ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អប់រំ​ ៖ ការ​ត្រួតពិនិត្យ​គុណភាព​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​កាន់តែ​មាន​ភាព​សុ​ក្រឹត្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រកាស​ថា ការ​ត្រួតពិនិត្យ​គុណភាព​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុ​ប​ឆ្នាំ​នេះ​កាន់តែ​មាន​តម្លាភាព​និង​សុ​ក្រឹត្យ ដើម្បី​ទទួល​បាន​ធនធានមនុស្ស​ពិតប្រាកដ គឺ​អ្នកចេះ​បាន​ជាប់ ។ ក្រសួង​អប់រំ​បាន​ដាក់​ពង្រាយ​ជំនួយការ​អប្បមាទ​ជាង​២​ពាន់​នាក់​នៅ​តាម​បន្ទប់​ប្រឡង​នានា ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុ​ប សំដៅ​ឲ្យ​ដំណើរការ​ប្រឡង​ឲ្យ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់…

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រកាស​ថា ការ​ត្រួតពិនិត្យ​គុណភាព​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុ​ប​ឆ្នាំ​នេះ​កាន់តែ​មាន​តម្លាភាព​និង​សុ​ក្រឹត្យ ដើម្បី​ទទួល​បាន​ធនធានមនុស្ស​ពិតប្រាកដ គឺ​អ្នកចេះ​បាន​ជាប់ ។

ក្រសួង​អប់រំ​បាន​ដាក់​ពង្រាយ​ជំនួយការ​អប្បមាទ​ជាង​២​ពាន់​នាក់​នៅ​តាម​បន្ទប់​ប្រឡង​នានា ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុ​ប សំដៅ​ឲ្យ​ដំណើរការ​ប្រឡង​ឲ្យ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់ យុត្តិធម៌ តម្លាភាព​និង​អាច​ទទួលយក​បាន​ទាំងអស់​គ្នា ។

ក្នុង​ឱកាស​អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម័យ​ប្រឡង​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា មាន​ប្រសាសន៍​ថា ជំនួយការ​អប្ប​មា​ទ​នេះ​មាន​តួនាទី​ជា​សេនាធិការ​ឱ្យ​ប្រធាន​គណៈកម្មការ​អប្បមាទ​ទូ​ទាំង​ប្រទេស​ប្រចាំ​មណ្ឌល​សំ​ណេ​រលើ​ការ​ត្រួតពិនិត្យ និង​សង្កេត​មើល​ដំណើរការ​ប្រឡង​ប្រចាំ​មណ្ឌល​ដោយ​ជំនួយការ​អប្បមាទ​ចំនួន​១​ម្នាក់​សម្រាប់​ទទួលខុសត្រូវ​២​បន្ទប់​ប្រឡង ។

លោក​បន្ត​ថា ការ​អនុវត្ត​ផែនការ​ដូច្នេះ ខណៈ​ដែល​ក្នុងឆ្នាំនេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​មាន​ដាក់​អ្នកគ្រប់គ្រង​អ្នកសង្កេតការ​ប្រចាំ​មណ្ឌល​ប្រឡង​នីមួយ​ៗ​ដូច​រាល់​ឆ្នាំ ដោយ​ប្រគល់​តួនាទី​នេះ​ទៅ​ក្រសួង​អប់រំ​ត្រួតពិនិត្យ​គុណភាព​ប្រឡង​ដោយ​ផ្ទាល់ ។ រដ្ឋមន្ត្រី​បាន​អះអាង​ថា ក្រសួង​អប់រំ​នឹង​អនុវត្តន៍​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ ហើយ​ប្រសិនបើ​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ​កើតឡើង ក្រសួង​អប់រំ​មាន​កិច្ចសហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មាន​តំណាង​២៥​ខេត្ត ក្រុង​ផង​ដែរ ។

លោកបញ្ជាក់​ថា ឆ្នាំ​នេះ​អង្គភាព​ប្រឆាំង​ពុក​រលួយ​មិន​គ្រប់គ្រង​អ្នក​សង្កេតការណ៍​ទៀត​ទេ លោក​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រសួង​ក្នុង​ការ​រៀបចំ​និង​ការ​ពង្រឹង​យន្តការ​អប្បមាទ ដូច្នេះ​យើង​បាន​ពង្រឹង​យន្តការ​អប្បមាទ យើង​បាន​ជ្រើសរើស​ជំនួយការ​អប្បមាទ ក្នុង​ចំណោម​គរុ​សិស្ស​ចំនួន​ជាង​២​ពាន់​នាក់ ហើយ​ក្នុង​ម្នាក់​មើល​ពីរ​បន្ទប់ ប៉ុន្តែ​ជំនួយការ​អប្បមាទ​នេះ​មិន​មាន​សិទ្ធិ​ដូច​អ្នក​សង្កេតការណ៍​ទេ គាត់​គ្មាន​សិទ្ធិ​កាន់​ទូរ​សព្ទ​ដៃ គាត់​មាន​សិទ្ធិ​ចូល​ក្នុង​បន្ទប់​ប្រឡង គាត់​អត់​មាន​សិទ្ធិ​ចាប់​ទេ ប៉ុន្តែ​គាត់​មាន​សិទ្ធិ​រាយការណ៍ ។

គួរ​បញ្ជាក់​ថា ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុ​ប​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៩​និង​ថ្ងៃ​២០​ខែសីហា​នេះ មាន​មណ្ឌល​ប្រឡង​ចំនួន​២០២​មណ្ឌល ចែក​ជា​៤៧២៥​បន្ទប់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ ៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១២៧​មណ្ឌល ដោយ​មាន​បេក្ខជន​ប្រឡង​ចំនួន​១១៧០២៤​នាក់ ស្រី​៦០៤២១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ