អាជីវកម្ម​ត្រីងៀត​កំពុង​ហក់​ឡើង ខណៈ​ពលរដ្ឋ​បន្ថយ​ការ​បរិភោគ​សាច់​ជ្រូក


​រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​សាច់​ជ្រូក​ហាក់​ដាំ​ក្បាល​ចុះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ព្រួយ​បារ​ម្ម​ណ៍​ទៅ​លើ​បញ្ហា​សាច់​ជ្រូក​នៅ​កម្ពុជា​អាច​មាន​ផ្ទុក​នូវ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ហើយ​បន្ថយ​ការ​បរិភោគ​ដោយ​ភ័យ​ខ្លាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ បែរជា ត្រីងៀត​កំពុង​ទទួល​បានការ​ពេញ​និយម​ជាង​មុន ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ប្រកប​របរ​ធ្វើ​ត្រីងៀត​លក់​រីក​មុខរីក​មាត់ ពេល​មុខ​ជំនួញ​ត្រូវប៉ាន់​បែប​នេះ ។ ​

បើ​តាម​អ្នកស្រី ផឹ​ម ថា អ្នក​ប្រកប​មុខរបរ​ធ្វើ​ត្រីងៀត​លក់​នៅ​ភូមិ​ដើម​ធ្លក ឃុំរ​វៀង ស្រុក​សំរោង​ខេត្តតាកែវ​បានឱ្យ​ដឹង​ថា នៅ​ពេល​កន្លង​មក​តម្រូវការ​ត្រីងៀត​នៅ​ក្នុង​តំបន់​មិនសូវ​មានការ​ពេញ​និយម​ប៉ុន្មាន​នោះ​ទេ ពោល​ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​ប្រមាណ​តែ​៥០​គីឡូក្រាម ប៉ុន្តែ​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ពលរដ្ឋ​ក្នុង​តំបន់​របស់​អ្នកស្រី​មានការ​បារ​ម្ម​ណ៍​អំពី​សាច់​ជ្រូក​ខ្លាច​មាន​ផ្ទុក​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក និង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ ពួក​គាត់​បាន​ងាក​មក​ជាវ​ត្រីងៀត​ច្រើន​ជាង​មុន ធ្វើ​ឱ្យ​ការ​លក់​កើន​ដល់​៣០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​។

​អ្នកស្រី ផឹ​ម ថា បានឱ្យ​ដឹង​ថា កន្លង​មក​មួយ​ថ្ងៃ​ខ្ញុំ​លក់​ត្រីងៀត​ប្រហែល​៥០​គីឡូក្រាម ប៉ុណ្ណោះ តែ​មក​ដល់​សព្វថ្ងៃ​កើន​ដល់​ជាង​៣០០​គីឡូក្រាម​ហើយ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​សម្រាប់​បោះ​ដុំ​ថ្លៃ​២៣០០០ ម៉ឺន​រៀល និង​លក់រាយ​ថ្លៃ​២៥០០០ រៀល ខណៈ​តម្លៃ​លក់​ពី​មុន​ថ្លៃ​តែ​១៩០០០ រៀល ក្នុង​មួយ​គីឡូក្រាម​។ ​ការ​លក់​ត្រីងៀត​ក្នុង​តំបន់​កើនឡើង​នេះ អ្នកស្រី ផឹ​ម ថា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា« ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខ្ញុំ​បាន​កាត់​បន្ថយ​បរិភោគ​សាច់​ជ្រូក​នៅ​ពេល​ដឹង​ថា​សាច់​ជ្រូក​មាន​ជំងឺ (​ជ្រូក​ងាប់​) ដោយសារ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ធ្វើ​ឱ្យ​តម្រូវការ​ត្រីងៀត​មាន​តម្រូវការ​កើន​ដល់​៣០០​គីឡូក្រាម ពិសេស​នៅ​ពេល​កម្មក​រោងចក្រ​បើក​ប្រាក់ខែ ឬ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​ដល់​៥០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​»​។

បើ​តាម​អ្នកស្រី ត្រីងៀត​ដែល​គ្រួសារ​អ្នកស្រី​ធ្វើ​ងៀត​លក់​ជា​ប្រចាំ​ថ្ងៃនេះ គឺ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ ដោយ​ក្នុង​មួយ​ត្រូវការ​ត្រី​ពី​២០០​ទៅ​៣០០​គីឡូក្រាម ហើយ​នៅ​ក្នុង​ការ​ប្រកប​មុខរបរ​ធ្វើ​ត្រីងៀត​លក់​នេះ​ឃើញ​ថា​ជីវភាព​គ្រួសារ​អ្នកស្រី​រីក​ចម្រើន​ពេល​មុន​ៗ ពោល​ក្រៅពី​កាត់​ចំណាយ​រួចរាល់​អាច​សល់​ប្រាក់​ប្រមាណ​៣​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​។

លោក ជា សា​រឿ​ន អ្នក​ធ្វើ​ងៀត​លក់​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ ត្រីងៀត របស់​ក្នុង​មួយ​ថ្ងៃ​បែងចែក​ទៅ​ផ្សារ​កំពង់ស្ពឺ ផ្សារ​ជំពូ​វ័ន កំពង់សោម ហើយ​នៅ​ក្នុង​មួយ​រយៈ​នេះ​ការ​លក់ដាច់​បាន​ច្រើន​គួរសម​។ ​លោក​បាន​បន្ត​ថា ការ​លក់​កើនឡើង​ទាំង​នៅ​ក្នុង​និង​ក្រៅ​តំបន់​នេះ​ដោយសារ ត្រីងៀត​យើង​មិន​ប្រើ​ថ្នាំ​គីមី យើង​ប្រឡាក់ត្រី​តាម​បែប​ធម្មជាតិ​។​សម្រាប់​ទីផ្សារ​នៅ​ក្រុងភ្នំពេញ​មួយ​ថ្ងៃ​ត្រូវការ​ប្រមាណ​១០០ ឬ​២០០​គីឡូក្រាម ហើយ​នៅ​ទីផ្សារ​តំបន់​ផ្សេង​ទៀត​ពេល​ខ្លះ​ឡើង​និង​ពេល​ខ្លះ​ធ្លាក់​ចុះ ដោយសារ​កត្តា​ប្រកួតប្រជែង​ទីផ្សារ​។

លោក​បាន​លើក​ឡើង​ថា «​ក្នុង​មួយ​ថ្ងៃ​ត្រូវការ​ចំណាយ​ដើម​ពី​៣​ទៅ​៤​លាន​រៀល​សម្រាប់​ទិញ​ត្រី​យក​មក​ធ្វើ​ងៀត ។​ក្នុង​មួយ​ថ្ងៃ​ក្រៅពី​កាត់​ចំណាយ​ហើយ​អាច​សល់​ប្រាក់​ពី​១៥​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល តែ​ថ្ងៃ​ខ្លះ​ក៏​មានការ​ខាត​ប្រាក់​ខ្លះ​ដែរ ដោយសារ​កត្តា​អាកាសធាតុ ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​មាន​ភ្លៀងរលឹម​ជាប់​រហូត​»៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ