ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​គ្រញូង​៣៣​កំណាត់​​ស្មើ​៧៦០គីឡូ​ក្រាម​​ចាប់​បាន​​នៅ​ផ្លូវ​ជាតិ​លេខ​៥

15 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ឈើ​គ្រញូង​​ចំនួន​៣៣​កំណាត់​មាន​ទំងន់​៧៦០​គីឡូ​ក្រាម ​​ស្មើ​នឹង​០,៥៨៤​ម៉ែត្រ​គូប ដែល​ដឹក​តាម​រថយន្ត​​​កាមរី​ ស៊េរី​៩២ ពណ៌​ស្លែ​មួយ​គ្រឿង​​​បាន​ត្រូវ​​រដ្ឋ​បាល​ព្រៃ​ឈើ​​សង្កាត់​ឧដុង្គ សហ​ការ​​ជា​មួយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ស្ពឺ ​និង​​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​សន្តិ​សុខ​៥៥១ ចាប់​បាន​​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ មីនា នៅ​តាម​​​ផ្លូវ​ជាតិ​លេខ​៥ ​ចំណុច​​ភូមិ​ស្រះ​កែវ ឃុំ​វត្ត​ចាស់​ ស្រុក​ឧដុង្គ ។ ឈើ​គ្រញូង​នេះ​ត្រូវ​បាន​គេ​​​ដឹក​ចេញ​មក​ពី​តំបន់​​មួយ​ក្នុង​​ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់ ឆ្ពោះ​ចូល​ទៅ​រាជ​ធានី​ភ្នំពេញ ។

ប្រធាន​​សង្កាត់​រដ្ឋ​បាល​​ព្រៃ​ឈើ​​​ឧដុង្គ លោក​ឌុច វ៉ាន់​ឌី និង​ប្រធាន​ស្នាក់​ការ​​សន្តិ​សុខ​​​​​៥៥១ លោក​អ៊ឹម ភ័ណ្ឌ ​បាន​​ឱ្យ​ដឹង​ថា រថយន្ត​​​កាមរី​ ស៊េរី​៩២ ពណ៌​ស្លែ មួយ​គ្រឿង ​​ពាក់​ស្លាក​លេខ​បាត់​ដំបង 2A-0151 ផ្ទុក​​​ឈើ​​​​គ្រញូង​ចំនួន​៣៣​កំណាត់​ ត្រូវ​បាន​កម្លាំង​​សង្កាត់​រដ្ឋ​បាល​ព្រៃ​​ឈើ​​ឧដុង្គ សហ​ការ​ជា​មួយ​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​សន្តិសុខ​៥៥១ ស្ទាក់​ចាប់​បាន​យ៉ាង​ប្រផិត​ប្រផើយ​​បំផុត ។ ​រថយន្ត​ពណ៌​ស្លែ​នេះ​ត្រូវ​បាន​ចាប់​បញ្ជូន​​​ទៅ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​​ឈើ​​​ឧដុង្គ ដើម្បី​ត្រួត​ពិនិត្យ​​​ហើយ​​ទាំង​ឈើ ទាំង​រថយន្ត​ត្រូវ​បាន​​រក្សា​ទុក​​បណ្តោះ​​អាសន្ន​នៅ​ទី​នោះ​។

លោក​ឌុច វ៉ាន់​ឌី ថ្លែង​ថា ​ការ​ដឹក​ឈើ​នេះ​​ពួក​គេ​​ពុំ​ខ្លាច​​​មេ​ព្រៃ​ទេ ​ទោះ​បី​ជា​​ឃាត់​បែប​ណា​ក៏​នៅតែ​ពុំ​ព្រម​ឈប់​ឱ្យ​ធ្វើការ​ត្រួត​ពិនិត្យ​​ត្រឹម​ត្រូវ​ដែរ​​ តែ​ដោយ​​មាន​កិច្ច​​សហ​ការ​​ជា​មួយ​កង​រាជ​អាវុធ​ហត្ថ​ស្នាក់ការ​​៥៥១ ជួយ​អន្តរា​​គមន៍​​​គ្រប់​សភាព​ការណ៍​ ទើប​ទប់​ស្កាត់​​បាន​ខ្លះៗ​ និង​មួយ​ចំនួន​ក៏​​មាន​ការ​​​ឆែក​ឆេរ​ផង​ដែរ ។ ​លោក​បញ្ជាក់​ថា នេះ​ជា​ការ​ចាប់​បាន​លើក​ទី​២ ដែល​​កាល​ពី​ប៉ុន្មាន​​ថ្ងៃ​មុន​​ក៏​ចាប់​បាន​រថយន្ត និង​ឈើ​មួយ​ចំនួន​ដែរ តែ​ជន​ល្មើស​គេច​ខ្លួន​រួច ៕