ប្រទេសយេម៉ែន ៖ រដ្ឋាភិបាលយេម៉ែនកាលពីថ្ងៃទី២៩សីហា បានចោទប្រកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ស្ថិតក្នុងក្រុមចម្រុះអារ៉ាប់ប្រឆាំងពួកឧទ្ទាមហ៊ូធីនាំមុខដោយអារ៉ាប់ប៊ីសាអូឌីតថា ធ្វើការវាយប្រហារតាមអាកាសប្រឆាំងកងទ័ពខ្លួន ក្នុងរដ្ឋធានីបណ្ដោះអាសន្នក្រុងអាដេន ជួយទ្រទ្រង់ដល់ពួកបំបែកខ្លួនដែលអះអាងថា ដណ្ដើមកាន់កាប់វិញហើយទីក្រុងនៅភាគខាងត្បូងយេម៉ែននោះ។
នៅក្រុងញូវយ៉កក្រុមប្រឹក្សាសន្តិសុខអ.ស.ប ក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលអនុម័តជាឯកច្ឆ័ននិយាយថា គេមានការព្រួយបារម្ភជាពិសេសចំពោះសភាពការណ៍នៅភាគខាងត្បូងយេម៉ែន ដោយអំពាវនាវឲ្យថែរក្សាបូរណភាពនិងឲ្យមានការចរចាឡើងវិញជាសកល ដើម្បីបញ្ចប់ជម្លោះ។
រយៈពេលមិនដល់២៤ម៉ោងពេញផង ទីក្រុងកំពង់ផែអាដេនចាត់ទុកជានិមិត្តរូបនៃការតស៊ូប្រឆាំងពួកបះបោរហ៊ូធី បានផ្លាស់ប្ដូរការកាន់កាប់ក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងគ្នាឯង គឺរវាងពួកបំបែកខ្លួនភាគខាងត្វូងនិងកងកម្លាំងរដ្ឋាភិបាល របស់ប្រធានាធិបតីលោកABD RABBO MANSOUR HADI ទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
ពួកបំបែកខ្លួននិយាយថាវាយដណ្ដើមកាន់កាប់ក្រុងអាដេន ពីកងកម្លាំងស្មោះត្រង់នឹងរដ្ឋាភិបាល ដែលដណ្ដើមត្រួតត្រាទីក្រុងនោះកាលពិថ្ងៃទី២៨សីហា។ ទីក្រុងនោះត្រូវបានពួកបំបែកខ្លួនវាយកាន់កាប់លើកដំបូង កាលពីថ្ងៃទី១០សីហាក្រោយការប្រយុទ្ធសីុសាច់ហុតឈាមគ្នាមក៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ