ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឡានពេទ្យ​យ៉ាង​សន្ធោសន្ធៅ ខណៈ​កំពុង​ដឹក​អ្នកជំងឺ​តាម​ផ្លូវ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ កាលពី​វេលា​ម៉ោង​១២​និង​៥៤​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩​នេះ រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ប្រចាំ​មណ្ឌល​សុខភាព​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ពេល​ដែល​ដឹក​អ្នកជំងឺ​ក្នុង​គោលដៅ​ពី​ឃុំ​ស្រឯម…

ខេត្តព្រះវិហារ ៖ កាលពី​វេលា​ម៉ោង​១២​និង​៥៤​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩​នេះ រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ប្រចាំ​មណ្ឌល​សុខភាព​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ពេល​ដែល​ដឹក​អ្នកជំងឺ​ក្នុង​គោលដៅ​ពី​ឃុំ​ស្រឯម ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប តែ​សំណាងល្អ​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ ពុំ​មាន​នរណា​ម្នាក់​រង​របួស​ដោយសារ​អគ្គី​ភ័យ​នេះ​ឡើយ ។

តាម​ការ​បញ្ជាក់​ពី​លោក​វរៈសេនីយ៍ឯក ឡាញ់​លី ស៊ីវ​ឡេ​ង អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា យោង​តាម​ការ​បញ្ជាក់​ពី​អ្នកបើកបរ​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ខាងលើ​បានឱ្យ​ដឹង​ថា រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ខាងលើ​មាន​ដឹក​អ្នកជម្ងឺ បាន​ចេញដំណើរ​ពី​ឃុំ​ស្រឯម ឆ្លងកាត់​ស្រុក​គូលែន ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប លុះ​មក​ដល់​ជិត​ចំណុច​អូរ​ដូន​ស្ងួន ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​គូលែន ខេត្តព្រះវិហារ ស្រាប់តែ​រថយន្ត​សង្គ្រោះ​នេះ​មាន​សភាព​ហុយផ្សែង​ចេញពី​ផ្នែក​ខាង​មុខ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ អ្នកបើកបរ​រថយន្ត​សង្គ្រោះ​បាន​សម្រេចចិត្ត​ឲ្យ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត និង​អ្នកជម្ងឺ​ចេញពី​រថយន្ត​សង្គ្រោះ​នោះ​មក​កាន់​កន្លែង​មាន​សុវត្ថិភាព លុះ​ប៉ុន្មាន​នាទី​ក្រោយមក ស្រាប់តែ​រថយន្ត​សង្គ្រោះ​នោះ​ចាប់ផ្តើម​ទុ​ស្សេ​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍​ដោយ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ផង​ដែរ តែ​ទោះជា​បែប​នេះ​ក្តី ដោយសារ​ភ្លើង​ឆាបឆេះ​លឿន​ពេក ទើប​ធ្វើ​ឲ្យ​រថយន្ត​សង្គ្រោះ​នេះ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ប្រមាណ​៦០%​ទៅ​ហើយ ។

លោក​អធិការ​បាន​បន្ថែម​ថា ចំពោះ​អ្នកជំងឺ​ដែល​ត្រូវ​យក​ទៅ​សង្គ្រោះ​នៅ​ខេត្តសៀមរាប ត្រូវ​បាន​អភិបាល​ខេត្តព្រះវិហារ​បញ្ជា​ឲ្យ​រថយន្ត​សង្គ្រោះ​របស់​មណ្ឌល​សុខភាព​ស្រុក​គូលែន ជួយ​អន្តរាគមន៍​ដឹក​អ្នកជំងឺ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​១៦ មក​រា នៅ​ឯ​ក្រុង​ព្រះ​វិហារ​វិញ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ