ខេត្តកំពត ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីថ្ងៃទី២៦ សីហា កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពតបានធ្វើការឃាត់ខ្លួននារីស្លៀកពាក់ជាប្រុស ក្រោយបានលួងលោមស្រឡាញ់ស្រីភេទដូចគ្នា ហើយដោះយកគ្រឿងអលង្កាអស់ ទីបំផុតនៅគេចរួចពីសំណាញ់ច្បាប់ ។
ស្ត្រីសង្ស័យខាងលើ ឈ្មោះ លី មិនហ៊ួ អាយុ១៦ឆ្នាំ ជាកម្មករឡនំបុ័ង នៅសូសូ ស្រុកគីរីវង្ស ដែលមានទី តាំងស្ថិតនៅក្បែររង្វង់មូលគួរស្រូ តាមបណ្តោយផ្លូវជាតិលេខ២ ខេត្តតាកែវ ។ ដោយឡែក នារីរងគ្រោះឈ្មោះ ថុល ស្រីអូន អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ បិតត្រាង (លីអូ) ។ ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកត្នោតថា កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៣០នាទី មានឈ្មោះ លី មិនហ៊ួ បានតែងខ្លួនជាប្រុស មកសុំស្រឡាញ់ខ្លួន ។
ពេលនោះ ខ្លួនក៏ចាប់ចិត្តស្រឡាញ់គេដែរ គឺទាក់ទងនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។ បើតាមពាក្យបណ្តឹងនៅសមត្តកិច្ចបានបញ្ជាក់ថា បន្ទាប់ពីពួកគេបានស្រឡាញ់គ្នាហើយក៏បបួលគ្នាដើរលេង ពេលនោះជនសង្ស័យក៏បានលួងលោម និងដោះយកគ្រឿងអលង្ការបស់ជនរងគ្រោះដូចជា៖ ១-ខ្សែកផ្លាកទីន តំលៃ១លានរៀល, ២-ខ្សែក ២ខ្សែ ផ្លាកទីន ៦៤ម៉ឺនរៀល, ៣-ទូរស័ព្ទធំម៉ាកoppo A7 បញ្ចាំ ១០ម៉ឺនរៀល, ៤-ចិញ្ចៀនមាស១វង់ ទំងន់មួយជី ៧០ម៉ឺនរៀល, ៥-ចិញ្ចៀនផ្លាកទីន១វង្សទំងន់១ជី ៣០ម៉ឺនរៀល, ៦-ខ្សែជើងមួយខ្សែទំងន់ ៥ជី តំលៃ ១លានរៀល, ៧-លុយផ្ទាល់ខ្លួន៨ម៉ឺនរៀល សរុបទឹកប្រាក់ទាំងអស់ចំនួន៤៨២ម៉ឺនរៀល ។
បន្ទាប់ពីដោះយកគ្រឿងអលង្ការហើយ ជនសង្ស័យបានគេចខ្លួនបាត់ លុះដល់ថ្ងៃទី២៦ សីហា ពោលគឺរំលង៣ថ្ងៃ ជនរងគ្រោះបានឃើញជនសង្ស័យនៅចំណុចខាងលើ ក៏ចាប់ខ្លួនប្រគល់ឲ្យសមត្តកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ