ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានចុះបង្ក្រាបជនសង្ស័យចំនួន២នាក់ដោយជាប់ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារលើធំថ្មី ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
តាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញខេត្តសៀមរាបបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ ទឹម ជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខយាមនៅផ្សារលើធំថ្មី មានទីលំនៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (ជាប់ចោទពីបទរក្សាទុក ជួញដូរ ប្រើប្រាស់ និងមានសារធាតុញៀនក្នុងខ្លួន) ។ ចំណែកម្នាក់ទៀតឈ្មោះ ស្វាយ សុគន្ធា ហៅឃ្លោក ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (ជាប់ចោទពីបទរក្សាទុក ជួញដូរ ប្រើប្រាស់ និងមានសារធាតុញៀនក្នុងខ្លួន)។
បន្ទាប់ពីកម្លាំងជំនាញធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់រួចមក ក្នុងនោះដកហូតបានវត្ថុតាងរួមមានម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន៨កញ្ចប់ ទូរស័ព្ទដៃចំនួន៤គ្រឿង វិទ្យុទាក់ទងចំនួន១គ្រឿង ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៩ ដើម្បីចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ