ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​៖ មន្ត្រី​ត្រូវ​បញ្ចៀស​ដាច់ខាត​ការ​យក​កម្រៃ​សេវា​ក្រៅផ្លូវការ ពី​វិស័យ​ឯកជន

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បញ្ហា​នៃ​ការ​យក​សេវា​ក្រៅផ្លូវការ​បាន​ក្លាយជា​ជំងឺ​មួយ​ទាមទារឲ្យ​មាន​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​លុប​បំបាត់​ចោល ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឯកជន​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​នោះ ។ ​ ជាក់ស្តែង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម…

​រាជធានី​ភ្នំពេញ​៖ បញ្ហា​នៃ​ការ​យក​សេវា​ក្រៅផ្លូវការ​បាន​ក្លាយជា​ជំងឺ​មួយ​ទាមទារឲ្យ​មាន​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​លុប​បំបាត់​ចោល ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឯកជន​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​នោះ ។

ជាក់ស្តែង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ពេល​ថ្មី​នេះ​បាន​ស្នើ​ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម ធ្វើ​កិច្ចការ​បួន​យ៉ាង ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការ​អនុវត្ត​អភិបាលកិច្ច​ល្អ ដែល​កិច្ចការ​មួយ​ក្នុង​ចំណោម​កិច្ចការ​ទាំង​៤​នោះ គឺ​ត្រូវ «​បញ្ចៀស​ដាច់ខាត​ការ​យក​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​វិស័យ​ឯកជន​» ។

​ថ្លែង​នៅ​ចំពោះ​មុខមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នា​ឱកាស​ចុះ​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ​របស់​មន្ទីរ និង​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ការងារ​សំខាន់​ៗ​របស់​ក្រសួងពាណិជ្ជកម្ម ក៏​ដូច​ជា​កិច្ចការ​ដែល​រាជរដ្ឋាភិបាល និង​ក្រសួង​កំពុង​បន្ត​អនុវត្ត សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ជាតិ លោក ប៉ាន សូរ​ស័ក្តិ ក៏​បាន​ស្នើ​មន្ត្រី​ធ្វើ​កិច្ចការ​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការ​អនុវត្ត​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដូច​ជា ៖ (១)​ខិតខំ​ពង្រីក​ចំណេះដឹង​ទាំង​កម្រិត​ជំនាញ និង​ភាសាបរទេស (២)​សហការ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងពាណិជ្ជកម្ម (៣) បញ្ចៀស​ដាច់ខាត​ការ​យក​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​វិស័យ​ឯកជន និង​(៤)​សហការ​ជាមួយ​ក្រុមការងារ​ចុះ​ពង្រឹង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​។

ក្រៅពី​សំណើ​ខាងលើ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​ពី​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​ចូលរួម​អនុវត្ត​យុទ្ធសាស្ដ្រ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ដែល​បាន​អនុម័ត​កាលពី​ខែមិថុនា ឆ្នាំ​២០០៥ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​បរិ​យា​ប័ន (​ការ​ចូលរួម​ពី​គ្រប់​ភាគី​) រវាង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ធានា​ការ​អភិវឌ្ឍ​សង្គម និង​ការ​ធ្វើ​ពិពិធ​កម្ម​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​គូសបញ្ជាក់​ថា «​ក្រសួង​បាន​ពង្រឹង​ការ​ការពារ​កម្មសិទ្ធិបញ្ញា និង​យន្តការ​ត្រួតពិនិត្យ ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ សំដៅ​ការពារ​សុខមាលភាព​ប្រជាជន​ទាំងមូល តាម​រយៈ​ច្បាប់​ចំនួន​បី ដែល​នឹង​ត្រូវ​ដឹកនាំ​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ថ្មី​គឺ​៖ ច្បាប់​ស្ដី​ពី​សុវត្ថិភាព​ម្ហូបអាហារ​, ច្បាប់​ស្ដី​ពី​ការ​ប្រកួតប្រជែង និង​ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ដែល​ច្បាប់​ទាំង​អស់នេះ បាន​អនុម័ត​រួច​ហើយដោយ​គណៈរដ្ឋមន្ត្រី ហើយ​បាន​បញ្ជូន​ទៅ​ដល់​រដ្ឋសភា ដើម្បី​ធ្វើការ​អនុម័ត នៅ​ពេល​បើក​បវេសនកាល​ឡើង​វិញ​» ។

បន្ថែម​លើ​នោះ​ទៀត លោក ប៉ាន សូរ​ស័ក្តិ ក៏​បាន​លើក​ឡើង​អំពី​សមិទ្ធផល​ការងារ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ ជា​ពិសេស​ការ​ចរចា​ទាញ​យក​អត្ថប្រយោជន៍​ផ្សេង​ៗ ពី​កិច្ចព្រមព្រៀងទ្វេភាគី និង​ពហុភាគី ព្រមទាំង​បាន​បង្ហាញ​នូវ​មោទកភាព​ចំពោះ​សមិទ្ធផល​ការងារ​ទាំងឡាយ ដែល​កើត​ចេញពី​វប្បធម៌​សាមគ្គីភាព​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ទាំង​នៅ​ក្នុង​ក្រសួង និង​នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម ក៏​ដូច​ជា​សាខា​កាំកុងត្រូល​រាជធានី​-​ខេត្ត​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ