(សហរដ្ឋអាមេរិក)៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump ) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាអ្នកចរចាររបស់សហរដ្ឋអាមេរិកនិងចិន បានធ្វើកិច្ចចរចាពាណិជ្ជកម្មមួយប្រកបដោយផលិតភាពល្អ ហើយរំពឹងថាពួកគេនឹងជួបគ្នានៅខែកញ្ញាខាងមុខ បើទោះបីជាបញ្ហាពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើការនាំចូលរបស់ចិនមានតម្លៃជាង ១២៥ ពាន់លានដុល្លារនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកញ្ញាក៏ដោយ។ នេះបើយោងតាមភ្នាក់ងារ Reuters ចុះផ្សាយថ្ងៃទី ១៥ ខែសីហានេះ។
លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋ New Jersey ថា «ខែកញ្ញានេះ គឺកិច្ចប្រជុំនៅតែបន្តដូចអ្វីដែលខ្ញុំបានដឹង ប៉ុន្តែខ្ញុំគិតថាអ្វីដែលសំខាន់ជាងខែកញ្ញាទៅទៀតនោះ គឺយើងកំពុងនិយាយតាមទូរស័ព្ទ ហើយយើងកំពុងតែពិភាក្សាគ្នាប្រកបដោយផ្លែផ្កា» ។
លោកត្រាំបាននិយាយថាសហរដ្ឋអាមេរិកនិងមន្ត្រីចិនមានការសន្ទនាគ្នាល្អមួយនៅដើមសប្តាហ៍នេះមុន ពេលរដ្ឋបាលរបស់លោកពន្យាពេលដល់ថ្ងៃទី ១៥ ខែធ្នូ ស្តីពីពន្ធគយលើការនាំចូលរបស់ចិនជាង ១៥០ ពាន់លានដុល្លារ ដែលជាទំនិញរួមទាំងប្រដាប់ប្រដាក្មេងលេងទូរស័ព្ទដៃ និងកុំព្យូទ័រយួរដៃ និងកុំព្យូទ័រថេប្លេត។
យ៉ាងណាក៏ដោយប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ក៏បានប្តេជ្ញាចិត្តប្រឆាំងនឹងរឿងពន្ធថ្មីចុងក្រោយរបស់សហរដ្ឋអាមេរិកទៅលើទំនិញចិនចំនួន ៣០០ ពាន់លានដុល្លារ ប៉ុន្តែបានអំពាវនាវឲ្យសហរដ្ឋអាមេរិកបំពេញតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានសក្តានុពលមួយ។
លោក Trump បាននិយាយថាលោកមិនគិតថាទីក្រុងប៉េកាំងនឹងសងសឹកចំពោះពន្ធគយរបស់សហរដ្ឋអាមេរិកនោះទេ ហើយថាលោកជឿជាក់ថាប្រទេសចិនចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។
លោក Trump បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំគិតថា យើងបានធ្វើនូវការពិភាក្សាយ៉ាងល្អជាមួយប្រទេសចិន។ ពួកគេពិតជាចង់ធ្វើកិច្ចព្រមព្រៀងមួយ» ។ លោកបាននិយាយបន្ថែមថា លោកបានគ្រោងនូវការជួបតាមទូរស័ព្ទមួយ ជាមួយនឹងលោកប្រធានាធិបតីចិន ស៊ីជីនពីង ក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ថានៅពេលណាទេ។
លោក Trump បាននិយាយអំពីសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនថា «ខ្ញុំគិតថាពេលណា (សង្គ្រាមពាណិជ្ជកម្ម) បន្តកាន់តែយូរ គឺយើងកាន់តែរឹងមាំ” ។ លោកបានមានប្រសាសន៍ថា «ខ្ញុំមានអារម្មណ៍ថាវានឹងមិនយូរនោះទេ» ។
ក្រសួងហិរញ្ញវត្ថុចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពន្ធរបស់វ៉ាស៊ីនតោនបានរំលោភលើការឯកភាពគ្នារវាងលោក Trump និងប្រធានាធិបតីចិនលោកស៊ី ជីនពីងនៅក្នុងកិច្ចប្រជុំកំពូល G20 មួយនៅខែមិថុនានៅទីក្រុង Osaka ក្នុងប្រទេសជប៉ុនដើម្បីដោះស្រាយជម្លោះរបស់ពួកគេតាមរយៈការចរចានោះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានមានប្រសាសន៍ថា «យើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងជួបចិន នៅពាក់កណ្តាលផ្លូវ ហើយអនុវត្តនូវការមូលមតិគ្នារបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរនៅអូសាកា» ។
លោកស្រីបានបន្ថែមថា ប្រទេសចិនសង្ឃឹមថានឹងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកសម្រាប់ភាគីទាំងពីរ តាមរយៈការសន្ទនានិងការពិគ្រោះយោបល់ដោយឈរលើមូលដ្ឋានស្មើភាពគ្នានិងការគោរពគ្នាទៅវិញទៅមក៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ