ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុ​ឹ​ម គឹ​ម​រៀង ឡើង​កូដ វ៉ៃ​ថៃ លើ​សង្វៀន​​អន្តរជាតិ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​លេចធ្លោ​នៅ​លើ​សង្វៀន​ប្រដាល់​នា​ពេល​ចុង​ក្រោយ​នេះ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ហ៊ឹម គឹ​ម​រៀង បាន ឡើង​កូដ​ដោយ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​តែ​ម្ដង ។ នៅ​ថ្ងៃ​សៅរ៍​ទី​៣១…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​លេចធ្លោ​នៅ​លើ​សង្វៀន​ប្រដាល់​នា​ពេល​ចុង​ក្រោយ​នេះ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ហ៊ឹម គឹ​ម​រៀង បាន ឡើង​កូដ​ដោយ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​តែ​ម្ដង ។ នៅ​ថ្ងៃ​សៅរ៍​ទី​៣១ ខែសីហា ឆ្នាំ​២០១៩ គេ​នឹង​ប៉ះ​ជាមួយ​កីឡាករ​ថៃ ផ្ល​យ ដេ​ង ដែល​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ប្រទេស​ថៃ ។ សម្រាប់ គូ​នេះ គេ​រំពឹង​ថា​ពិតជា​ធ្វើ​ឲ្យ​រញ្ជួយ​សង្វៀន​អន្តរ ជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍ Tv5 Knock out Serie by K-Cement ដែល​ជា​ការ​ប្រកួត​ឈាន​ដល់​ការជម្រុះ​ពី​៣២​នាក់​យក​១៦​នាក់​ក្នុង​ស​ប្ដា​ហ៍​បន្ទាប់​។

ការ​ប្រកួត​ដែល​ចាប់ផ្ដើម​នៅ​ម៉ោង​៦​ល្ងាច ត្រូវ​គេ​រំពឹង​ខ្ពស់​ថា​ក៏​មិន​ខុស​ពី​ការ​ប្រកួត​អន្តរ ជាតិ​មុន​ៗ​នោះ​ដែរ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំពឹស​និយម​មកទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​តំបន់​ស្ថានីយ ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ។

កីឡាករ​កម្ពុជា​ដែល​ជា​ជើង​ថ្មី​ឡើង​កូដ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួសប្រមាណ ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឲ្យ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ ផ្ល​យ ដេ​ង ដែល​អ្នក​ណា​ៗ​ក៏ស្គាល់​ថា​ជា​ជើង​ខ្លាំង ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា​កន្លង​មក ។

វត្តមាន​កីឡាករ​កម្ពុជា​និង​ថៃ​ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​នោះទេ ពិតជា​ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់ មានការ​ចាប់អារម្មណ៍ ។ ជា​ពិសេស វត្តមាន​របស់កីឡាករ ហ៊ឹម គឹ​ម​រៀង ធ្វើ​ឲ្យ​មានការ​ចាប់​អារម្ម​ណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​រូប​នេះ បាត់​មុខ​មួយរ​យៈមក​ហើយ ។

សមាសភាព​គូ​អន្តរជាតិ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា មានការ​សម្រាំង​យ៉ាង​ពិសេស​ដើម្បី​ឲ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ដែល​ស​ប្ដា​ហ៍​នេះ​គឺ​ជាស​ប្ដា​ហ៍​ដែល​តម្រូវ​ឲ្យ​អ្នកមាន​ឈ្មោះ​ក្នុង​វគ្គ​ថ្មី​ទាំង​៤​នាក់​ឡើង​ប្រកួត​ចាញ់​ធ្លាក់​ៗ ដើម្បី​ប្រកួត​ដណ្ដើម​យក​កៅអី​១៦​នាក់ ក្នុង​ជំហាន​ដំបូង​ឆ្ពោះទៅ​កាន់​ជើងឯក ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ ហ៊ឹ​ម គឹ​ម​រៀង ដោយសារ​តែ​រូបគេ​គឺជា​ជើង​ខ្លាំង ហើយ​​បើ​ទោះជា​គេ​ទើបតែ​ឡើង​កូដ ប៉ុន្តែ​សមត្ថភាពល្អ​លោក​ពេញចិត្ត ។ លោក​សម្រេច​ដាក់​ឲ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ គឺ​ដោយសារ​តែ​កីឡាករ​រូប​នេះ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​រយៈ ពេល​ចុង​ក្រោយ​នេះ និង​ទទួល​បានការ​ចាប់ អារម្មណ៍​នៅ​ក្នុង​វិស័យ​ប្រដាល់ ។

លោក សេង ក​ដិ​កា ប្រកាស​ថា វត្តមាន​របស់​កីឡាករ ផ្ល​យ ដេ​ង លោក​ចង់​ផ្ដល់​ឱកាស​ឲ្យ ហ៊ឹ​ម គឹ​ម​រៀង ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា ទើប​លោក​ហ៊ាន​សម្រេច ផ្គូផ្គង បើ​ទោះ​ជា​អ្នកគាំទ្រ​ភាគច្រើន​ថា​កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ទប់​ជាមួយ​កីឡាករ​ថៃ ព្រោះ​គេ​ជា​ជើង​​ថ្មី​ក៏​ដោយ ។

លោក​បាន​កំ ណ​ត់​ឲ្យ​កីឡាករ​កម្ពុជា ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា​កីឡាករ​កម្ពុជា​រូប​នេះ គ្រប់គ្រាន់​សម្រាប់​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ដាក់​ឲ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​ទី​៣១ ខែសីហា ។

លោក សេង ក​ដិ​កា និយាយ​ថា កីឡាករ​កម្ពុជា​និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​តៀម​ខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀង​ៗ​ខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។

គូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត និង​ចង់​ដឹង​ពី​បទ​ពិសោធន៍​អ្នក​ទាំង​ពីរ នៅ​ពេល​ប៉ះ​គ្នា ។ ម្យ៉ាង កីឡាករ​កម្ពុជា ហុ​ឹ​ម គឹ​ម​រៀង មិនសូវ​មាន​ទម្លាប់​ឡើង​វ៉ៃ​លាក់​ដៃ​ស្រាប់ ស្របគ្នា​នឹង​ភាព​ក្លាហាន​និង​វាយ​ស៊ូ​ផង ទើប​លោក​ពេញចិត្ត​។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​ជា​លក្ខណៈ​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឲ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២ លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា​វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក តាំងពី​មុន​ផ្គូផ្គង ។

ទោះជា​យ៉ាងណា កីឡាករ​កម្ពុជា​ដ្បិតថា​រូប​លោក​និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថភាព​ក្តី តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ ទើប​តម្រូវ​ឲ្យ​គេ​ត្រូវ​តែ​ប្រកួត​ឲ្យ​ខ្លាំង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ