បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាបធ្នាប់សាធារណៈចុះត្រួតពិនិត្យការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍របស់នគរបាលចរាចរណ៍ខេត្ត បន្ទាប់ពីការណែនាំដល់អ្នកប្រើប្រាស់ម៉ូតូ និងអ្នករួមដំណើរឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោកពេលចេញដំណើរ គឺត្រូវតែពាក់មួកសុវត្ថិភាពដែលដំណើរការអស់រយៈពេល១ខែដោយមិនមានការផាកពិន័យរួចមក ។
ក្រោយពី១ខែនេះតទៅ គឺសមត្ថកិច្ចនគរបាលចរាចរណ៍ត្រូវតែចាត់វិធានការផាកពិន័យដោយគ្មានយោគយល់នោះឡើយ ។ នៅថ្ងៃទី២៩ ខែសីហាម្សិលមិញនេះ លោកឧត្តមសេនីយ៍ ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់សាធារណៈបានចុះពិនិត្យពីសកម្មភាពរបស់កងកម្លាំងនគរបាលចរាចរណ៍ដែលកំពុងធ្វើសកម្មភាពរឹតបន្តឹងច្បាប់ចរាចរណ៍របស់នគរបាលចរាចរណ៍ខេត្ត និងក្រុងចំនួន២គោលដៅ គឺគោលដៅទី១ នៅក្នុងស្រុកមង្គលបូរី ចំណុចផ្លូវទៅឃុំគយម៉ែង ក្នុងភូមិសាស្ត្រឃុំប្ញស្សីក្រោក និងគោលដៅទី២ ក្នុងភូមិប៉ាលិលេយ្យ សង្កាត់ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនាំមួកសុវត្ថិភាពដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យទៅបំពាក់ជូនបងប្អូនប្រជាពលរដ្ឋដោយ១គោលដៅមួកចំនួន១០សរុបចំនួន២០មួក ។
លោកឧត្តមសេនីយ៍ត្រីង៉ាន់ ចិន្តា បានឲ្យដឹងថា ការចុះពិនិត្យនៅតាមគោលដៅនេះ គឺក្នុងគោលបំណងជម្រុញដល់បងប្អូនដែលធ្វើដំណើរដោយម៉ូតូ និងអ្នករួមដំណើរ គឺត្រូវតែពាក់មួកសុវត្ថិភាពក្នុងនោះ បើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរមិនពាក់មួកទេ គឺត្រូវតែធ្វើការផាកពិន័យទៅតាមច្បាប់ ។ លោកឧត្តមសេនីយ៍ស្នងការរងបានបញ្ជាក់ទៀតថា ជាមួយគ្នានោះលោកបាននាំយកមួកដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម បំពាក់ជូនប្រជាពលរដ្ឋ ដើម្បីបញ្ញាក់ស្មារតីដល់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរឲ្យគាត់ដឹងថា បើកបរម៉ូតូ និងអ្នករួមដំណើរត្រូវតែពាក់មួកសុវត្ថិភាពនៅពេលចេញដំណើរទៅណាមកណាទោះទីជិតឬឆ្ងាយក្តី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ