កងកម្លាំងស្មោះត្រង់នឹងលោកមូអាម៉ា កាដាហ្វី បានបន្តកាលពីថ្ងៃទី៦ មីនា នូវការវាយបករបស់ខ្លួនប្រឆាំងពួកបះបោរដែលប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចបច្ចុប្បន្ន។ ការប្រយុទ្ធគ្នាដ៏សំខាន់នាថ្ងៃទី៦ មីនា កើតមាននៅទីក្រុង MISTRATA ចម្ងាយ២០០គីឡូម៉ែត្រខាងកើតទីក្រុងទ្រីប៉ូលី។ ពួកស្និទ្ធលោកកាដាហ្វី បានវាយរុញច្រានពួកឧទ្ទាមនៅតាមផ្លូវថ្នល់ទៅកាន់ទីក្រុង SYRTE ដែលជាទីក្រុងកំណើតរបស់លោកកាដាហ្វី។ ជាមួយនឹងការប្រើប្រាស់រថក្រោះ និងកាំភ្លើងធំនោះជាការវាយលុកយ៉ាងសាហាវបំផុតរហូតមកទល់ពេលនេះ ដោយពួកអ្នកគាំទ្រលោកកាដាហ្វី ដើម្បីដណ្តើមត្រួតត្រាវិញនូវទីក្រុង MISRATA ។ គ្រូពេទ្យម្នាក់រៀបរាប់ពី មនុស្សស្លាប់១៨នាក់ក្នុងការប៉ះទង្គិចគ្នា។ កងទ័ពលីប៊ីក៏បន្តផងដែរនូវការវាយលុកលើទីក្រុង ZAOUIAH តាំងពីថ្ងៃទី៥ មីនាមកដោយប្រើរថក្រោះ យន្តហោះប្រដេញ និងឧទ្ធម្ភាគចក្រ។ កងទ័ពលោកកាដាហ្វីក៏ប្រកាសផងដែរពីការដណ្តើមត្រួតត្រាតំបន់មួយនៅជុំវិញទីក្រុងបេនហ្គាហ្ស៊ី ដែលពួកអ្នកកាសែតបានបដិសេធ។ ទោះបីជាទទួលបរាជ័យនាពេលមុននេះក្តីក៏របបលោកកាដាហ្វីបានប្រារព្ធធ្វើពិធីអបអរសាទរដល់ជោគជ័យរបស់ខ្លួនដែរក្្នុងទីក្រុងទ្រីប៉ូលី។ កាលពីព្រឹកថ្ងៃទី៦ មីនា ពួកអ្នកគាំទ្រលោកកាដាហ្វីជាច្រើនពាន់នាក់បានលើកគ្នាមកកាន់ដងវិថីទាំងឡាយដោយគ្រវីទង់ជាតិ និងបាញ់ទៅលើមេឃ។ ដើម្បីលើកទឹកចិត្តដល់ពួកអ្នកគាំទ្រ រដ្ឋអំណាចបានលុបចោលពន្ធដាជាច្រើន។ ពួកស្និទ្ធលោកកាដាហ្វី ក៏ទទួលបានជោគជ័យដែរក្នុងការវាយបណ្តេញពួកឧទ្ទាមចេញពីទីក្រុង BIN DJAOUAD ចំងាយ១៦០គីឡូម៉ែត្រខាងកើតទីក្រុង SYRTE ។ កងទ័ពស្និទ្ធលោកកាដាហ្វីកាលពីថ្ងៃទី៦ មីនា បានធ្វើការបាញ់ផ្លោង និងវាយប្រហារតាមជើងគោកប្រឆាំងទីក្រុងជាច្រើនត្រួតត្រាដោយពួក
ប្រឆាំង។ ពួកឧទ្ទាមដែលបដិសេធពីការបាត់បង់ទីតាំងទាំងឡាយត្រូវបង្ខំចិត្តចាកចេញពីទីក្រុង BEN JAWAD ។ កងទ័ពរដ្ឋាភិបាលអះអាងថា ដណ្តើមយកបានវិញនូវទីក្រុងជាច្រើន ហើយទូរទស្សន៍រដ្ឋលីប៊ីប្រកាសថា កងទ័ពកំពុងតែលើកឆ្ពោះទៅកាន់ទីក្រុងបេនហ្គាហ្ស៊ីជាទីតាំងបង្អែករបស់ពួកបះបោរ។
លោកកាដាហ្វីថ្លែងថា លោកយល់ព្រមឱ្យមានការបញ្ជូនគណៈកម្មការស៊ើបអង្កេតមួយរបស់អ.ស.ប ឬរបស់សហភាពអាហ្វ្រិកដើម្បីវាយតម្លៃពីសភាពការណ៍។ លោកក៏បានគំរាមផងដែរពីការលុកលុយរបស់អាល់កៃដា និងការហូរចូលពួកអន្តោប្រវេសន៍យ៉ាងច្រើនបំផុតទៅកាន់អឺរ៉ុប។ មនុស្សជាង១៩១.០០០នាក់បានរត់គេចខ្លួនពីអំពើហិង្សា ហើយមនុស្សប្រមាណជា១០.០០០នាក់កំពុងតែរត់ទៅកាន់ព្រំដែនអេហ្ស៊ីប ៕
ចែករំលែកព័តមាននេះ