ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រី​កំពុង​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំពុង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាង «​ច្បាប់​ស្តី​ពី​សំណង់​»​។ លោក ផៃ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំពុង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាង «​ច្បាប់​ស្តី​ពី​សំណង់​»​។ លោក ផៃ ស៊ី​ផា​ន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៣០​សីហា​នេះ​។

ដែល​មាន​ខ្លឹមសារ​សង្ខេប​ដូច​ខាងក្រោម ៖ សេចក្តីព្រាងច្បាប់​វិស័យ​សំណង់ បាន​ដើរតួ​នាទី​ជា​សសរស្ដម្ភ​មួយ​ជាមួយ​សសរស្ដម្ភ​ដែល​ជំរុញ​កំណើន ៣​ទៀត គឺ​វិស័យ​ទេសចរណ៍ វិស័យ​កសិកម្ម និង​វិស័យ​ឧស្សាហកម្ម ដោយ​ចូលរួម​រៀបចំ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ក្នុង​វិស័យ​សាធារណៈ​ទាំង​ក្នុង​វិស័យ​ឯកជន ពិសេស​រចនាសម្ព័ន្ធ​ផលិតកម្ម​ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម និង​ទេសចរណ៍ ព្រមទាំង​ចូលរួម​អភិវឌ្ឍ​លំនៅ​ឋាន និង​សំណង់​ផ្សេង​ទៀត សម្រាប់​បម្រើ​ឱ្យ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព និង​ផា​សុខភាព ។

លោក​សរសេរ​ទៀត​ថា រយៈពេល​ជាង​មួយ​ទស្សវត្សរ៍​ចុង​ក្រោយ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​កំណើន​ជា​ទៀងទាត់ និង​នៅ​តែ​បន្ត​រីក​ចម្រើន​ជា​លំដាប់ ជា​ពិសេស​ការ​សាងសង់​សំណង់​ធំ​ៗ​ខ្ពស់​ៗ ដូច​ជា អគារ​ស្នាក់​នៅ​រួម​អគារ​លក់ទំនិញ​ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ការិយាល័យ សណ្ឋាគារ អគារ​ពហុមុខ​ងារ សំណង់​ទីក្រុង​រណប បុរី​លំនៅ​ឋាន ភូមិ​គ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំង ស្ថានីយប្រេងឥន្ធនៈ​។ ក្នុង​សន្ទុះ​នៃ​ការ​រីក​ចម្រើន​របស់​វិស័យ​សំណង់​តម្រូវការ​នៃ​ការ​ពង្រឹង​ការ​គ្រប់គ្រង​រាល់​ដំណើរការ និង​ប្រតិបត្តិការ​ក្នុង​វិស័យ​សំណង់ និង​អ្នក​ពាក់ព័ន្ធ​នឹង​ការងារ​សំណង់​កាន់តែ​មាន​ភាព​ចាំបាច់​ជា​សារ​វ័​ន្ត ។

សំណង់​កាន់តែ​ធំ កាន់តែ​ខ្ពស់ និង​កាន់តែ​ស្មុគស្មាញ កាន់តែ​ទាមទារ​ឱ្យ​ការ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិ​យុ​ត្ត បច្ចេកវិទ្យា ស្ដង់ដារ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស ដើម្បី​ធានា​ភាពរឹងមាំ គុណភាព សោភណភាព និង​ចីរភាព​នៃ​សំណង់​រៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដើម្បី​ឆ្លើយ​តប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ផង និង​ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ និង​ភាព​សុខដុមរមនា​នៅ​ក្នុង​សង្គម​ផង ។

ឆ្លើយ​តប​នឹង​តម្រូវការ​នេះ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​២០១៩-២០២៣ និង​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​រៀបចំ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១១ បាន​កំណត់​ឱ្យ​រៀបចំ​ច្បាប់​ស្ដី​ពី​សំណង់ ។ លោក​បន្ថែម​ថា សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សំណង់​នេះ​ត្រូវ​បាន​តាក់តែង​ឡើងជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៧ ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​មានការ​ចូលរួម​ផ្ដល់​មតិយោបល់ និង​ធាតុ​ចូល​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី​ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន ។

សេចក្ដីព្រាងច្បាប់​នេះ​ត្រូវ​បាន​បញ្ជូន​មក​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ និង​បាន​ដាក់​ឆ្លង​កិច្ចប្រជុំ​បច្ចេកទេស​ជាមួយ​ក្រុមប្រឹក្សា​អ្នក​ច្បាប់ និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​វប្បធម៌​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៣ ទី​២៤ និង​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ និង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ថ្ងៃ​ទី​៦ និង​ទី​៧ ខែសីហា ឆ្នាំ​២០១៩ ។ ក្រសួងយុត្តិធម៌​បាន​ជួយ​ពិនិត្យ​កែសម្រួល​លើ​បណ្ដា​មាត្រា​មួយ​ចំនួន​ក្នុង​ជំពូក​ពាក់ព័ន្ធ​នឹង​នីតិវិធី និង​ទោស​ប្បញ្ញត្តិ ដើម្បី​ធានា​ឱ្យ​មាន​សង្គតិភាព​ជាមួយ​ច្បាប់​ជា​ធរមាន​ដទៃ​ទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សេចក្ដីព្រាងច្បាប់​នេះ​ក៏​ត្រូវ​បាន​ដាក់​ឆ្លង​ការ​ពិភាក្សា​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ ផង​ដែរ ។

សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សំណង់ មាន​គោលបំណង និង​សារ​ប្រយោជន៍​ដូច​ខាងក្រោម ៖ ពង្រឹង​ការ​គ្រប់គ្រង​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ការ​ប្រតិបត្តិ​ការងារ​ទាំងឡាយ​ក្នុង​វិស័យ​សំណង់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់ អ្នក​ប្រើប្រាស់ និង​សាធារណជន ។ ចូលរួម​ពង្រឹង​ការ​គ្រប់គ្រង​នគរូបនីយកម្ម ដោយ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណភាព និង​បរិស្ថាន​ល្អ​សម្រាប់​ការ​រស់នៅ​ប្រកបដោយ​ចីរភាព សំដៅ​លើកកម្ពស់​សុខុមាលភាព​សាធារណៈ ។ បង្កើន​គណនេយ្យ​ភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់ ។ បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​នៅ​ក្នុង​វិស័យ​សំណង់ ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​សង្គម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ