មុនពេលចេញលក់ផលិតផល ឬសេវាកម្មណាមួយសម្រាប់អាជីវកម្មរបស់អ្នកសហគ្រិនគួរតែពិចារណាលើកត្តាជាច្រើន ឧទាហរណ៍ដូចជា តម្លៃផលិតផល តម្រូវការទីផ្សារ និងមតិយោបល់របស់អតិថិជនជាដើម ។
សហគ្រិនជាច្រើនរូបមិនយកចិត្តទុកដាក់លើកត្តាទាំងនេះទេ ហើយពួកគេបែរជាផ្តោតសា្មរតីតែលើការធ្វើឲ្យផលិតផលកាន់តែមានគុណភាពល្អ និងមានភាពទាក់ទាញលើទីផ្សារទៅវិញ ។ ជាលទ្ធផលពួកគេមិនបានឆ្លើយនឹងសំណួរថា តើផលិតផលថ្មីមានចំណុចអ្វីដែលអាចទាក់ទាញអតិថិជន ? តើកត្តាអ្វីដែលធ្វើឲ្យវាខុសប្លែកពីផលិតផលដ ទៃ? ជាពិសេស តើវាអាចផ្លាស់ប្តូរជីវិតរបស់អតិថិជនបានដោយដូចម្តេចខ្លះ ?
ដូច្នេះអ្នកត្រូវតែគិតពីឥទ្ធិពលដែលផលិតផល និងសេវាកម្មរបស់អ្នកដែលអាចផ្តល់ជូនអតិថិជនមុននឹងបង្កើត និងដាក់វាលក់លើទីផ្សារ ។ ព្រោះប្រសិនបើអ្នកមិនធ្វើដូច្នេះទេ អ្នកអាចបាត់បង់ឱកាស និងប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់អាជីវកម្មរបស់អ្នកជាដើម ។ អ្នកត្រូវចងចាំថា ដៃគូប្រកួតប្រជែងរបស់អ្នកក៏អាចចេញផលិតផល ឬសេវាកម្មដោយគិតពីឥទ្ធិពលដែលផ្តល់ជូនដែរ ។
លោក Gary Lyng ដែលជាសហគ្រិនជោគជ័យមួយរូបបានចែករំលែកថា ជំហានដំបូងដែលអ្នកត្រូវតែគិតគូ គឺតម្រូវការរបស់អតិថិជនរបស់អ្នក ។ តើអតិថិជនអ្នកកំពុងតែជួបការលំបាកអ្វី ឬខ្វះខាតអ្វី ? បន្ទាប់មកមើលថា តើផលិតផល ឬសេវាកម្មរបស់អ្នកអាចដោះស្រាយ ឬជួយដល់អតិថិជនរបស់អ្នកឬទេ ?
ដើម្បីទទួលបានការជោគជ័យនៅថ្ងៃមុខទៀត អាជីវកម្មគួរតែព្យាយាមរៀន និងយល់ដឹងពីមតិរបស់អ្នកប្រើប្រាស់ និងអតិថិជនបច្ចុប្បន្នរបស់អ្នកព្រមទាំងដៃគូសហការរបស់អ្នកជាដើម ។
ការទទួលបាន និងកែសម្រួលតាមមតិយោបល់ដែលទទួលបានជួយឲ្យអ្នកធ្វើឲ្យផលិតផល ឬសេវាកម្មរបស់អ្នកកាន់តែមានប្រសិទ្ធិភាពលើសដើមដែរ ។ ការធ្វើដូច្នេះអាចជួយផ្គត់ផ្គង់ដល់អតិថិជនបច្ចុប្បន្នរបស់អ្នកហើយក៏អាចបង្កើតផលិតផល ដើម្បីទាក់ទាញអតិថិជនថ្មីដែរ ។
លើសពីនេះទៅទៀត ការគិតពីឥទ្ធិពលដែលផលិតផល ឬសេវាកម្មរបស់អ្នកដែលអាចផ្តល់ជូនអតិថិជនជួយឲ្យអ្នកគិតពីអ្វីដែលអតិថិជនអ្នកឲ្យតម្លៃដែលជួយឲ្យផលិតផលរបស់អ្នកមានភាពទាក់ទាញជាងគេ ៕ កែសម្រួលដោយ ៖សុឃាក់