ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ទាក់ទាញ​ទេសចរ​ចិន កម្ពុជា​នឹង​ពង្រីក​ជើងហោះហើរ​ត្រង់​បន្ថែម​ទៀត​ទៅ​កាន់​គោលដៅ​សំខាន់​ៗ​របស់​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​កំណត់​យក​ទេសចរ​ជនជាតិ​ចិន ជា​គោលដៅ​ចម្បង​ក្នុង​ការ​ទាក់ទាញ​មក​ទស្សនា​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ​ទើប​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​កំពុង​ជំរុញ​ការ​ចរចា​ជាមួយ​ភាគី​ចិន​ក្នុង​ការ​បើក​ជើងហោះហើរ​ត្រង់​-​មក រវាង​កម្ពុជា​និង​ចិន ។ ជា​ពិសេស​រាជរដ្ឋាភិបាល​ក៏​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ពង្រីក​ជើងហោះហើរ​បន្ថែម​ទៀត​ទៅ​កាន់​គោលដៅ​ប្រទេស ដើម្បី​នាំ​ទេសចរ និង​វិ​និ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​កំណត់​យក​ទេសចរ​ជនជាតិ​ចិន ជា​គោលដៅ​ចម្បង​ក្នុង​ការ​ទាក់ទាញ​មក​ទស្សនា​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ​ទើប​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​កំពុង​ជំរុញ​ការ​ចរចា​ជាមួយ​ភាគី​ចិន​ក្នុង​ការ​បើក​ជើងហោះហើរ​ត្រង់​-​មក រវាង​កម្ពុជា​និង​ចិន ។ ជា​ពិសេស​រាជរដ្ឋាភិបាល​ក៏​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ពង្រីក​ជើងហោះហើរ​បន្ថែម​ទៀត​ទៅ​កាន់​គោលដៅ​ប្រទេស ដើម្បី​នាំ​ទេសចរ និង​វិ​និ យោគិន​មក​កម្ពុជា ។

​ពាក់ព័ន្ធ​នឹង​គម្រោង​នៃ​ការ​ពង្រីក​ឲ្យ​បាន​កាន់តែ​ច្រើន​នូវ​ជើងហោះហើរ​ផ្ទាល់​ទៅ​-​មក រវាង​ប្រទេស​កម្ពុជា​និង​ខេត្ត​-​ក្រុង​សំខាន់​ៗ​របស់​ប្រទេស​ចិន​នោះ រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍​កម្ពុជា លោក ថោ​ង ខុន បាន​ឲ្យ​ដឹង​ថា​កម្ពុជា​ក៏​កំពុង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ជាមួយ​ខេត្ត​ហឺ​ណា​ន ប្រទេស​ចិន ។ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អនុញ្ញាត​ឲ្យ​លោក Ma Jian អគ្គនាយក​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រ​លាន​យន្តហោះ​ក្រុង Zhengzhou (Zhengzhou Airport Economic Zone-ZAEZ) នៃ​ខេត្ត​ហឺ​ណា​ន ប្រទេស​ចិន និង​សហការី អម​ជាមួយ​វត្តមាន​លោក Zhan Yuhong ស្ថាន​តំណាង​ទេសចរណ៍​ប្រចាំ​ទីក្រុង Zhengzhou ខេត្ត​ហឺ​ណា​ន ចូល​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ សំដៅ​ពង្រឹង​ចំណងមិត្តភាព កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ខេត្ត​ហឺ​ណា​ន ប្រទេស​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅ​ក្នុង​ការ​ជួប​ពិភាក្សា​នេះ ផ្តោត​សំខាន់​ទៅ​លើ​ចំណុច​សំខាន់​ដូច​ជា​៖ ១/​ជំរុញ​កា​រត​ភ្ជាប់​ជើងហោះហើរ​ពី​ខេត្ត​ហឺ​ណា​ន​មក​កម្ពុជា ទាំង​ផ្នែក​ដឹក​ជញ្ជូន​អ្នកដំណើរ (passengers) និង​ទំនិញ​(Cargos)​។ ២/ អាស្រ័យ​ដោយ​ខេត្ត​ហឺ​ណា​ន ជា​ខេត្ត​ដែល​មាន​ប្រជាជន​ច្រើន​រហូត​ប្រមាណ ១០០​លាន​នាក់ អង្គប្រជុំ​ក៏​ឯកភាព និង​ទទួលស្គាល់​ភាព​ចាំបាច់​ក្នុង​ការ​ជំរុញ និង​ពិនិត្យ​លទ្ធភាព​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ហឺ​ណា​ន​។ ៣/ ការ​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​តាម​រយៈ​ការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​រួម​គ្នា​នៃ​សក្តានុពល​ទេសចរណ៍​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ហឺ​ណា​ន ជា​ពិសេស​ត្រៀម​សហការ​រៀបចំ​ពិធី​បិទ​ព្រឹត្តិការណ៍​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌ កម្ពុជា​-​ចិន ផង​ដែរ​។ ៤/​ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព នៅ​ថ្ងៃ​អនាគត នឹង​ជំរុញ​ឲ្យ​មានការ​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​រវាង​កម្ពុជា និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រ​លាន​យន្តហោះ​ក្រុង​Zhengzhou (ZAE) របស់​ខេត្ត​ហឺ​ណា​ន​។

​សូម​បញ្ជាក់​ថា ខេត្ត​ហឺ​ណា​ន គឺជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន​ដែល​សំបូរ​ដោយ​បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដូច​ជា​វត្ត​សាវ​ឡិ​ញ Mt. Songshan’s Shaolin Temple ព្រះ​វិហារ Xiangguo Monastery ជាដើម​។ ​ថ្មី​ៗ​នេះ​ផង​ដែរ លោក ថោ​ង ខុន ក៏​បាន​ណែនាំ​ទៅ​កាន់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន អាកាសចរណ៍​ជាតិ​កម្ពុជា អង្គរ​អ៊ែ​រ គិតគូរ​ដល់​គម្រោង​បង្កើត​ការ​ជើងហោះហើរ​ត្រង់​បន្ថែម​ទៀត​ទៅ​កាន់​គោលដៅ​ប្រទេស​ចិន ជា​ពិសេស​ទៅ​តំបន់​ណា​ដែល​កម្ពុជា បាន​ដាក់​ស្ថាន​កុ​ល​ស៊ុ​ល​ប្រចាំការ​នៅ​ទីនោះ ដូច​ជា​ខេត្ត​ស៊ី​អាន ខេត​ឆុង​ឈី​ង សៀង​ហៃ ក្វា​ង​ចូ​វ​ជាដើម ។ ​លោក​បាន​បន្ត​ថា ការ​បើក​ជើងហោះហើរ​ត្រង់​ទៅ​កាន់​ទីនោះ អាច​នាំ​ទេសចរ​ចិន​និង​អ្នក​វិនិយោគ​មក​កាន់​កម្ពុជា បាន​កាន់តែ​ច្រើន ដោយសារ​តែ​ពួក​គេ​ងាយស្រួល​ក្នុង​ការ​ស្នើ​សុំ​ទិ​ដ្ឋ​ការ​មក​កាន់​ប្រទេស​កម្ពុជា សំខាន់​ជាង​នេះ​ទៅ​ទៀត ទេសចរ​ចិន​មាន​ចំនួន​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក ហើយ​ប្រទេស ណា​ក៏​ចង់បាន​ភ្ញៀវ​ទេសចរ​របស់​ចិន​ដែរ ដោយសារ​តែ​កំនើនសេដ្ឋកិច្ច​របស់​ចិន មានការ​រីក​ចម្រើន​ខ្លាំង អ​ញ្ចឹ​ង​ហើយ​ពលរដ្ឋ​ចិន​ត្រូវការ​ចំណាយ​ប្រាក់​ដើម្បី​ដើរ​កម្សាន្ត ។ ម្យ៉ាងទៀត​យោង​តាម​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់​នាំ​ទាំង​ពីរ​ប្រទេស កម្ពុជា ចិន អាច​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។

លោក​ថា​៖« ប្រទេស​នៅ​លើ​ពិភពលោក តែងតែមាន​វត្តមាន​ជនជាតិ​នៅ​ប្រទេស​ទាំងនោះ ហើយ​ពួក​គេ​តែងតែ​បង្កើត​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​លេង​និង​ទស្សនា​ក្នុង​ប្រទេស​របស់​គេ ។ បច្ចុប្បន្ន​ចិន​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​មួយ​នៅ​លើ​ពិភពលោក ដូច្នេះ​ប្រជាជន​ចិន​ក៏​ចេញ​ក្រៅប្រទេស​ច្រើន​ជាងគេ​ដែរ » ។

បើ​តាម​លោក​ហូ វ​ណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ថា មិន​ថា​តែ​ជនជាតិ ឬ​ជនជាតិ​អ្វី​ទេ យើង​សូម​ស្វាគមន៍ នូវ​អ្នក​ទាំង​ទេសចរ​មក​ពី​គ្រប់​ទិស​ទី ដើម្បី​មក​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​នានា ក្នុង​ប្រទេស​កម្ពុជា ព្រោះ ពេល​ដែល​ទេសចរ​មក​កាន់តែ​ច្រើន នឹង​នាំ​ប្រាក់​ចំណូល​បន្ថែម​មក​ប្រទេស​ជាតិ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា ដែលរ​ករបរ​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ទាំងមូល ។ យោង​តាម​របាយការណ៍​របស់ ក្រសួងទេសចរណ៍​កម្ពុជា ក្នុង​រយៈពេល​១​ឆមាស កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ ៣​លាន​៣​សែន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​ប្រមាណ​១​លាន​៣​សែន​នាក់​ហើយ រឺ​ស្មើនឹង​ប្រមាណ ៣៨,៧​ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​សរុប ដែល​មាន​កំណើន ៣៨,៧​ភាគរយ​ដូច​គ្នា ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ ។

ដោយឡែក​បើ​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ដែល​ជា​អ្នក​ទទួលភារៈ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក៏​បានអោយ​ដឹងផង​ដែរ​ថា ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ គ្រឹះស្ថាន​អង្គរ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បាន​ប្រមាណ​ជិត​១​លាន​៤​សែន​នាក់ ដែល​រក​ចំណូល​បាន​ប្រមាណ​៦២​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ដែរ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក៏​មាន​ចំនួន​ច្រើន​ជាងគេ​ដែរ ជាក់ស្ដែង​ក្នុង​ខែកក្កដា​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ជាង​៥​ម៉ឺន​៨​ពាន់​នាក់ ស្មើនឹង​ប្រមាណ​៣៨,៨៦​ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​សរុប ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ