នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូ កាន អះអាងកាលពីថ្ងៃទី៣១ មីនាថា មជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដែលជួបគ្រោះមហន្តរាយដោយសារការរញ្ជួយដីនៅភាគឦសានជប៉ុនត្រូវតែបំផ្លាញចោល ។ លោកអះអាងបែបនេះ ក្នុងឱកាសជួបពិភាក្សាជាមួយប្រមុខគណបក្សកុម្មុយនីស្តជប៉ុន ។
យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូថា ព័ត៌មាននោះត្រូវបានផ្តល់ឱ្យដោយលោក KAZUO SHII ក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយក្រោយការជួបគ្នារបស់លោកជាមួយប្រមុខរដ្ឋាភិបាលជប៉ុន ។
ក្រុមហ៊ុន TEPCO ជាប្រតិបត្តិករ និងជាម្ចាស់របស់មជ្ឈមណ្ឌលហ្វូគូស៊ីម៉ា ដាយអ៊ីជីទី១ វាយតម្លៃថា វាជាការចៀសមិនផុតដែលត្រូវបំផ្លាញចោលរេអាក់ទ័រដំបូងគេចំនួន៤ នៅក្រោយពេលបញ្ចប់ប្រតិបត្តិការ ធ្វើឱ្យត្រជាក់យ៉ាងលំបាក ដែលកំពុងធ្វើ ហើយអាចប្រើពេលច្រើនខែ ។ រេអាក់ទ័រទាំងនេះរងការខូចខាតធ្ងន់ធ្ងរ ក្រោយការរញ្ជួយដី និងស៊ូណាមី កាលពីថ្ងៃទី១១ មីនា ។ ក៏ប៉ុន្តែប្រធានកិត្តិយសរបស់ក្រុមហ៊ុននេះ លោក TSUNEHISA KATSU-MATA ឱ្យដឹងកាលពីថ្ងៃទី៣០ មីនា ថា រេអាក់ទ័រទី៥ និងទី៦ ដែលគេចផុតពីគ្រោះមហន្តរាយនឹងអាចរក្សាទុក ។ មជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា បង្កើតឡើងតាំងពីជាង៤០ឆ្នាំមកហើយ នៅតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ត្រង់កន្លែងមួយចម្ងាយ២៥០គីឡូម៉ែត្រ ភាគខាងជើងក្រុងតូក្យូ ៕
ចែករំលែកព័តមាននេះ