បណ្តាទានទាំងអស់ ទាសទាន សហាយទាន សាមិទាន ជាទាន ដែលបរិស័ទអ្នកមានសទ្ធាប្រព្រឹត្តធ្វើរាល់ថ្ងៃ ជួនក៏ធ្វើទៅប៉ះចំទាសទាន ជួនក៏ចំសហាយទាន ជួនក៏ប៉ះសាមិទានជាធម្មតាទៅហើយព្រោះជាបុថុជ្ជន ហើយក៏ជាទានឱ្យផលមិនដូចគ្នាឡើយ ។ តើទានទាំងបីនេះមានលក្ខណៈផ្សេងគ្នាដូចម្តេច ?
ខាងក្រោមនេះជាការរង្គាយសេចក្តីនៃទានទាំងបីដូចតទៅៈ
១- ទាសទាន ឱ្យវត្ថុអន់ជាងវត្ថុដែលខ្លួនប្រើប្រាស់បរិភោគ
២-សហាយទាន ឱ្យរបស់ដែលល្អប្រសើរស្មើនឹងខ្លួនបរិភោគប្រើប្រាស់
៣-សាមិទាន ឱ្យវត្ថុល្អប្រណីតជាងវត្ថុដែលខ្លួនប្រើប្រាស់បរិភោគ ។
បណ្តាទានទាំងបីនេះឱ្យផលមិនដូចគ្នាទេគឺ ទាសទានឱ្យផលទាបជាងសហាយទាន ម្ចាស់ទានទោះបានជាស្តេចចក្រក្នុងជាតិណាក៏ដោយ ក៏ក្សត្រនោះនៅតែស្ថិតក្រោមបង្គាប់បញ្ជាគេ និងពុំសូវមានរាជ្យសម្បត្តិបរិបូណ៌ឡើយ ។
ឯសហាយទានឱ្យផលតិចជាងសាមិទាន បើបានជាស្តេចចក្រក៏ស្តេចនោះមានអំណាចស្មើគេ មិនបានស្ថិតនៅក្រោមការគ្រប់គ្រងអ្នកណាឡើយ ។
ចំណែកសាមិទានឱ្យផលប្រពៃក្រៃលែងប្រសើជាងទាននានាលើកលែងតែធម្មទាន បើបានជាស្តេចចក្រ នឹងជាក្សត្រដែលមានទសពិធរាជធម៌ មានអំណាចគ្របសង្កត់អស់ជម្ពូទ្វីបទាំងមូល ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ