រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលជាគូដណ្តឹងរបស់នារីរងគ្រោះដែលអះអាងថា ត្រូវមេខ្យល់នាំយកទៅលក់នៅប្រទេសចិន មានការព្រួយបារម្ភជាខ្លាំងពីអនាគតប្រពន្ធរបស់ខ្លួន ហើយបានបន្តទៅដាក់ពាក្យ បណ្តឹងជាបន្តបន្ទាប់ទទូចសុំឱ្យសមត្ថកិច្ច ក៏ដូចជាស្ថានទូតចិនជួយអន្តរាគមន៍ ធ្វើយ៉ាងណាឱ្យគូដណ្តឹងរបស់ខ្លួនបានត្រឡប់មកវិញ ។ នៅពេលថ្មីៗនេះ យុវជនជាគូដណ្តឹងក៏បានបន្តទៅដាក់ពាក្យបណ្តឹងជាថ្មីម្តងទៀតនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ ។
យុវជនរូបនោះឈ្មោះ អ៊ុក សុជាតិ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ជាអតីតពលករកូរ៉េ និងកំពុងរៀនភាសាជប៉ុនត្រៀមទៅធ្វើពលករប្រទេសជប៉ុននៅពេលខាងមុខនេះ ។ ចំណែកគូដណ្តឹងឈ្មោះ ញ៉ សុខច័ន្ទ ហៅតក់ អាយុ២៥ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ រីឯស្ត្រីជាមេខ្យល់ដែលរងការចោទប្រកាន់នោះឈ្មោះ ថោង ស្រីរ័ត្ន អាយុជាង២០ឆ្នាំ មានទីលំនៅភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ។
គួរបញ្ចាក់ថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០១៩ យុវជនជាគូដណ្តឹងក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេខ៦ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយសង្ស័យថា គូដណ្តឹងរបស់ខ្លួន ត្រូវបានមេខ្យល់នាំយកទៅលក់នៅប្រទេសចិនព្រមទាំងទទួចសុំឱ្យសមត្ថកិច្ចហៅបងស្រីរបស់មេខ្យល់មកសាកសួរ ។
ការដាក់ពាក្យបណ្តឹង បន្ទាប់ពីនារីជាគូដណ្តឹងបានទាក់ទងតាមហ្វេសប៊ុកថា ខ្លួនត្រូវបានគេនាំយកទៅប្រទេសចិន ហើយកំពុងតែអត់ផ្ទះសំណាក់ នៅព្រំប្រទល់ក្នុងប្រទេសវៀតណាមនិងចិន ព្រោះនារីដែលជាគូដណ្តឹងបានចាកចេញពីប្រទេសទៅជាមួយនារីដែលគេសង្ស័យថាជាមេខ្យល់ ដោយពុំបានប្រាប់ឪពុកម្តាយ និងគូដណ្តឹងឱ្យបានដឹងឡើយ ។
តាមបុរសដែលជាគូដណ្តឹងបានឱ្យដឹងថាខ្លួនបានស្គាល់នាង សុខច័ន្ទ តាមរយៈការលេងហ្វេសប៊ុក ហើយបានស្រឡាញ់គ្នារយៈពេលប្រមាណ៣ឆ្នាំហើយ ខណៈពេលដែលខ្លួនជាពលករនៅប្រទេសកូរ៉េ ។ បន្ទាប់ពីស្រឡាញ់គ្នាយ៉ាងល្អូកល្អឺន ពេលមកពីកូរ៉េវិញខ្លួនក៏បានចូលដណ្តឹងនាងកាលពី១ឆ្នាំមុន ដើម្បីយកធ្វើជាគូអនាគត ។ លុះក្រោយមកពួកគេក៏បានសម្រេចចិត្តប្រឡងចូលរៀនភាសាជប៉ុនជាប់ទាំង២នាក់ ដើម្បីទៅធ្វើពលករនៅប្រទេសជប៉ុន តែខ្លួនគឺរៀនចប់មុន ហើយត្រៀមទៅធ្វើពលករជប៉ុននៅខែធ្នូ ឆ្នាំ២០១៩ ចំណែកនាង សុខច័ន្ទគឺទៅជប៉ុននៅវគ្គបន្ទាប់ ។
តាមបុរសជាគូដណ្តឹងបានឱ្យដឹងទៀតថា ស្រាប់តែនៅវេលាម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា គូដណ្តឹងរបស់ខ្លួនបានទូរស័ព្ទមកតាមរយៈហ្វេសប៊ុកប្រាប់ថា ខ្លួនត្រូវបានឈ្មោះ ថោង ស្រីរ័ត្ន យកទៅប្រទេសចិន ទៅដល់ព្រំប្រទល់ប្រទេសវៀតណាម ចិនតាំងពីថ្ងៃ២០ សីហា ។ ពេលទៅដល់មានមេខ្យល់វៀតណាមប្រុសចេះខ្មែរមិនស្គាល់ឈ្មោះនាំទៅសម្រាកនៅផ្ទះសំណាក់ហើយមានជនជាតិវៀតណាម៤នាក់ បាននាំទៅបង្ខាំងក្នុងផ្ទះ ដើម្បីត្រៀមយកទៅប្រទេសចិន ។
ការទាក់ទងគ្នា រហូតដល់ម៉ោងប្រមាណជាង១រសៀលត្រូវគូរដណ្តឹងប្រាប់ថា មានថៅកែជាជនជាតិចិនចេះខ្មែរ៤នាក់មិនស្គាល់ឈ្មោះ យករថយន្តមកដឹកចូលប្រទេសចិនហើយ ទាក់ទងលែងបានដោយហ្វេសប៊ុក ត្រូវគេBLOCKចោល ។
តាមបុរសជាគូដណ្តឹងក៏បានឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ខ្លួនបានទទួលឆាតពីស្ត្រីដែលសង្ស័យជាមេខ្យល់ដោយប្រាប់ថា បើចង់ឱ្យនាងត្រឡប់មកវិញឱ្យផ្ញើលុយទៅឱ្យក្រោយមកហ្វេសប៊ុកក៏បានBLOCKទៀត ។ បន្ទាប់ពីដាក់ពាក្យបណ្តឹងនគរបាលក៏បានហៅបងស្រីមេខ្យល់មកសាកសួរតែនាងប្រាប់ថា អត់ដឹងនោះទេ ។
ដោយក្តីបារម្ភពីសុវត្ថិភាពគូដណ្តឹង បុរសរូបនោះក៏បានទៅបន្តដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានប្រឆាំង
ការជួញដូរមនុស្សនិងការពារអនីតិជននៃក្រសួងមហាផ្ទៃនៅថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៩ ។ នៅក្នុងពាក្យបណ្តឹង យុវជនឈ្មោះ អ៊ុក សុជាតិ ក៏បានសំណូមពរដល់សមត្ថកិច្ចជួយសង្គ្រោះឈ្មោះ ញ៉ សុច័ន្ទ ដែលជាគូដណ្តឹង ឱ្យបានត្រឡប់មកប្រទសកម្ពុជាវិញផង ។ ទន្ទឹមនោះ យុវជនរូបនោះក៏មានការព្រួយបារម្ភពីវាសនាគូដណ្តឹងរបស់ខ្លួន ដែលចាញ់បោកមេខ្យល់នាំលក់ប្រទេសចិន ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ