ខេត្តកំពង់ចាម ៖ មូលហេតុបង្កឱ្យមានអគ្គិភ័យឆេះស្លាប់បុរសពិការម្នាក់នេះ ត្រូវបានស្ត្រីជាម្តាយសង្ស័យកូនរបស់គាត់ដែលស្លាប់នេះជាអ្នកដុត ព្រោះកូនពិការម្នាក់នេះធ្លាប់បានព្យាយាមដុតផ្ទះកន្លងមកជាច្រើនដងមកហើយ តែត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងជួយទាន់ពេលវេលា ។
លំនៅឋានរបស់ស្ត្រីឈ្មោះ ហុក បាក់ឡេង អាយុ៦៣ឆ្នាំ នៅភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស ទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រធ្វើពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក ត្រូវបានអគ្គិភ័យលេបត្របាក់នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២១ សីហា បណ្ដាលឱ្យកូនប្រុសរបស់គាត់ម្នាក់ឈ្មោះ ស៊ុន លាងហ៊ន់ ភេទប្រុស អាយុ៤០ឆ្នាំ ស្លាប់ក្នុងអណ្តាតភ្លើង ខណៈដេកម្នាក់ឯងនៅលើផ្ទះ ។
លោក ថុង ភូរីវុទ្ធ អធិការស្តីទីស្រុកកងមាស បានប្រាប់ថា ក្រោយពីទទួលបានដំណឹងថាមានអគ្គិភ័យកើតឡើង រូបលោកបានដឹកនាំរថយន្តពន្លត់អគ្គិភ័យរបស់ស្រុក១គ្រឿង ចេញទៅជួយអន្តរាគម៍បាញ់ទឹកពន្លត់ តែដោយសារចម្ងាយផ្លូវប្រវែង៤០គីឡូម៉ែត្រ ទម្រាំទៅដល់ផ្ទះនោះបានឆេះអស់ទៅហើយ ។អធិ
ការស្តីទីនគរបាលស្រុកកងមាសបន្តថា ផ្អែកតាមការពិនិត្យ ភ្លើងបានឆាបឆេះពីត្រង់កន្លែងកូនម្ចាស់ផ្ទះដេកដែលពិការជើង ហើយភ្លើងបានឆេះរាលពេញផ្ទះតែម្តង ។ ក្នុងពេលកើតហេតុស្ត្រីចំណាស់ជាម្តាយមិនបាននៅផ្ទះនោះទេ ដោយគាត់ទៅទាក់ទងអ្នកភូមិមកជួយបេះម្ទេស និងឱ្យចៅ២នាក់ ទៅដេកនៅផ្ទះអ្នកភូមិក្បែរនោះ ។
ក្រោយហេតុការណ៍ភ្លើងឆេះទើបម្តាយមកដល់បានត្រឹមសោកស្តាយជីវិតកូនប្រុសស្លាប់រួមនឹងផ្ទះត្រូវបានឆេះម៉ដ្ឋ ។ ចំពោះសម្ភារខូចខាតរួមមាន ម៉ូតូសង់កូរ៉េមួយគ្រឿង ម៉ាសីុនបូមទឹក១គ្រឿង លុយ១០០ដុល្លារ អង្ករ១បាវ ទម្ងន់៥០គីឡូក្រាម សៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសម្ភារមួយចំនួន ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ