ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំងគំនូរ​សម័យ​លង្វែក​ជាច្រើនបង្ហាញ​នៅ​វត្ត​មួយ​ក្នុង​ខេត្តកំពង់ឆ្នាំង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ វត្ត​ពោធិរុក្ខា​រាម ហៅ​វត្ត​កំពង់ត្រឡាច​ក្រោម គឺជា​វត្ត​មួយ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​អ្វីដែលពិសេសគឺមាន​ផ្ទាំងគំនូរ​បុរាណ​ ដែល​បន្សល់​ទុកជា​ស្នាដៃ​មរតក​វប្បធម៌​​ដ៏​មាន​តម្លៃ​របស់​បុព្វបុរស​ខ្មែរ​យើង​ដល់​បច្ចុប្បន្ន ។ ប៉ុន្តែ​គួរ​សោកស្តាយ ផ្ទាំង​មួយ​ភាគ​ធំ​ត្រូវ​បាន​ខូចខាត​ដោយ​កត្តា​ធម្មជាតិ (​ទឹក…

ខេត្តកំពង់ឆ្នាំង ៖ វត្ត​ពោធិរុក្ខា​រាម ហៅ​វត្ត​កំពង់ត្រឡាច​ក្រោម គឺជា​វត្ត​មួយ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​អ្វីដែលពិសេសគឺមាន​ផ្ទាំងគំនូរ​បុរាណ​ ដែល​បន្សល់​ទុកជា​ស្នាដៃ​មរតក​វប្បធម៌​​ដ៏​មាន​តម្លៃ​របស់​បុព្វបុរស​ខ្មែរ​យើង​ដល់​បច្ចុប្បន្ន ។ ប៉ុន្តែ​គួរ​សោកស្តាយ ផ្ទាំង​មួយ​ភាគ​ធំ​ត្រូវ​បាន​ខូចខាត​ដោយ​កត្តា​ធម្មជាតិ (​ទឹក ភ្លៀង​) និង​មួយ​ចំនួន​ទៀត​ ខូចខាត​ដោយសារ​តែ​សម័យ​ប៉ុ​ល​ ពត យក​ព្រះ​វិហារ​ដែល​មាន​ផ្ទាំងគំនូរ​បុរាណ​នេះ ធ្វើ​ជា​កន្លែង​ឃុំឃាំង អ្នកទោស នឹង​ធ្វើ​ឃ្លាំង​ដាក់​អំបិល ។ វត្ត​ដ៏​មាន​វ័យ​ចំណាស់​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ។

ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង លោក សុខ ធួ​ក បានអោយ​ដឹង​ថា​ វត្ត​ពោធិ​រុក្ខ​រាម ហៅ​វត្ត​កំពង់ត្រឡាច​ក្រោម​នេះ កសាង​ឡើង​ក្នុង​សម័យ​ឧត្ត​ង្គ-​លង្វែក គឺ​ក្រោយ​សម័យ​អង្គរ ដោយ​លោក​បាន​បញ្ជាក់​ពី​សម័យកាល​ថា បើ​គេ​កំណត់​សតវត្សមិន​បាន​ទេ គេបាន​ចែក​ជា៣ គឺ​សម័យកាល គឺទី​សម័យ​មុន​អង្គរទី​២ សម័យ​អង្គរ និង​ទី​៣​សម័យ​ក្រោយ​អង្គរ គឺ​ក្នុង​ស​ន្លោះ​សតវត្ស​ទី១៤​ ដល់១៧ ​។

ដោយឡែក​ ចាប់ពី​សតវ​ត្តទី​១៨​ឡើង​ទៅ គេ​ហៅ​សម័យមួយ​ផ្សេង​ទៀត គឺ​សម័យ​ជឿនលឿន ។​ ចំពោះ​ផ្ទាំងគំនូរ​បុរាណ​ដែល​នៅ​ក្នុង​ព្រះ​វិហារ​នៃ វត្ត​ពោធិ​រុក្ខ​រាម​ហៅ​វត្ត​កំពង់ត្រឡាច​ក្រោម គឺជា​មរតក​ដ៏​មាន​តម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​ឡើយ ។ គំនូរ​ទាំងនេះ ​ថ្វីបើ​មិន​ដូច​ទាំងស្រុង ប៉ុន្តែ​វា​ប្រហាក់ប្រហែល​ទៅ​គំនូរ​បុរាណ​នៅ​ក្នុងព្រះ​វិហារ​ព្រះ​កែវ​មរកត នៃ​ព្រះ​បរមរាជវាំង​យើង​ដែរ អាច​ថា​ជា​ស្នាដៃ​តែ​មួយ​នៃ​វិចិត្រករ នា​សម័យ​នោះ ។

នៅ​លើ​ផ្ទាំងគំនូរ​ទៀត​សោត ​គឺ​បាន​បង្ហាញ​អំពី​ជីវភាព​រស់នៅ​របស់​បុព្វបុរស​យើង​នា​សម័យ​លង្វែក និង​សម័យ​ឧត្ត​ង្គ ដោយ​បាន​រៀបរាប់​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ មាន​ដូច​ជា​ការ​ប្រណាំង​រទេះគោ​, ក្បាច់​គុណ​ល្បុក្កតោ​, របាំ​សៀ​ក​, ជល់​មាន់​, ជល់​ដំរី និង បោកចំបាប់ ផ្សេង​ៗដើម ។ ជាមួយ​គ្នា​នេះ​ ក៏​បាន​បង្ហាញ​ពី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ តាម​ទី​អារាម និង​តាម រាជវាំង​ជំនាន់​នោះ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ដែរ​ថា​គំនូរ​នេះ​ទោះបី​តែ​បាន​រលុប​បាត់​មួយ​ចំនួន​ធំ ទៅ​ហើយ​ក្តី ក៏​ប៉ុន្តែ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​គំនូរ​ដែល​មាន​អាយុកាល​រាប់ រយ ពាន់ ឆ្នាំ មក​ដល់​បច្ចុប្បន្ន​ដែល​សម័យ​នោះ​គ្មាន​ទឹក​ថ្នាំ​គីមី​នោះ​ទេ​ប្រើ​ដោយ​ជ័រ​ឈើ​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​បាន​នៅ​ច្បាស់​ដល់​សព្វថ្ងៃ ។ លោក​សុខ ធួ​ក បាន​បញ្ជាក់​ថា​ កន្លង​ទៅ​មានការ​លើក​ឡើង​ថា​ហេតុ​ដូច​ម្ដេច ក៏​គេ​មិន​គូរគំនូរ​នោះ​ឡើង​វិញ​…​? ។ លោក​បាន​ពន្យល់​ថា​ គំនូរ​បុរាណ តែ​កាលណា​គូរ​ឡើង​វិញ វា​លែង​បុរាណ និង​វាក៏ អស់​មាន​តម្លៃ​ទៅ​ហើយ​ដែរ លើស​ពី​នេះ​ទៀត វាក៏លែង​ជា​សម្បត្តិ​បេតិកភណ្ឌ​បុរាណទៅ​ទៀត ។

ប​​ច្ចុ​ប្បន្ន ទោះបីព្រះ​វិហារ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាងណា​ក្តី ក៏​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ត្រឹមតែ​ចំណាយ​ថវិកា ក្នុង​ការ​ជួសជុល ព្រះ​វិហារ​ឲ្យ​នៅ​រឹង​មាំ ជា​ពិសេស​បាយអរ ។ ក៏​ប៉ុន្តែ​ចំពោះ​លើ​ផ្ទាំងគំនូរ​គឺ​មិន​អាច​លុប​គូរ​ឡើង​វិញ​ជា​ដាច់ខាត ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ