ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ជប៉ុន​វិនិយោគ​លើ​ការ​ផលិត​គ្រឿង​បង្គុំ​ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ធ្វើ​ពិពិធ​កម្ម​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក​ឱ្យ​ប្រសើរ​ថែម​ទៀត កម្ពុជា​ចង់ឱ្យ​បានការ​បណ្តាក់ទុន​វិនិយោគ​មក​ពីជប៉ុន​លើ​ការ​ផលិត​គ្រឿង​បង្គុំ​និង​សម្ភារ​ទោចក្រយាន​ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល​នា​ពេល​បច្ចុប្បន្ន​និង​អនាគត ខណៈ​កម្ពុជា​គឺជា​ប្រទេស​នាំ​ចេញ​កង់​ធំ​បំផុត​លំដាប់​ទី​២ ក្នុង​ពិភពលោក ។ លោក ប៉ាន សូរ​ស័ក្តិ…

រាជធានី​ភ្នំពេញ​៖ ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ធ្វើ​ពិពិធ​កម្ម​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក​ឱ្យ​ប្រសើរ​ថែម​ទៀត កម្ពុជា​ចង់ឱ្យ​បានការ​បណ្តាក់ទុន​វិនិយោគ​មក​ពីជប៉ុន​លើ​ការ​ផលិត​គ្រឿង​បង្គុំ​និង​សម្ភារ​ទោចក្រយាន​ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល​នា​ពេល​បច្ចុប្បន្ន​និង​អនាគត ខណៈ​កម្ពុជា​គឺជា​ប្រទេស​នាំ​ចេញ​កង់​ធំ​បំផុត​លំដាប់​ទី​២ ក្នុង​ពិភពលោក ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក Horinouchi Hidehisa ឯកអគ្គរាជទូត​ជប៉ុន​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ស្នើ​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​ដែល​បាន​ចប់​អណ្ណ​ត្តិ ឲ្យ​ជួយ​កៀងគរ
វិនិយោគិន​ពី​ប្រទេស​ជប៉ុន មក​បណ្តាក់ទុន​លើ​ការ​ផលិត​គ្រឿង​បង្គុំ និង​សម្ភារ​ទោចក្រយាន ដើម្បី​លើក​ស្ទួយ​ឧស្សាហកម្ម​កម្មន្តសាល និង​ពង្រីក​ការ​នាំ​ចេញ​ផលិតផល​សម្រេច​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា «​កម្ពុជា គឺជា​ប្រទេស​នាំ​ចេញ​កង់​ធំ​បំផុត​លំដាប់​ទី​២ ក្នុង​ពិភពលោក ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ប៉ុន្តែ​សម្ភារៈ និង​គ្រឿង​បង្គុំ​មួយ​ចំនួន ត្រូវ​នាំ​ចូល​ពី​ប្រទេស​ក្នុង​តំបន់ ដូច្នេះ​បើសិន​មាន​ក្រុមហ៊ុន​ផលិត​កង់​ដូច​ជា Shimano មក​វិនិយោគ​លើ​ឧស្សាហកម្ម​នេះ គឺ​ពិតជា​រឿង​ប្រសើរ​បំផុត ពីព្រោះ​យើង​កំពុង​ប្រែក្លាយ​ពី​ប្រទេស​ប្រើប្រាស់​កម្លាំង ទៅ​ជា​ប្រើប្រាស់​ជំនាញ ដើម្បី​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​កំណើនសេដ្ឋកិច្ច ដូច​បាន​កំណត់​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥»​។

សូម​រម្លឹក​ថា កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​កង់​ចំនួន ១,៥២ លាន​កង់​ទៅ​កាន់​សហភាព​អឺរ៉ុប​ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជាង ៣៣១ លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ចេញផ្សាយ​កាលពី​ខែឧសភា​កន្លង​ទៅ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ កាលពី​ឆ្នាំ ២០១៧ កម្ពុជា​បាន​ក្លាយជា​អ្នក​ផ្គត់ផ្គង់​កង់​ធំ​ជាងគេ​ដល់​សហភាព​អឺរ៉ុប​លេខ ១ ដោយ​វ៉ា​ដាច់​តៃវ៉ាន់​។ ភាគច្រើន​នៃ​រោងចក្រ​ផលិត​កង់​នៅ​កម្ពុជា​គឺ​មា​នទី​តាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្តស្វាយរៀង ។

យ៉ាងណាមិញ ក្នុង​ឱកាស​នៃ​ការ​ជួប​ប្រជុំ​ដែល​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​ដល់​ជប៉ុន​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យ​ផលិត​នូវ​គ្រឿង​បង្គុំ​កង់​នេះ លោក Horinouchi Hidehisa ឯកអគ្គរាជទូត​ជប៉ុន បាន​សម្តែង​សេចក្តី​សោម​ន្ស ចំពោះ​វឌ្ឍនភាព​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​កម្ពុជា​-​ជប៉ុន និង​បាន​កោតសរសើរ​អំពី​កំណែទម្រង់​មុត​ស្រួច ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ធុរកិច្ច​របស់​វិនិយោគិន​ជប៉ុន ជា​ពិសេស​ការ​នាំ​ចូល​ទំនិញ​នៅ​តាម​មាត់ច្រក​ព្រំដែន​។

បើ​តាម​លោក​ឯកអគ្គរាជទូត​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​អនាគត​របស់​ប្រទេស​កម្ពុជា និង​បាន​សន្យា​បន្ត​ជួយ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ជំរុញ​វិនិយោគិន​ជប៉ុន ឱ្យ​ចូល​មក​បណ្តាក់ទុន​កាន់​ច្រើន​ថែម​ទៀត ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាជន និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​។

លោក អៀង សុធា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា​-​ជប៉ុន​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ ខែសីហា ម្សិលមិញ​ថា មក​ដល់​បច្ចុប្បន្ន​អ្នក​វិនិយោគិន​របស់​ជប៉ុន​ដែល​បាន​ចូល​ជា​សមាជិក​របស់​សមា​គមាន​ប្រមាណ​៧​ក្រុមហ៊ុន​ក្នុង​ចំនួន​សមាជិក​សរុប​ចំនួន​៣០ ហើយ​ក្រុមហ៊ុន​ទាំងនោះ​វិនិយោគ​លើ​គ្រប់​វិស័យ​។ ​លោក​បាន​លើក​ឡើង​ថា និន្នាការ​បច្ចុប្បន្ន ឃើញ​ថា​វិនិយោគិន​ជប៉ុន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​មាន​ច្រើន​ជាង​មុន​ៗ​។​ក្នុង​នោះ​ឃើញ​មានការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​,​សេវាកម្ម​ចំណីអាហារ​, វិស័យ​ឧស្សាហកម្ម និង​ក្នុង​វិស័យ​កសិកម្ម​វិនិយោគិន​ជប៉ុន​ធំ​ៗ​ចាប់ផ្តើម​គិត​ចង់​ចូល​មក​ស្រុក​ខ្មែរ ទាក់ទង​និង​ពូជ ការ​កែ​ច្នៃ​, ជី និង​ត្រួតពិនិត្យ​ទៅ​លើ​គុណភាព​បន្ថែ​ផ្លែ​ឈើ​ជាដើម​។

ស្ថិត​ក្នុង​បរិបទ​បច្ចុប្បន្ន អៀង សុធា​រ៉ា បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​មើលឃើញ​នៅ​តែ​ល្អ​។​វិនិយោគិន​ជប៉ុន​ចូល​មក​កាន់​កម្ពុជា​ច្រើន តែ​មិនជា​លក្ខណៈ​កំ​ហុ​ក​ទេ​។​មាន​ន័យ​ថាបើ​មក​ចំនួន​៣ គាត់​បណ្តាក់ទុន​ទាំង​៣ មិន​ដូច​ជា​វិនិយោគិន​ប្រទេស​ផ្សេង​បើ​ចូល​មក​១០​អាច​ទៅ​វិញ​អស់​៨​ក្រុមហ៊ុន​។​ការ​បណ្តាក់ទុន​របស់​ជប៉ុន​មាន​ភាព​ច្បាស់លាស់​។​ទៅ​ថ្ងៃ​ខាង​មុខ​ខ្ញុំ​យល់​ថាបើ​កម្ពុជា​មាន​ស្ថិរភាព និង​សន្តិសុខ​ដូច​សព្វ​ថ្ងៃនេះ ពួក​គាត់​នឹង​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ទៅ​ៗ»៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ