ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​វិហារ​អ៊ិស្លាម​នៅ​ស្រុក​បុរី​ជលសា

15 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ វិហារ​អ៊ិស្លាម​ដែល​ជា​អំណោយ​របស់​សប្បុ​រស​ជន​នៅ​ប្រទេស​ម៉ាឡេស៊ី ស្ថិត​នៅ​ក្នុង​ភូមិ​អង្គ​គ្រួច ឃុំ​បុរី​ជលសា ស្រុក​បុរី​ជលសា ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មីនា ក្រោម​អធិ​បតី​ភាព​លោក​ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋ​លេខា​ធិការ​ក្រសួង​​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន។

នៅ​ក្នុង​ឱកាស​នោះ​ដែរ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ឧកញ៉ា សុះ កំរី ចាង​ហ្វាង​គណៈ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​កម្ពុជា អស់​លោក លោក​ស្រី​ជា​សមា​ជិក​រដ្ឋ​សភា រដ្ឋ​លេខា​ធិការ អនុ​រដ្ឋ​លេខា​ធិការ គណៈ​អភិ​បាល​ខេត្ត​តាកែវ គណៈ​អភិ​បាល​ស្រុក គណៈ​អ៊ីម៉ាំ​ខេត្ត លោក​គ្រូ អ្នក​គ្រូ សិស្សា​នុសិស្ស​ ប្រជា​ពល​រដ្ឋ និង​សប្បុ​រស​ជន​មក​ពី​ប្រទេស​ម៉ាឡេស៊ី​យ៉ាង​ច្រើន​កុះ​ករ។ លោក​ស៊ុន ខុន គណៈ​អភិ​បាល​ស្រុក​បុរី​ជលសា បាន​អាន​របាយ​ការណ៍​ពី​ការ​សាង​សង់​ឱ្យ​ដឹង​ថា សមិទ្ធ​ផល និង​វិហារ​​ដែល​ត្រូវ​សម្ពោធ​នា​ពេល​នេះ​មាន​ទំហំ​១២​ម៉ែត្រ គុណ​១៨​ម៉ែត្រ អាង​ទឹក​១, បន្ទប់​អនា​ម័យ​១ ចំណាយ​អស់​ថវិកា​៩២.៥០០​ដុល្លារ​អាមេរិក ជា​អំណោយ​របស់​សប្បុ​រស​ជន​ម៉ាឡេស៊ី និង​ក្នុង​តំបន់​ដែល​បាន​ចាប់​ផ្តើម​សាង​សង់​នៅ​ក្នុង​ឆ្នាំ​២០០៨។

លោក​ឧកញ៉ា អូស្មាន ហាស្សាន់ មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​សាស​និក​អ៊ិស្លាម​កម្ពុជា ដោយពាំនាំ​នូវ​ការ​សួរ​សុខ​ទុក្ខ​ពី​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយ​បាន​លើក​ឡើង​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​កសាង​សមិទ្ធ​ផល​ទាំង​វិស័យ​ពុទ្ធ​ចក្រ និង​អាណា​ចក្រ និង​ស្នាដៃ​​សម្រេច​បាន​ជា​ច្រើន​ជូន​ជាតិ​មាតុ​ភូមិ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​ទាំង​៣ ជា​ប្រមុខ​តាំង​ពី​បាត​ដៃ​ទទេ​រហូត​មក​ដល់​មាន​អ្វី​ៗ​ទាំង​អស់​ដូច​សព្វ​ថ្ងៃ​នេះ។

លោក​ឧកញ៉ា អូស្មាន ហាស្សាន់ បាន​ជម្រាប​ជូន​ពី​លទ្ធ​ផល​​មហា​សន្និ​បាត​គណៈ​កម្មា​ធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កន្លង​មក​នេះ​​ដែល​បាន​បញ្ជាក់​ជា​ថ្មី គាំទ្រ​បេក្ខ​ភាព​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​សម្រាប់​អាណត្តិ​ក្រោយ​ៗ​ទៀត។ លោក​ឧកញ៉ា​បាន​ផ្តាំ​ផ្ញើ​ដល់​សាស​និក​អ៊ិស្លាម​កម្ពុជា​ទាំង​អស់​ត្រូវ​រួប​រួម​សាមគ្គី​គ្នា ឯក​ភាព​ជាតិ​ បំផុស​ស្មារតី​សុច្ឆន្ទៈ​ស្នេហា​ជាតិ​ ស្រឡាញ់​ជាតិ​មាតុ​ភូមិ​ ចូល​រួម​បរិ​ច្ចាគ​ថវិកា​គាំទ្រ​សមរ​ភូមិ​មុខ ដើម្បី​​ការ​ពារ​បូរណ​ភាព​ទឹក​ដី​កុំ​ឱ្យ​ចោរ​សៀម​ឈ្លាន​ពាន​ទឹក​ដី​របស់​យើង។ លោក​ឧកញ៉ា​ អូស្មាន ហាស្សាន់ បាន​គូស​បញ្ជាក់​ថា ប្រជា​ពល​រដ្ឋ​យើង​មាន​មោទន​ភាព​ណាស់​ដោយ​​សារ​មាន​ប្រមុខ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការ​ដឹក​នាំ​ជំរុញ​នាវា​កម្ពុជា​ឈាន​ទៅ​រក​សុខ​សន្តិ​ភាព​ពិត​ប្រាកដ និង​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិស័យ។ ជាក់​ស្តែង​ដូច​ថ្ងៃ​នេះ​ស្រាប់ យើង​មាន​វិហារ​ដ៏​ល្អ​ប្រណីត​មួយ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ពី​ពេល​នេះ​តទៅ ហើយ​យើង​ជា​ប្រជា​ពល​រដ្ឋ​កម្ពុជា​កាន់​សាសនា​អ៊ិស្លាម មិន​មែន​អាណិក​ជន​អ៊ិស្លាម​ទេ ដូច្នេះ​យើង​មាន​សិទ្ធិ​ក្នុង​ការ​ចូល​រួម​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា។

លោក​ឧកញ៉ា អូស្មាន ហាស្សាន់ បាន​បំពាក់​​មេ​ដាយ​ជូន​សប្បុ​រស​ជន​ដែល​បាន​ចូល​រួម​កសាង​វិហារ និង​បាន​នាំ​យក​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត ​ឧបត្ថម្ភ​​ដល់​សិស្ស​៥២១​នាក់ ​ម្នាក់​ៗ​ទទួល​បាន​សៀវ​ភៅ​២​ក្បាល ប៊ិច​១​ដើម, លោក​គ្រូ អ្នក​គ្រូ​២២​នាក់ ម្នាក់​ៗ​ទទួល​បាន​​សារុង​១ ក្រមា​១ និង​ថវិកា​២​ម៉ឺន​រៀល និង​ឧបត្ថម្ភ​វិហារ​អ៊ិស្លាម​ថវិកា​២​លាន​រៀល។ ក្នុង​ឱកាស​នោះ​ដែរ លោក​នាយ​ឧត្តម​សេនីយ៍ មាស សុភា បាន​ឧបត្ថម្ភ​ថវិកា​២.០០០​ដុល្លារ​អាមេរិក សម្រាប់​ធ្វើ​ផ្លូវ​ទៅ​វិហារ និង​លោក​ឧត្តម​សេនីយ៍ ចៅ តុល ឧបត្ថម្ភ​ថវិកា​១.៥០០​ដុល្លារ​អាមេរិក សម្រាប់​ទិញ​គ្រឿង​បរិ​ក្ខារ​បំពាក់​នៅ​ក្នុង​វិហារ​ផង​ដែរ៕