ខេត្តបាត់ដំបង ៖ គូស្នេហ៍វ័យ៥២ឆ្នាំ ដែលភាគីស្ត្រីរស់នៅប្រទេសបារាំង រីឯភាគីបុរសរស់នៅក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ទំនងជាដើរដល់ផ្លូវបំបែកឈានដល់ចែកទ្រព្យសម្បត្តិគ្នាហើយ ក្រោយពីរួមមេត្រីបែបឆក់កណ្តៀតអស់រយៈពេលជាង៣ឆ្នាំ ហើយក៏ជាស្នេហាដែលចាប់ផ្តើមជាលើកទី២ក្នុងវ័យពាក់កណ្តាលជីវិតដូចគ្នា ។
ប្រវត្តិគូស្នេហ៍នេះមានការចងភ្ជាប់បេះដូងគ្នាគ្រាដំបូងតាំងពីសម័យសង្គមរាស្ត្រនិយម ខណៈដែលពួកគាត់ស្ថិតក្នុងវ័យកំលោះក្រមុំម៉្លេះ ។ តែមិនបានសម្រេចតាមបំណង ហើយភាគីបុរសបានស្តីបន្ទោសដល់ការព្រាត់គ្នាគ្រាដំបូងនោះថាដោយសារប្រទេសជាតិកើតកលយុគ្គ ធ្វើឱ្យគន្លងផ្លូវស្នេហាត្រូវបានកាត់ផ្តាច់ ។ ទោះបីជាបែបណា ភ្លើងស្នេហ៍ដែលនៅសេសសល់តាំងពីសម័យសង្គ្រាម ក៏បានផ្តល់ឱ្យពួកគាត់ជួបគ្នាឡើងវិញ ខណៈម្នាក់ៗមានវ័យកន្លះសតវត្សទៅហើយ ហើយភ្លើងស្នេហ៍ដែលនៅសេសសល់តិចតួចនោះក៏បានរលត់ទៅវិញក្នុងរយៈពេលជាង៣ឆ្នាំ ។
គូស្នេហ៍វ័យចំណាស់ឆ្លងដែននេះបានចាប់ផ្តើមប្រេះឆាគ្នានិងបង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃអាទិត្យសប្តាហ៍មុន គឺក្នុងគ្រាដែលគេឃើញសាមីខ្លួនខាងស្រីបានទៅស្រែកយំឡាំប៉ានៅមុខការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត ដើម្បីស្នើសុំជំនួយអន្តរាគមន៍ពីសមត្ថកិច្ចជាបន្ទាន់ នូវទង្វើដែលគាត់អះអាងថា ជាការធ្វើទុក្ខបុកម្នេញនិងការគំរាមប៉ុនប៉ងសម្លាប់គាត់បែបកំរោលចូល ពីបុរសជាប្តីមិនឈប់ឈរ ។ ប្រហែលកន្លះម៉ោងក្រោយ កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍តាមការស្នើសុំពីភាគីសាមីខ្លួនខាងស្រី ។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិយាយថា ស្ត្រីអាណិកជនខ្មែរដែលស្រែកឡាំប៉ាសុំជំនួយយ៉ាងប្រញាប់នោះឈ្មោះកែវ សុនរី អាយុ៥២ឆ្នាំ រស់នៅប្រទេសបារាំង រីឯលោកប្តីហេងស៊យរបស់គាត់ឈ្មោះគិន គឹមអូន ហៅកែវ សុទ្ធឧត្តម ដែលជាឈ្មោះដាក់ថ្មី អាយុ៥២ឆ្នាំដូចគ្នាដែរ ។ គូស្នេហ៍នេះរស់នៅផ្ទះជួលបណ្តោះអាសន្ននៅភូមិជ្រៃកោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ សមត្ថកិច្ចបានប្រាប់ថា ស្ត្រីឈ្មោះកែវ សុនរី នេះបានមកយំឡាំប៉ាសុំដាក់ពាក្យបណ្តឹងប្តឹងចោទប្រកាន់ស្វាមីរបស់គាត់ថាធ្វើបាបចិត្តគាត់ និងប្តឹងចែកទ្រព្យសម្បត្តិ ហើយបញ្ឈប់ការទំនាក់ទំនងគ្នា។
អ្នកស្រីកែវ សុនរី ពេលដែលមកដល់ការិយាល័យនគរបាលភ្លាម គាត់បានស្នើដល់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ជាបន្ទាន់ដល់រូបគាត់ ដែលរងការធ្វើទុក្ខបុកម្នេញពីបុរសម្នាក់ដែលគាត់អះអាងថា គ្រាន់តែជាមនុស្សរាប់អានគ្នាជាធម្មតា ។ ស្ត្រីអាណិកជនរូបនេះបាននិយាយថា រូបគាត់មានប្តីមានកូននៅឯប្រទេសបារាំង ប៉ុន្តែគាត់ធ្លាប់មានទំនាក់ទំនងជាមួយបុរសឈ្មោះសុទ្ធ ឧត្តមនេះតាំងពីនៅក្មេងៗម៉្លេះ តែបានបែកគ្នាពេលដែលរូបគាត់ចេញទៅរស់នៅប្រទេសបារាំង ។ ប៉ុន្តែបន្តិចក្រោយមកទើបគាត់ហ៊ានទំលាយឱ្យគេដឹងថា បុរសវ័យ៥២ឆ្នាំឈ្មោះសុទ្ធឧត្តមនេះជាស្វាមីរបស់គាត់ ។ អ្នកស្រីសុនរី បានស្រែកយំទាំងក្តៅក្រហាយបណ្តើរ សម្លុតសមត្ថកិច្ចបណ្តើរថា «ខ្ញុំសុំឱ្យសមត្ថកិច្ចជួយខ្ញុំ ខ្ញុំខឹងមនុស្សដែលធ្វើបាបចិត្តខ្ញុំ ខ្ញុំចង់ឱ្យសមត្ថកិច្ចជួយយកទ្រព្យសម្បត្តិដ៏ច្រើនលើសលប់របស់ខ្ញុំ ដែលខ្ញុំទិញឱ្យបុរសនោះ និងជួយយកសំបុត្រយន្តហោះរបស់ខ្ញុំពីគាត់ដើម្បីបានខ្ញុំទៅប្រទេសបារាំងវិញ» ។
ក្រោយពីស្ត្រីរូបនេះដាក់ពាក្យបណ្តឹងសុំជំនួយពីសមត្ថកិច្ចជាផ្លូវការ សមត្ថកិច្ចក៏បានអន្តរាគមន៍ភ្លាមៗ ហើយអញ្ជើញស្វាមីហេងស៊យរបស់គាត់មកសួរនាំ ព្រមទាំងដឹកជញ្ជូនទ្រព្យសម្បត្តិមួយចំនួនមកកាន់ស្នងការដ្ឋាន រួមទាំងរថយន្តម៉ាករ៉េវហ្វ័រ ១គ្រឿងផងដែរ ដែលស្ត្រីអាណិកជនខ្មែររូបនេះប្រាប់ថា គាត់ជាអ្នកទិញ។
សមត្ថកិច្ចបានធ្វើការសាកសួរបុរសឈ្មោះកែវ សុទ្ធឧត្តម ពីដំណើររឿងនេះ។ លោកកែវ សុទ្ធឧត្តម បានរាយការប្រាប់ថា ប្រពន្ធរបស់គាត់បានក្តៅក្រហាយខ្លាំងកាលពីថ្ងៃទី១៣ មីនា ដោយសារចោទគាត់ថា ប្រើកាំបិតប៉ុនប៉ងសម្លាប់គាត់ តែការពិតដោយសារតែរូបគាត់ស្មុគស្មាញក្នុងអារម្មណ៍ព្រោះប្រពន្ធនេះស្តីបន្ទោសពេក ហើយគាត់មិនដឹងធ្វើម៉េចក៏យកកាំបិតប៉័ងតោកាប់កាំជណ្តើរផ្ទះ១កាំបិតទៅដើម្បីបន្ធូរអារម្មណ៍មិនមែនគំរាមសម្លាប់ប្រពន្ធជាទីស្រឡាញ់នេះទេ ។ បុរសវ័យ៥២ឆ្នាំរូបនេះបានរំលឹកពីអតីតកាលថា រូបគាត់និងភរិយាខាងលើនេះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាកាលពីនៅវ័យកំលោះក្រមុំ ក្នុងសម័យសង្គមរាស្ត្រនិយម ហើយកាលណោះ ប៊ិះតែនឹងឈានដល់ចូលរោងការទៀតផង។ ប៉ុន្តែចង្រៃកាលនោះស្រាប់តែប្រទេសជាតិកើតកលយុគ ក៏បែកគ្នារហូត និងមានគ្រួសាររៀងៗខ្លួន ហើយនាងសុនរី បានភៀសខ្លួនទៅរស់នៅប្រទេសបារាំងយ៉ាងសុខសាន្តរៀងរហូតមក ។
លោកកែវ សុទ្ធឧត្តម ឬគិន គឹមអូន បានបន្តរឿងចាស់ទៀតថា ការបែកគ្នានោះរូបគាត់និងនាងសុនរីគ្មានដំណឹងពីគ្នាទេ ។ លុះនៅក្នុងអំឡុងឆ្នាំ២០០៨ ក្រោយពីគាត់លែងលះជាមួយប្រពន្ធមិនបានប៉ុន្មានខែផង ស្រាប់តែនាងសុនរីដែលរស់នៅប្រទេសបារាំងបានទូរស័ព្ទចូលលេខគាត់ដោយមិនដឹងខ្លួន ហើយសួរនាំទើបដឹងថា នាងសុនរីគឺជាអតីតស្រីស្នេហ៍គាត់ ។ តាំងពីពេលនោះមកយើងទាំង២នាក់ក៏ចាប់ផ្តើមស្នេហាជាថ្មី ក្នុងវ័យពាក់កណ្តាលសតវត្សដូចគ្នា ។ បុរសនេះបានបញ្ជាក់ថា ចាប់តាំងពីមានសេចក្តីស្នេហាជាថ្មីនេះមក ពួកយើងបានជួបគ្នាជាប្តីប្រពន្ធមិនស្របច្បាប់ ហើយអ្នកស្រីសុនរីធ្លាប់ធានារូបគាត់បានទៅលេងស្រុកបារាំង៤លើកកន្លងមកហើយ មិនគួរជួបបញ្ហាជាលើកទី២បែបនេះទេ ។
ទោះបីជាបែបណា ការរៀបរាប់ពីប្រវត្តិស្នេហ៍ដូចរឿងប្រលោមលោកនេះមិនត្រូវបានអ្នកស្រីកែវ សុនរី ស្រណោះអាណិតទេបើទោះជាសមត្ថកិច្ចព្យាយាមជួយសម្របសម្រួលក្តី ។ អ្នកស្រីសុនរី បាននិយាយដដែលៗថា គាត់គ្រាន់តែចង់បានទ្រព្យសម្បត្តិរបស់គាត់មកវិញតែប៉ុណ្ណោះ ហើយទ្រព្យណាដែលទិញមានឈ្មោះពួកគាត់ទាំង២នាក់ក៏ត្រូវចែកគ្នាដែរ ដូចជារថយន្តម៉ាករ៉េវហ្វ័រ១គ្រឿង និងដីចំការជាដើម។ តាមការសង្កេតក្នុងគ្រាដែលគូស្នេហ៍ហេងស៊យនេះនាំសមត្ថកិច្ចទៅដឹកជញ្ជូនទ្រព្យសម្បត្តិពីផ្ទះជួល គេឃើញបុរសនោះស្រក់ទឹកភ្នែកហើយពោលថា ខ្មាសគេណាស់ មិនគួរប្រពន្ធប្តឹងបែបនេះទេ ឥឡូវបើប្រពន្ធចង់បានអីក៏យកទៅចុះ គាត់សុំចុះតែខ្លួនបានហើយ » ។
លោកមៀន ឡាយ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដែលធ្វើអាជ្ញាកណ្តាលលើករណីនេះបានថ្លែងថា យើងគ្មានសិទ្ធិដោះស្រាយអ្វីក្រៅតែអំពីការទប់ស្កាត់កុំឱ្យមានអំពើហិង្សាប៉ុណ្ណោះ ។ លោកបានបន្តទៀតថា យើងធ្វើនេះដោយសារយោងលើបណ្តឹងរបស់ភាគីខាងស្រី និងយោងតាមបទបញ្ជារបស់លោកស្នងការខេត្ត ។ ទោះបីជាយ៉ាងណា លោកប្រធានការិយាល័យរូបនេះ បានបញ្ជាក់កាលពីព្រឹកថ្ងៃទី១៥ មីនាថា ភាគីទាំង២បានមកសម្របសម្រួលគ្នាវិញហើយ តែភាគីខាងស្រីសុំយករថយន្តដោយដាក់តែឈ្មោះគាត់ម្នាក់ជា អ្នកទិញប៉ុណ្ណោះ ព្រោះកុំឱ្យប្តីគាត់គំរាមកំហែងទៀត។ បានកត់សម្គាល់ឃើញថា នៅព្រឹកថ្ងៃទី១៥ មីនា នោះដែរគូស្នេហ៍វ័យចំណាស់នេះបានមកសុំយករថយន្តជិះទៅក្រេបច័ន្ទទឹកឃ្មុំជាថ្មីឡើងវិញនៅខេត្តសៀមរាប ។ ក្រោយពេលភ្លៀងមេឃគង់តែស្រឡះ ប៉ុន្តែភក់ក៏បែកវ៉ល់ដែរ!!!


ចែករំលែកព័តមាននេះ