ក្រុងហុងកុង ៖ កងទ័ពចិនកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បានធ្វើការផ្លាស់ប្ដូរកងទ័ពរបស់ខ្លួនដែលដាក់ពង្រាយជាអចិន្ត្រៃយ៍នៅហុងកុង ដែលនៅទីនោះប៉ូលិសបានហាមឃាត់មិនឲ្យមានបាតុកម្មធំ ដែលគ្រោងធ្វើនាថ្ងៃសៅរ៍ទី៣១ សីហា ក្នុងដែនដីអតីតអាណានិគមអង់គ្លេសនោះ ដោយលើកពីគ្រោះថ្នាក់នៃអំពើហិង្សា។
រថយន្តកាំមីញ៉ុងយោធា ព្រមទាំងរថពាសដែកដឹកទ័ពច្រើនសិបគ្រឿង បានបើកឆ្លងកាត់នាពេលយប់ ព្រំដែនដែលបែកចែករវាងចិនដីគោកនិងតំបន់រដ្ឋបាលពិសេសហុងកុង។ នេះបើតាមបណ្ដារូបភាពផ្សាយដោយទូរទស្សន៍រដ្ឋចិន។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួគូសបញ្ជាក់ថា នោះជាការផ្លាស់ប្ដូរវេនគ្នាប្រចាំឆ្នាំធម្មតា របស់កងទ័ពតែប៉ុណ្ណោះ។
កងទ័ពចិនមានទាហានច្រើនពាន់នាក់នៅហុងកុង ចាប់តាំងពីដែនដីនោះប្រគល់ឲ្យចិនវិញកាលពីឆ្នាំ១៩៩៧មក។ ស៊ីនហូបន្តថាកងទាហានថ្មីដែលប្ដូរវេនគ្នានឹងមកដល់ តាមជើងគោក ជើងទឹកនិងជើងអាកាស។ កងទ័ពចិនជាគោលការណ៍មិនធ្វើអន្តរាគមន៍នៅហុងកុង តែអាចស្នើឲ្យជួយស្ដាររបៀបរៀបរយឡើងវិញពីសំណាក់អាជ្ញាធរមូលដ្ឋាន ដូចការរំឭកនាពេលថ្មីៗនេះរបស់បណ្ដាអ្នកទទួលខុសត្រូវចិន។
វីដេអូមួយដែលបង្ហាញពីសមយុទ្ធរបស់កងកម្លាំងយោធាចិននៅហុងកុង បង្ក្រាបការបះបោរត្រូវបានបង្ហាញកាលពីដើមខែសីហា ដែលនោះហាក់ដូចជាការព្រមានមួយចំពោះពួកបាតុករ ដែលបរិហារចាប់តាំងពីខែមិថុនាមកដល់ រដ្ឋាភិបាលស្និទ្ធក្រុងប៉េកាំង។
ក្នុងសន្និសីទសារព័ត៌មានមួយ លោកREN GUOQIANGអ្នកនាំពាក្យម្នាក់របស់ក្រសួងការពារប្រទេសចិនបានព្រមានកាលពីថ្ងៃទី២៩សីហាថា ចិនមានទំនុកចិត្តនិងមានសមត្ថភាពចាំបាច់ ដើម្បីការពារក្នុងរយៈពេលយូរអង្វែងភាពរុងរឿងនិងស្ថេរភាពរបស់ហុងកុង ក៏ដូចជាសន្តិភាពនិងសណ្ដាប់ធ្នាប់នៅទីនោះដែរ។
ការប្ដូរវេនកងទ័ពនេះកើតមាន ក្នុងពេលដែលប៉ូលិសហុងកុងបានហាមឃាត់មិនឲ្យមានបាតុកម្មធំថ្មីនាថ្ងៃទី៣១សីហា។ ប៉ូលិសហុងកុងលើកពីហេតុផលសន្តិសុខ ដោយរំឭកថាការប្រមូលផ្ដុំមនុស្សធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន កើតមានអំពើហិង្សាធ្ងន់ធ្ងរនានា៕ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ Le Huffington Post)
ចែករំលែកព័តមាននេះ