បើនិយាយអំពីអ្នកបួសគ្រប់សម័យកាលមិនមែនសុទ្ធតែបរិសុទ្ធស្អាតស្អំទាំងអស់នោះឡើយ អ្នកបួសខ្លះក៏ធ្ងន់ទៅដោយកិលេស អ្នកបួសខ្លះក៏ប្រទូស្តទៅនឹងធម៌វិន័យ តែក៏មានអ្នកបួសច្រើនណាស់ដែលលោកស្អាតស្អំល្អបរិសុទ្ធគួរជាទីជ្រះថ្លានៃបរិស័ទទាំង៨ទិសផងដែរ ។
ចំណុចនេះព្រះមានព្រះភាគទ្រង់ត្រាស់ថា មនុស្សយើងមិនមែនសំខាន់នៅលើអ្នកបួសឬមិនបួសនោះឡើយ អ្វីដែលសំខាន់គឺ អ្នកនោះចេះរក្សាកាយ វាចា ចិត្តខ្លួនឯង សង្រួមឥន្ទ្រិយឲ្យបានល្អ ទើបជារឿងសំខាន់ តែបើសិនជាអាក់ខានមិនបានរក្សាកាយចិត្ត មិនបានរក្សាឫកពាហើយ គឺស្មើនឹងសម្លាប់ខ្លួនឯង ដូចច្រានខ្លួនឯងទម្លាក់ទៅក្នុងភ្លើងនរកដូច្នោះដែរ ។
បើនិយាយអំពីនរកប្រហែលជាគ្មាននរណាម្នាក់ចង់ទៅនោះទេ ហើយក៏គ្មានអ្នកណាចង់រងទុក្ខខ្លោចផ្សានោះដែរ។ ហេតុនោះទើបលោកពោលថា ដើម្បីចៀសផុតពីកំណើតក្នុងអបាយភូមិ សត្វលោកត្រូវរក្សាខ្លួននេះ ឱ្យបានល្អដោយការខ្មាសបាប ខ្លាចបាប ធ្វើទាន រក្សាសីល៥ សីល៨ ប្រព្រឹត្តតែអំពើល្អជាដរាប ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ