ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ទទួលយក​សំណើរ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​ព្រៃឈើ និង​បញ្ហា​ជា​ច្រើន​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ទទួលយក​សំណើរ​ដោះស្រាយ​បញ្ហា​ជំនា​ស់​ដីធ្លី បញ្ហា​ព្រៃឈើ បញ្ហា​បទ​ល្មើ​ជលផល និង​បញ្ហា​ផ្សេង​ៗ​ទៀត​ពី​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ទទួលយក​សំណើរ​ដោះស្រាយ​បញ្ហា​ជំនា​ស់​ដីធ្លី បញ្ហា​ព្រៃឈើ បញ្ហា​បទ​ល្មើ​ជលផល និង​បញ្ហា​ផ្សេង​ៗ​ទៀត​ពី​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ហើយនឹង​ចេញ​ស​.​ជ​.​ណ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​បាន​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​២៨ សីហា នៅ​កិច្ចប្រជុំ​ជាមួយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ។

សម្តេច​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​១២​ខែ​កន្លង​ទៅ​នេះ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បាន​បំពេញការងារ​របស់​ខ្លួន និង​បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​តេ​ជោ​ផង​ដែរ ហើយ​រយៈពេល​កន្លង​មកនេះ គឺ​សមាជិក​បាន​បំពេញបេសកកម្ម​ប្រមូល​ទិន្នន័យ​ដល់​មូល ដ្ឋា​ន​ផ្ទាល់ គឺ​មាន​ចំនួន​២៩៥​លើក ហើយ​បាន​ដាក់​ជូន​សម្តេច​តេ​ជោ​ចំនួន​២៥១​លើក ហើយ​ការ​ចុះ​ទៅ​នោះ គឺ​ដោយ​ខ្លួនឯង​គ្មាន​នរណា​បង្គាប់បញ្ជា​បាន​ទេ ហើយ​របាយការណ៍​នោះ​ក៏​អត់​យក​ទៅ​ដាក់​ទៅ​ស្ថាប័ន​ណា​ដែរ គឺជា​របាយការណ៍​ដែល​ត្រូវ​ដាក់​ជូន​តែ​សម្ដេច​តេ​ជោ​នាយករ ដ្ឋ​មន្ត្រី​តែ​ប៉ុណ្ណោះ ។

សម្តេច​តេ​ជោ​លើក​ឡើង​ថា មក​ដល់​ពេល​នេះ​សំណុំរឿង​ភាគច្រើន​ដែល​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ទទួល​បាន គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​រំលោភ​យក​ដី​រដ្ឋ ជា​ពិសេស​រំលោភ​យក​ដី​គម្រប​ព្រៃឈើ បញ្ហា​បទល្មើស​ព្រៃឈើ បញ្ហា​បទល្មើស​ជលផល បញ្ហា​បរិស្ថាន​ផ្សេង​ទៀត ដូច​ជា ការ​រំលោភ​ការ​ចាក់​លុប​ឆ្នេរ បឹង ព្រែក បញ្ហា​គ្រឿងញៀន អំពើ​ពុក​រលួយ រួម​ទាំង​បញ្ហា​ផ្សេង​ៗ​ទៀត ។ ហើយ​បញ្ហា​ទាំង​អស់នេះ​ត្រូវ​បាន​សម្ដេច​តេ​ជោ​ទទួលយក ហើយនឹង​ចេញ​សេចក្តីជូនដំណឹង ( ស​.​ជ​.​ណ​) ដើម្បី​ដោះស្រាយ​តាម​រយៈ​ប្រជុំ​ជាមួយ​ក្រសួង​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ចាត់វិធានការ និង​រក​ដំណោះស្រាយ​។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ឆ្លើយ​តប​ទៅ​តាម​សំណើរ និង​សំណូមពរ​នូវ​អ្វី​ដែល​ជា​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​ដែល​សម្តេច​គិត​ថា ជា​ធាតុ​ចូល​មួយ​ក្នុង​ការ​រួមចំណែក និង​ជា​ពហុ​គំនិត​ដល់​ការ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ​ថា ចាប់ពី​ពេល​នេះ​តទៅ គឺ​ត្រូវ​អនុវត្ត​នូវ​អភិក្រម​ទី​៥ គឺ​វះកាត់ ដូច្នេះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​នូវ​ទ​ង្វើ​ទាក់ទង​ទៅ​នឹង​បញ្ហា​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ គឺ​មិន​ត្រឹមតែ​ដាក់ទោស​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​ដក​តំណែង និង​ការ​រឹបអូស ឬ​បង្កក​ទ្រព្យសម្បត្តិ​ផង​ដែរ​ដូច​ជា ករណី​ការ​រំលោភ​ដីធ្លី និង​បញ្ហា​បទល្មើស​ព្រៃឈើ​ជាដើម ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​យោបល់​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ប្រមូល​ធាតុ​ចូល​ក៏​ដូច​ជា ការ​ស្រាវជ្រាវ​រក​បញ្ហា​ដែល​បាន​កើតឡើង​នៅ​តាម​មូលដ្ឋាន​នានា ក្នុង​ការ​ដាក់​ជូន​ដល់​រដ្ឋាភិបាល ដើម្បី​ធ្វើ​សេចក្តី​សម្រេចចិត្ត និង​រក​វិធី​ដោះស្រាយ​ដែល​សម្តេច​គិត​ថា យន្ត​នេះ គឺជា​ការ​ជួយ​រាជរដ្ឋាភិបាល និង​ជា​ការ​ជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល​រំកិល​ទៅ​កៀក​គ្នា ដើម្បី​ធានា​បាន​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​អោយ​មាន​ភាពល្អ​ប្រសើរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ