រាជធានីភ្នំពេញ ៖ ជនឈ្មោះហុង អេនឌី អាយុ៥១ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចម្រុះដឹកនាំដោយប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកជីវ កេង ចាប់ខ្លួននៅក្នុងទីតាំងផលិតថ្នាំញៀនដ៏ធំមួយនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១១នោះ ពេលនេះត្រូវសមត្ថកិច្ចចំរុះដឹកនាំដោយព្រះរាជអាជ្ញារង លោកហៀង សុភក្ត្រ នាំខ្លួនទៅឆែកឆេរលំនៅឋាន២កន្លែងផ្សេងទៀត កាលពីវេលាល្ងាចថ្ងៃទី១ មីនា និងព្រឹកថ្ងៃទី២ មីនា ឆ្នាំ២០១១ ។
ទីតាំង២កន្លែងថ្មីដែលសមត្ថកិច្ចចុះឆែកឆេរទី១ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងទី២ នៅភូមិសន្សំកុលស សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ប្រតិបត្តិការឆែកឆេរលំនៅឋានទាំង២កន្លែងនេះ មួយកន្លែងនៅសង្កាត់ចាក់អង្រែក្រោមជាលំនៅឋានរបស់មា្តយក្មេកហុង អេនឌី ស្នាក់នៅ ហើយមួយកន្លែងនៅសង្កាត់បឹងទំពុន ជាលំនៅឋានរបស់ប្រពន្ធហុង អេនឌី ដែលបច្ចុប្បន្នចេញទៅនៅប្រទេសអាមេរិកហើយ ។
ការឆែកឆេរទីតាំងនៅសង្កាត់ចាក់អង្រែក្រោម សមត្ថកិច្ចរកពុំទាន់ឃើញមានវត្ថុតាងល្មើសអ្វីទេ ។ ប៉ុន្តែដោយឡែកលំនៅឋាននៅបឹងទំពុន សមត្ថកិច្ចរកឃើញរថយន្តទំនើប២គ្រឿង មួយគ្រឿងម៉ាក LEXUS ពណ៌ខ្មៅ RX300 និងមួយគ្រឿងទៀតម៉ាក LEXUS ពណ៌ខ្មៅ ៤៧០ ។ ចំពោះរថយន្តទាំងពីរគ្រឿងនេះប៉ូលិសបានសហការជាមួយព្រះរាជអាជ្ញាដកហូតយកមករក្សាទុកនៅការិយាល័យជំនាញ ដោយលំនៅឋាននៅសង្កាត់បឹងទំពុន នេះ តុលាការចេញដីកាបិទទ្វារជាបណ្តោះអាសន្នសិន។ ក្រៅពីរថយន្ត២គ្រឿងខាងលើនេះសមត្ថកិច្ចពុំបានរកឃើញអ្វីទៀត ពាក់ព័ន្ធនឹងបទល្មើសទេ។
ក្នុងប្រតិបត្តិការដដែលនោះ សមត្ថកិច្ចពុំបានឃាត់ខ្លួនមនុស្សណាផ្សេងទៀតឡើយ ។ ទោះបីជាបែបណាអ្នកតាមដានរឿងរ៉ាវវែកមុខមេខ្លោងផលិតគ្រឿងញៀនដ៏ធំនេះបានគិតថា ការលួចលាក់ផលិតគ្រឿងញៀនសនេះមិនមែន ហុង អេនឌី ម្នាក់ឯង ធ្វើបាននោះទេ ។ គេកំពុងរង់ចាំមើលពីការបន្តជីកកកាយរបស់សមត្ថកិច្ចនាពេលនេះ តើត្រូវរំលើងទាំងឫសគល់ ឬយ៉ាងណា? ក្រុមអ្នកសង្កេតការណ៍និយាយថា ឈ្មោះអេនឌី ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីឆ្នាំទៅមានសំណាងណាស់ម្ចាស់ថ្លៃអើយ ព្រោះបានជាប់គុក តែជាងមួយខែប៉ុណ្ណោះ។ ប៉ុន្តែកិច្ចប្រតិបត្តិការចាប់ខ្លួនលើកនេះ ដោយមានប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកជីវ កេង ដឹកនាំផង មិនសង្ឃឹមថា អេនឌី មានសំណាងធំដូចមុនឡើយ ។ តាមមតិរបស់ក្រុមអ្នកសង្កេតការណ៍និយាយថា លើកនេះប្រហែលត្រូវមានទោសឧក្រិដ្ឋលើសពី២០ឆ្នាំ ។
- លោកស្រី ញឹម សោភ័ណ្ណារី ម្ចាស់ភោជនីយដ្ឋានណាំទ្រា បំភ្លឺ
ក្រោយពីបានអានសារព័ត៌មានកោះសន្តិភាពមក លោកស្រី ញឹម សោភ័ណ្ណារី ម្ចាស់ភោជនីយដ្ឋាន ណាំទ្រា បានបំភ្លឺប្រាប់កោះសន្តិភាពថា ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១១ បន្ទាប់ពីសមត្ថកិច្ចចំរុះចាប់ជនល្មើស ហុង អេនឌី អ្នកផលិតនឹងចែកចាយគ្រឿងញៀនដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះមានសារព័ត៌មានខ្លះ សរសេរថា ជនល្មើសឈ្មោះហុង អេនឌី ជាម្ចាស់ភោជនីយដ្ឋានណាំទ្រា ។ នាងខ្ញុំឈ្មោះញឹម សោភ័ណ្ណារី ម្ចាស់ភោជនីយដ្ឋានណាំទ្រា ពិតប្រាកដសុំបង្ហាញករណីពាក់ព័ន្ធកន្លងមកដូចតទៅ ៖ យោងតាមលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម របស់មន្ទីរពាណិជ្ជកម្ម គឺលោកស្រី ញឹម សោភ័ណ្ណារី ជាម្ចាស់ភោជនីយដ្ឋានណាំទ្រា ប៉ុន្តែលោកស្រីបានជួលផ្ទះសំណាក់ណាំទ្រាស្វីតឱ្យឈ្មោះហុង អេនឌី កន្លងមក ។ ប៉ុន្តែក្នុងឱកាសជនហុង អេនឌី ពាក់ព័ន្ធចែកចាយគ្រឿងញៀន គឺលោកស្រីបានបញ្ចប់កិច្ចសន្យា ។ ក្រោយពីកម្លាំងសមត្ថកិច្ចបិទទ្វារទីតាំងស្រាវជ្រាវរួចក៏បានប្រគល់ផ្ទះសំណាក់ណាំទ្រាស្វីតជួលកន្លងមក ឱ្យម្ចាស់ដើមវិញ ។ លោកស្រី រៀបរាប់ថា ចំពោះករណីឈ្មោះហុង អេនឌី គ្មានពាន់ព័ន្ធដល់ម្ចាស់ផ្ទះសំណាក់ណាំទ្រាស្វីតលេខ៣៦១ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវទៀតឡើយ។ ចំពោះភោជនីយដ្ឋានណាំទ្រា ស្ថិតនៅអគារលេខ១៦៧ ផ្លូវ១៦៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ពុំដែលជួលឱ្យឈ្មោះហុង អេនឌី ម្តងណាឡើយ ។
នាងខ្ញុំឈ្មោះញឹម សោភ័ណ្ណារី សុំបដិសេធរាល់សារព័ត៌មានចុះផ្សាយភ័ន្ទច្រឡំកន្លងមក ពិសេសសុំឱ្យអតិថិជន និងមហាជនកុំមានការភ័ន្ទច្រឡំបន្ត ព្រោះអាជ្ញាធរមានសមត្ថកិច្ចបានស្រាវជ្រាវបញ្ចប់ និងចេញលិខិតអនុញ្ញាតឱ្យនាងខ្ញុំម្ចាស់ផ្ទះសំណាក់ណាំទ្រាស្វីតពិតប្រាកដចាប់បើកដំណើរការឡើងវិញ ៕



ចែករំលែកព័តមាននេះ