូងស្ថិតនៅខាងលើពោះ។ ខណៈពេលដែលការមានរបួសនៅកន្លែងនេះគឺជារឿងកម្រ តែខ្យល់ដែលមានសម្ពាធខ្លាំងអាចចូលទៅក្នុងសាច់ដុំនេះ ហើយបង្កជាការកំបិតសួតបាន នៅពេលខំទប់មិនឲ្យកណ្តាសចេញ។
៥-ខូចបំពង់ក ៖ ការខូចបំពង់កត្រូវបានគេរកឃើញលើអ្នកដែលតប់កណ្តាសមិនឲ្យចេញ ជាពិសេសការខូចខាតនោះជាលក្ខណៈរហែកនៅផ្នែកខាងក្រោយរបស់បំពង់កតែម្តង។
៦-បាក់ឆ្អឹងជំនី ៖ អ្នកខ្លះ បាននិយាយថា មានការបាក់ឆ្អឹងជំនីដោយសារតែការទប់កណ្តាសកុំឲ្យចេញ ជាពិសេសមនុស្សចាស់តែម្តង។ រឿងនេះដោយសារតែខ្យល់មានសម្ពាធខ្ពស់បង្ខំខ្លាំងចូលទៅក្នុងសួតវិញ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ