រាជធានីភ្នំពេញ ៖ ផ្ទុះជម្លោះរវាងម្ចាស់ហាងម៉ាស្សានិងអ្នករត់ម៉ូតូកង់បីវាយគ្នាផ្អើលផ្លូវ១៧៨ ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញធ្វើការឃាត់ខ្លួនយកទៅសួរនាំទាំងសងខាង បន្ទាប់ពីមានជនបរទេស២នាក់ប្តីប្រពន្ធចូលហាងម៉ាស្សា ហើយក៏ដេញរត់ដេញតាមស្ត្រីម្នាក់ជាបុគ្គលិកហាងម៉ាស្សា ដោយចោទថាបានបន្លំលួចលុយ លុះពេលអ្នកបើកបរម៉ូតូកង់បីសួរនាំក៏មានការឈ្លោះប្រកែកជាមួយម្ចាស់ហាង រហូតឈានដល់ការវាយតប់គ្នាតែម្តង ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៧៨ កែងផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចហាងម៉ាស្សាមួយកន្លែងយីហោ ម៉ាស្សាបុរាណខ្មែរ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិបរទេស២នាក់ប្តីប្រពន្ធបានចូលទៅម៉ាស្សាក្នុងហាងខាងលើ លុះពេលដែលម៉ាស្សារួចក៏ស្រាប់បតែផ្អើលឆោឡោ ដោយជនជាតិបរទេសរត់ដេញតាមចាប់ស្ត្រីម្នាក់ជាបុគ្គលិកហាងម៉ាស្សា ដោយចោទប្រកាន់ថាស្ត្រីម្នាក់នោះជាអ្នកបន្លំលួចលុយរបស់ពួកគាត់ ទើបអ្នកបើកបរម៉ូតូកង់បី រួមទាំងជនបរទេសនាំគ្នាទៅសួរនាំ ក៏ស្រាប់តែមានការឈ្លោះប្រកែកគ្នាជាមួយម្ចាស់ហាង រហូតឈានទៅដល់ការវាយតប់គ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូកង់បីរងរបួសបែកក្បាល និងបង្កការភ្ញាក់ផ្អើលពេញផ្លូវ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះ និងកម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញបានចុះធ្វើការអន្តរាគមន៍ឃាត់ខ្លួនភាគីទាំងសងខាងយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលតែម្តង ។
បើតាមសំដីភាគីខាងម្ចាស់ហាងម៉ាស្សាបាននិយាយថា អ្នករត់ម៉ូតូកង់បីនោះជាអ្នករករឿងគាត់ ហើយយកដំបងទីបមកវាយលើគាត់ទៀត ទើបខាងបងប្អូនគាត់ការពារខ្លួន ។
ចំណែកភាគីខាងអ្នកបើកបរម៉ូតូកង់បីវិញបាននិយាយថា គាត់គ្រាន់តែសួរនាំដើម្បីអោយដឹងរឿងសោះបែរជានាំគ្នាយកខ្សែក្រវាត់មកវាយគាត់ បណ្តាលអោយបែកក្បាលតែម្តង ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយមិនបានដាក់ពាក្យបណ្តឹងអ្វីទាំងអស់ ហើយក៏បញ្ចប់រឿងតែម្តងទៅ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ