ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​រេ​ដូច​ចុង​ស្រល់​បាន​ខ្លួន​ប្រាណ​នាង​ចង់​ដោះ​ដៃ​ប្តឹង​ទារ៥.០០០​ដុល្លារ

15 ឆ្នាំ មុន

ខេត្ត​កំពង់ចាម​ ៖ លោកចៅក្រមស៊ើបសួរ តេង រតនា បានចេញដីកាឃុំ​ខ្លួន​កំលោះ​សក់​ទង់​ដែង​​ម្នាក់ឈ្មោះ​អួ ពន្លក អាយុ១៩ឆ្នាំ រស់​នៅ​ភូមិ​​វាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ចុះ​ថ្ងៃ​ទី​​២៥ មីនា ២០១១ ដោយចោទប្រកាន់​ពី​បទ​រំលោភសេព​សន្ថវៈ​ប្រព្រឹត្ត​លើនារី​កម្មករ​លាង​រថយន្ត​អាយុ២១ឆ្នាំ ស្នាក់នៅបណ្តោះ​អាសន្ន​​ក្នុង​ឃុំមេមត់ ស្រុកមេមត់ ។ 

ទាក់ទិន​នឹងករណីនេះ​ ត្រូវបានលោក​វរ​សេនីយ៍​​ត្រី ឯម កុសល អធិការនគរបាល​ស្រុក​មេមត់ ឲ្យដឹងថា នៅវេលា​ម៉ោង១២ថ្ងៃ​ត្រង់ ថ្ងៃ​ទី២៣ មីនា កំលាំងប៉ុស្តិ៍​រដ្ឋបាលត្បូងវត្ត បាន​ទទួលពាក្យបណ្តឹងពីនាង «ស.គ» អាយុ​២១ឆ្នាំ ដែលមានទីលំនៅស្រុកពញាក្រែក បានប្តឹង​ចោទ​​​ប្រកាន់​​​​ឈ្មោះ​ពន្លក ជាកម្មករ​លាងរថយន្ត​នៅ​ឃុំមេមត់ ស្រុកមេមត់ ​ថា បាន​ចាប់រំលោភ​រូប​នាងកាលពី​វេលាម៉ោង៧យប់ ថ្ងៃទី​២២ មីនា ២០១១ នៅ​ក្នុងបន្ទប់ទឹកខាងក្រោមផ្ទះ​កន្លែង​ស៊ី​ឈ្មួលលាង​រថយន្ត។ ក្រោយពីបានទទួល​ពាក្យ​បណ្តឹង​​នេះ​ភ្លាម រូបលោក​បាន​ចាត់កំលាំងប៉ុស្តិ៍ និងជំនាញ​ព្រហ្មទណ្ឌស្រុក​ឲ្យចុះទៅកាន់ផ្ទះបើក​លាង​​រថយន្ត​​នោះ ដើម្បី​សួរនាំពី​ក្រុម​កម្មករ​ដែល​កំពុងបម្រើ​ការងារលាងរថយន្ត តែជនសង្ស័យ​បានប្រញាប់ប្រញាល់​ឡើងជិះ​រថយន្តឈ្មួល​ចេញ​ពីមេមត់មកកាន់លំនៅឋាន​របស់​ខ្លួន​​នៅភូមិវាល ឃុំ​ពាមប្រធ្នោះ ស្រុកកោះ​សូទិន បាត់ មុនពេល​ដែល​​នាងរងគ្រោះ​​មក​ប្តឹងសមត្ថកិច្ច។ បន្ទាប់​មក​លោក​ក៏​បានទូរស័ព្ទ​ទៅ​​កាន់​លោកវរសេនីយ៍​ត្រី ហ៊ាង ហ៊ត់ អធិការនគរ​បាល​ស្រុកត្បូងឃ្មុំ ព្រម​ទាំង​កំលាំងការិយា​ល័យ​ប្រឆាំងការជួញដូរ​មនុស្ស និងការពារអនីតិជន​នៃស្នងការដ្ឋាន​នគរ​បាលខេត្ត ដើម្បីជួយអន្តរា​គមន៍​តាមស្ទាក់ចាប់​ជន​សង្ស័យ​នៅឃុំជប់ ស្រុក​ត្បូងឃ្មុំ ។

​ចំណែក​នារីរងគ្រោះ​បានបំភ្លឺប្រាប់ថា នៅ​វេលា​ម៉ោង៧យប់ថ្ងៃទី២២ មីនា ​នោះ ក្រោយ​ពី​​ដាំ​បាយ និង​ស្ល រួចរាល់​​នាង​ក៏​ដើរចូលទៅ​ក្នុង​បន្ទប់​ដេកដែលស្រីៗកម្មករស្នាក់នៅ ​ដើម្បី​ផ្លាស់​​សម្លៀកបំពាក់​​ចូលទៅក្នុងបន្ទប់ទឹក ព្រមទាំង​បាន​បូមទឹកដាក់ពេញអាង។ ខណៈ​​នោះ​ស្រាប់​តែ​​ឈ្មោះ​ពន្លក ដែល​ជា​កម្មករលាងរថយន្តដូច​គ្នា​​បាន​ចូល​មក​​ចាប់​អោបនាងពីខាងក្រោយ​ ភ្លាមៗ​​នោះនាង​បាន​ស្រែក​ហៅ​ឈ្មោះហេម នៅ​ជា​មួយគ្នាឲ្យជួយតែ​មិន​មានអ្នកណា​ម្នាក់ចូល​ទៅជួយទេ ចំណែក​រូប​នាង​ទោះ​បី​​ខំ​រើ​បម្រះ​យ៉ាង​​ណា​ក្តី​មិន​រួច​ដែរ ​ហើយ​​ជន​នេះ​បាន​ចាប់​នាងរំលោភរហូតដល់បាន​សំរេច។ មិនតែ​ប៉ុណ្ណោះ​បានគំរាមនាង​មិនឲ្យយករឿងនេះទៅ​ប្រាប់​​អ្នកណាជាដាច់​ខាត បើពុំនោះទេនឹង​សំលាប់​​ចោលទៀតផង។ លុះ​​​ព្រឹកឡើងថ្ងៃទី២៣ មីនា នាងបាន​ទូរស័ព្ទទៅ​ប្រាប់​ឪពុកម្តាយ​នៅ​ឯ​ស្រុកពញាក្រែកឲ្យ​ប្តឹង​មកសមត្ថកិច្ចតាម​ចាប់​ឈ្មោះ​ពន្លក ដែល​ក្នុង​ករណីនេះនាងប្តឹង​ទាម​ទារ​សំណង​ជំងឺចិត្តចំនួន​៥.០០០ដុល្លារ និងឲ្យ​ផ្តន្ទា​ទោសតាមច្បាប់ ។

ជនសង្ស័យឈ្មោះ​អួ ពន្លក បានឆ្លើយ​សារ​ភាព​ថា​ រយៈពេលជាង១ខែ​មកហើយ ដែលរូប​គេបានចេញពីផ្ទះ​ទៅស៊ីឈ្មួលលាងរថយន្ត និង​ម៉ូតូ​នៅផ្ទះ​របស់ឈ្មោះ​ស្រី អូន នៅ​ក្នុង​ឃុំ​មេ​មត់​​ស្រុកមេមត់។ ក្នុងរយៈពេលនោះរូបគេ​ក៏​បាន​​មាន​ទំនាក់​ទំនង​ស្រឡាញ់​គ្នា​ជា​មួយ​នាង​«ស.គ» ដែលជា​កម្មករដូចគ្នា ហើយក៏មាន​កម្ម​ករ​ស្រី​២​នាក់ទៀតបានដឹងឮទៀតផង​ពីរឿង​ស្នេហា​របស់​ពួកគេទាំង២នាក់នេះ។ ក្រោយ​ពី​បានស្គាល់ចិត្ត​ស្គាល់ថ្លើមគ្នាមក ក៏បានណាត់​រួមរ័ក២​ទៅ​៣​យប់​ម្តង​ជា​ហូរហែមក​ដោយមិនមានការ​បង្ខិត​បង្ខំ​​ទេ ​ហើយ​គិតថានឹង​យកគ្នាជាប្តីជាប្រពន្ធ​ទៀត​​ផង។ ក្រោយមក​ទៀ​តនៅវេលាម៉ោង១១​ព្រឹក​ថ្ងៃទី២១ មីនា ២០១១ នាងបានបបួលរូប​គេ​មក​លេង​ផ្ទះរបស់នាង​នៅក្នុងឃុំកោងកាង ស្រុក​ពញាក្រែក ​ហើយ​នាវេលាល្ងាចរូបគេបាន​អង្គុយ​និយាយ​លេង​ជាមួយឪពុកម្តាយរបស់នាង ​លុះ​ដល់​ម៉ោងប្រហែល​ជា៧យប់ ក៏បាន​ចូល​ទៅ​ដេក​នៅលើផ្ទះ ចំណែកឯឪពុកម្តាយនាង​សំរាន្ត​នៅ​ខាងក្រោមផ្ទះ។ ក្នុង​យប់​នោះរូបគេ​រួមភេទ​ជា​មួយ​នឹងនាងបានចំនួន២ដងទៀត ដោយ​មិន​មាន​ការ​ចាប់​បង្ខំ ឬប្រវាយប្រតប់គ្នាឡើយ។

នៅ​ព្រឹកថ្ងៃទី២២ មីនា ពួកគេទាំង​២​នាក់ បាននាំគ្នាធ្វើដំណើរទៅស្រុកមេមត់កន្លែង​ធ្វើ​ការវិញ ​ហើយ​នាល្ងាចថ្ងៃដដែល​រូបគេ បាន​ប្រាប់​នាងថា «នៅព្រឹកថ្ងៃស្អែកនេះ ថ្ងៃ​ទី​២៣ មីនា នឹងទៅលេងផ្ទះនៅភូមិវាល ឃុំពាម​ប្រធ្នោះ ស្រុកកោះសូទិន» លុះ​ជិះ​​រថយន្តមកដល់​ថ្នល់​ទទឹង ឃុំជប់ ស្រុក​ត្បូង​ឃ្មុំ ​ក៏​ត្រូវ​​កម្លាំង​សមត្ថ​កិច្ច​មកស្ទាក់​រថយន្ត​ដែលគេជិះនោះ​នាំត្រឡប់​ទៅ​ស្រុក​មេមត់​វិញ ៕