ខេត្តសៀមរាប ៖ ក្រុមចោរឆ្មក់ចូលលួចដឹកក្របីអ្នកភូមិចំនួន៨ក្បាលបម្រុងអូសឡើងរថយន្តកូរ៉េ តែសំណាងល្អបានពលរដ្ឋប្រទះឃើញទាន់រួចក៏ស្រែកឆោឡោ ពេលនោះក្រុមចោរបើកឡានគេចបាត់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជា៣ទៀប ភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ម្តុំវាលស្រែ ស្ថិតក្នុងភូមិឃុនមោក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
តាមការឲ្យដឹងពីម្ចាស់ក្របីឈ្មោះ ម៉ុយ ម៉ឺន ភេទប្រុសអាយុ៥៥ឆ្នាំបានរៀបរាប់ថា នៅម៉ោងប្រហែល១២យប់គាត់បានចូលដេក ហើយឃើញក្របីរបស់គាត់នៅដដែលតែក្រោយមកនៅម៉ោងប្រហែល២រំលងអធ្រាត្រ ក៏មានអ្នកភូមិម្នាក់ក្រោកទៅស្រែមើលក្របីរបស់គាត់ដែរហើយបានឃើញមនុស្សចម្លែកបើកឡានប្រុងដឹកក្របីស្ គាត់ក៏ស្រែកឆោឡោឡើងធ្វើឲ្យក្រុមចោរភ័យស្លន់ស្លោរត់បាត់អស់ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍របស់ពលរដ្ឋ និងប្រជាការពារ កម្លាំងសមត្ថកិច្ច ស្រុកប្រាសាទបាគង បានសហការគ្នាដេញតាមរករថយន្តរបស់ជនល្មើសដែរតែតាមមិនទាន់ដោយសារការផ្តល់ព័ត៌មានមកសមត្ថកិច្ចមានការយឺតយ៉ាវបន្តិច ។
សមត្ថកិច្ចបន្តថា ក្រុមចោរឆ្មក់លួចដឹកក្របីអ្នកភូមិចំនួន៨ក្បាលបម្រុងអូសឡើងរថយន្តកូរ៉េជិតបានសម្រេច តែសំណាងល្អបានពលរដ្ឋម្នាក់ប្រទះឃើញទាន់រួចស្រែកឆោឡោឡើង ក៏ផ្អលដល់អ្នកភូមិមកមើល ពេលនោះក្រុមចោរបើកឡានគេចបាត់ដោយបន្សល់ទុកក្របីនៅនឹងកន្លែង ។ សមត្ថកិច្ចបន្តថា ចំណែកក្របីទាំង៨ក្បាលនោះត្រូវបានប្រគល់ជូនម្ចាស់វិញហើយនៅព្រឹកថ្ងៃដដែល ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ