រាជធានីភ្នំពេញ ៖ ពេលនាំនាងឡើងមកលើគោកវិញ នាងរៀបរាប់ប្រាប់ទាំងទឹកភ្នែកទាំងទឹកសំបោរថា ការសម្រេចចិត្តដើរចុះទឹកសម្លាប់ខ្លួននេះ មូលហេតុមកពីជំពាក់បំណុលគេច្រើនពេក ។ នាងប្រាប់ថា ខ្លួនមានប្តីជាជនជាតិអេស្ប៉ាញ មានកូនទាំងអស់៣ ទាំងនៅក្នុងពោះបាន៨ខែហើយ ។ កន្លងមក គាត់បានទៅរស់នៅបរទេសជាមួយប្តី ។ ពេលអត់មានលុយប្តីបានយករូបថតរបស់នាង ទៅបង្ហោះលក់ខ្លួនឲ្យមិត្តភក្តិ យកប្រាក់មកចាយវាយ ។ កាយវិការដ៏គំរក់របស់ប្តីអេស្ប៉ាញរូបនោះ ធ្វើឲ្យនាងគ្រាំគ្រាចិត្តខ្លាំងពេក ទ្រាំមិនបានក៏រត់មកស្រុកខ្មែរវិញ ហើយប្តីបានយកប្លង់ដីរបស់បងស្រីគាត់នៅសង្កាត់កំបូល ខណ្ឌកំបូល ទៅបញ្ចាំជាង២ម៉ឺនដុល្លារ បង់ការឲ្យគេក្នុងមួយខែ១០០០ដុល្លារ រហូតមកដល់បច្ចុប្បន្ន អត់មានលុយបង់ឲ្យគេទៀតទេ ។
សូមបញ្ជាក់ថា ស្ត្រីម្នាក់មានផ្ទៃពោះ៨ខែខាងលើ គិតអ្វីមិនចេញ ដោយសារតែប្តីជំពាក់លុយគេច្រើនពេក បានសម្រេចចិត្តគិតខ្លីចុះចូលទឹកទន្លេសម្លាប់ខ្លួននៅមុខព្រះអង្គដងកើ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៤ សីហា ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញស្ត្រីម្នាក់មានផ្ទៃពោះជិតគ្រប់ខែទៅហើយ បានដើរមកពីម្តុំផ្លូវលេខ១៣៦ គោលដៅទៅព្រះអង្គដងកើ និងយំបណ្តើរ និយាយបណ្តើរ រួចហើយដើរចុះទៅក្នុងទឹកទន្លេបម្រុងនឹងសម្លាប់ខ្លួន ។ ខណៈពេលដើរចូលទឹកបានពាក់កណ្តាលខ្លួនត្រឹមកទៅហើយ ក៏មានបងប្អូនប្រជាពលរដ្ឋ និងប្រជាការពារសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញ ឃើញទាន់ក៏បានធ្វើអន្តរាគមន៍ចុះទៅនាំឡើងមកគោកវិញ ។
ស្រីខាងលើបានរៀបរាប់បន្តទៀតថា រូបគាត់និងប្តីបានទិញដីឡូត៍បង់រំលស់របស់លោកឧកញ៉ា ស្រី ចាន់ថន ចំនួន២ប្លង់ ហើយចង់លក់ចេញវិញតែលក់មិនចេញ ណាមួយដីនោះបង់ប្រាក់មិនទាន់ដាច់ទេ អត់មានលុយបង់បន្តទៀត ធ្វើឲ្យគាត់ពិបាកចិត្ត រហូតសម្រេចចិត្តចង់បញ្ចប់ជីវិតបែបនេះតែម្តង ដើម្បីឱ្យអ្វីៗវាចប់ទៅចុះ ។
បន្ទាប់ពីធ្វើការសួរនាំដឹងរឿងហើយ សមត្ថកិច្ចបាននាំខ្លួនស្ត្រីរងគ្រោះ យកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ័យជំនះ ដើម្បីសួរនាំបន្ថែមរួចក៏នាំទៅផ្ទះសំណាក់ ដែលស្ត្រីរូបនេះស្នាក់នៅ និងបានអប់រំកុំឱ្យគិតខ្លីបែបនេះ ពិសេសគឺកូនក្នុងផ្ទៃ ។ នេះក៏ជាសារមួយដែរសម្រាប់ស្ត្រីខ្មែរខ្លះតែងគិតថាបានប្តីបរទេសសម្បូរលុយចាយ ប៉ុន្តែមិនមែនទាំងអស់នោះទេ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ