ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ហួស​ចិត្ត​​ និងគួរអោយអស់សំណើច

13 ឆ្នាំ មុន

ហួសចិត្តទី១ ៖ មួកសុវត្ថិភាពដែលត្រូវ​ចាប់បង្ខំដោយច្បាប់មានមនុស្សជាច្រើនមិនចង់​ពាក់ទេ ផ្ទុយទៅវិញចិញ្ចៀនពេជ្រ, ក្រវិល, ខ្សែ.ក, ខ្សែចង្កេះ និងគ្រឿងអលង្ការដទៃទៀត​ជាច្រើនប្រភេទមិនមានអ្នកបង្ខំទេ តែមនុស្ស​បែរ​ជាចូលចិត្តពាក់ អ្នកខ្លះថែមទាំងខិត​ខំ​ព្យា​យាមរិះ​រកកន្លែងពាក់បន្ថែមឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន ។ នៅលើត្រចៀក គេចោះរន្ធជាច្រើនតាំងពីលើស្លឹកត្រចៀក ដល់​ចុងស្លឹក​ត្រចៀកខាងក្រោម, លើចិញ្ចើម​ក៏ពាក់, នៅច្រមុះក៏ពាក់, បបូរមាត់ក៏ពាក់, ត្របកភ្នែក​ក៏ពាក់, នៅផ្ចិតក៏ពាក់, ពាក់ៗ…គឺពាក់​គ្រប់​កន្លែង មិនតែប៉ុណ្ណោះពាក់រហូតដល់​ប្រដាប់​​ភេទ​ទៀតផង មិនឱ្យទំនេរទេ

ដោយ​លោក​ ម៉េន សុខវិសាល

នេះគ្រាន់តែជាទស្សនៈឡប់ៗសម្រាប់អាន​កំសាន្តប៉ុណ្ណោះ។

  • -ហួសចិត្តទី១ ៖ មួកសុវត្ថិភាពដែលត្រូវ​ចាប់បង្ខំដោយច្បាប់មានមនុស្សជាច្រើនមិនចង់​ពាក់ទេ ផ្ទុយទៅវិញចិញ្ចៀនពេជ្រ, ក្រវិល, ខ្សែ.ក, ខ្សែចង្កេះ និងគ្រឿងអលង្ការដទៃទៀត​ជាច្រើនប្រភេទមិនមានអ្នកបង្ខំទេ តែមនុស្ស​បែរ​ជាចូលចិត្តពាក់ អ្នកខ្លះថែមទាំងខិត​ខំ​ព្យា​យាមរិះ​រកកន្លែងពាក់បន្ថែមឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន ។ នៅលើត្រចៀក គេចោះរន្ធជាច្រើនតាំងពីលើស្លឹកត្រចៀក ដល់​ចុងស្លឹក​ត្រចៀកខាងក្រោម, លើចិញ្ចើម​ក៏ពាក់, នៅច្រមុះក៏ពាក់, បបូរមាត់ក៏ពាក់, ត្របកភ្នែក​ក៏ពាក់, នៅផ្ចិតក៏ពាក់, ពាក់ៗ…គឺពាក់​គ្រប់​កន្លែង មិនតែប៉ុណ្ណោះពាក់រហូតដល់​ប្រដាប់​​ភេទ​ទៀតផង មិនឱ្យទំនេរទេ ។
  • -ហួសចិត្តទី២ ៖ អ្នកបើកឡានមិនពាក់​ខ្សែ​ក្រវាត់សុវត្ថិភាពត្រូវពិន័យ ។ ផ្ទុយទៅវិញ អ្នក​ជិះ​ឡាននៅទ្រុងខាងក្រោយ អង្គុយនៅគែម ឬ​តោងឡានពីក្រោយ ឬអង្គុយលើដំបូលឡាន គឺ​មិន​អីទេ បើពិន័យអាចត្រូវពិន័យតៃកុងឡាន​ទៅ​វិញទេ ។ ប្រហែលជាប៉ូលិសគិតថា ការបើក​ឡាន​មិនពាក់ខ្សែក្រវាត់អាចគ្រោះថ្នាក់ជាង ជា​ពិសេសពេលបើកឡានក្នុងក្រុង ។
  • -ហួសចិត្តទី៣ ៖ មនុស្សមួយចំនួនអាន​ពាក្យ “កម្ពុជា” ថា “កុំ-ពុជ-ជា” ឬ “កំ-ពុជ-ជា” តែ​ហេតុ​អ្វីមិនអាន “កម្មករ”, “កសិកម្ម”, ឬ“ឧស្សា​ហ​កម្ម” ថា “កុំ-ម៉ៈ-ក”, “កាក់-សិ-កុំ” ឬ “ឧស-សា-ហៈ-កុំ” ឬ “ឧស-សា-ហៈ-កំ” ផងទៅ ។ តាមក្បួនវេយ្យាករណ៍ អក្សរ “ក” ប្រកបនឹង “ម” ត្រូវអាន “កម” ប៉ុន្តែប្រសិនបើនៅខាង​ក្រោម​អក្សរ “ម” មានជើងព្យញ្ជនៈ (ជើង​របស់​ខ្លួនវាក៏ដោយ ឬជើងរបស់អក្សរមួយ​ណា​ផ្សេងក៏ដោយ) គឺត្រូវអានថា “កាំ” មិនត្រូវអាន​ថា “កុំ” ឬ “កំ” ទេ ។
  • -ហួសចិត្តទី៤ ៖ អ្នក​សរ​សេរ​ខ្លះ ឬ​អ្នករាយ​ការណ៍ព័ត៌មាន និង​អ្នកយកព័ត៌មានខ្លះ​និយម​ប្រើពាក្យថា “ធ្វើការ” ។ ឧទាហរណ៍ ៖ “ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន”, “សួរចម្លើយ”, “ដោះ​ស្រាយ”,​“ពន្យល់” ។ល។ គេមិន​និយាយដូច្នេះ​ទេ គឺគេ​បែរ​ជានិយាយថា “ជនល្មើសត្រូវបានធ្វើ​ការ​ចាប់ខ្លួន”, “ធ្វើការសួរចម្លើយ”, “ធ្វើការដោះ​ស្រាយ”, “ធ្វើការពន្យល់” ។ល។ ឯក្រុមពិធីករ ពិធីការិនីវិញនិយមប្រើពាក្យ“ជាមួយ” ឬ “ជាមួយ​នឹង” ។ ឧទាហរណ៍ ៖ “សូមអរគុណ​ផលិតផល… ដែលបានជួយឧបត្ថម្ភកម្មវិធី​នេះ”, “សូមរីករាយកំសាន្តនូវបទចម្រៀងនេះដូចតទៅ”, “សូមជាវផលិតផល…យកទៅប្រើ​ប្រាស់​ចុះមិនខុសបំណងឡើយ”, “សូមអរគុណ​ដល់សំអាងការ…​ដែល​បានជួយតុបតែង ផាត់មុខនិងផ្តល់នូវសម្លៀកបំពាក់ដល់យើងខ្ញុំ ទាំងអស់គ្នា” ។ គេបែរជានិយាយថា “សូមអរ​គុណជាមួយនឹងផលិតផល…ដែលបានជួយ​ឧប​ត្ថម្ភកម្មវិធីនេះ”, “សូមរីករាយកំសាន្តជាមួយនឹង បទចម្រៀងនេះ​ដូចតទៅ”, “សូមជាវជាមួយ​នឹង​ផលិតផល…យកទៅប្រើប្រាស់ចុះមិនខុស​បំណង​​ឡើយ”, “សូមអរគុណជាមួយនឹងសំអាង​ការ… ដែលបានជួយតុបតែងផាត់មុខ និងផ្តល់​ជាមួយនឹងសម្លៀកបំពាក់ដល់យើងខ្ញុំទាំងអស់គ្នា” ។ល។ មិនពីរោះស្តាប់សោះ មិនដឹងថា សា​លាណាបានបង្រៀនពួកគេឱ្យទៅជាបែបនេះ ពិតជាគួរឲ្យអស់សង្ឃឹមមែន ។ 
  • -ហួសចិត្តទី៥ ៖ ដោយមានជំនឿស៊ុបលើ​ធម៌ព្រះពុទ្ធ ព្រះសង្ឃ លោកយាយ លោកតា មិន​ហ៊ានសម្លាប់សត្វទេ សូម្បីតែមូស ឬ​ស្រមោច​​វារលើ ឬខាំខ្លួនឯង ឬខាំកូនចៅ ក៏មិនហ៊ានវាយ​វាដែរ គឺគ្រាន់តែដេញបង្អើលប៉ុណ្ណោះ ។ បាន​​ន័យថា សូម្បីតែជីវិតសត្វតូចតែមួយក្បាលក៏​មិនហ៊ានសម្លាប់ដែរ តែផ្ទុយទៅវិញនៅពេល​ឈឺម្តងៗ ដើម្បីបានរួចរស់ជីវិតរបស់ខ្លួនឯងមួយ ពួកគាត់ត្រូវលេបថ្នាំជាច្រើនក្នុងរយៈពេលបីថ្ងៃ មួយសប្តាហ៍ ឬក៏រាប់ខែ ហើយថ្នាំទាំងនោះ នឹង​ចូលទៅសម្លាប់មេរោគនៅក្នុងខ្លួនរបស់ពួកគាត់ រាប់ពាន់លានក្បាល ។ ទោះបីវាគ្រាន់តែ​ជាសត្វ​ល្អិត ជាព្រូន ឬជាបាក់តេរីក្តីក៏វាជា​ជីវិត​ដែរ ។ តើបែបនេះបាបដែរឬទេ ?
  • -ហួសចិត្តទី៦ ៖ ស្ត្រីជាច្រើននិយម​ស្លៀក​ពាក់ខ្លី លេចលើលេចក្រោម ។ តើគេចង់​បង្អួត​ប្រុសៗមែន ឬមិនមែន? បើមែន តើហេតុអ្វី​បាន​ជាពេលប្រុសៗបើកភ្នែកធំៗតាមសម្លឹងមើល បែរ​ជាខឹង? ខឹងមែនឬទេ? ខ្ញុំមិនយល់​ទេ ។ សូមជួយរកចម្លើយផង ។ ដោយបំណង​ល្អខ្ញុំ​សូម​ជូនយោបល់ចំពោះនារីដែលស្លៀកខ្លី ហើយ​ពេល​ជិះម៉ូតូយកអាវ ឬកន្សែងមកគ្រប​នោះមិន​ល្អទេ។ ពេលជិះម៉ូតូមិនត្រូវឱ្យមាន​របស់​របរ​អ្វីវែងច្រងេងច្រងាង ឬធ្លាក់ចុះ ឬសំពីង​សំពោង​នោះទេ ព្រោះវាងាយនឹងប៉ើងចូលកាំម៉ូតូ ឬទាក់​ដៃចង្កូត ឬប៉ើងឡើងមកបាំងនឹងភ្នែកអ្នក បើកបរដែលអាចបណ្តាលឲ្យដួល ឬរេចង្កូត​ទៅ​ប៉ះអ្នកដទៃ ឬចូលក្រោមឡានធំ ។ គ្រោះថ្នាក់​ណាស់ !!
  • -ហួសចិត្តទី៧ ៖ តើអ្នកធ្លាប់ឮចាស់ៗនិយាយ​ថា “បីម៉ែត្របួនជ្រុង” ឬ “ប្រាំម៉ែត្របួន​ជ្រុង” ឬ “ដប់ម៉ែត្របួនជ្រុង” ដែរឬទេ ? តើ​មាន​ន័យដូចម្តេច ? មានអ្នកខ្លះបកស្រាយថា ពាក្យថា “បួនជ្រុង” មានន័យថា “ការេ” ឬ ”ក្រឡា” ។ គឺថា “បីម៉ែត្របួនជ្រុង” ស្មើនឹងបី​ម៉ែត្រការេ ឬបីម៉ែត្រក្រឡា (៣ម២) ហើយ “ដប់ម៉ែត្របួនជ្រុង” គឺស្មើនឹងដប់ម៉ែត្រការេ (១០ម២) ។ តែមានអ្នកខ្លះទៀត បែរជាយល់​ថា “បីម៉ែត្របួនជ្រុង” មានន័យថា ជ្រុងទាំង​បួន សុទ្ធតែមានប្រវែងបីម៉ែត្រ (ផ្ទៃរាងការេ ដែលជ្រុងនីមួយៗមានប្រវែងបីម៉ែត្រ) ឬស្មើ​នឹង​ផ្ទៃក្រឡា៩ម៉ែត្រការេ (៩ម២)? បើនិយាយថា “មួយម៉ែត្របួនជ្រុង” គឺស្មើនឹងមួយម៉ែត្រការេ ទោះ​បីបកស្រាយតាមទស្សនៈមួយណាក៏នៅ​តែមួយម៉ែត្រការេដែរ(១ម២) គឺផ្ទៃរាងការេមាន​ជ្រុងនីមួយៗមានប្រវែងមួយម៉ែត្រ ។ សូមជួយ​រកចម្លើយផង ៕

                                  
សេចក្តីគួរពុំគួរ សូមមេត្តាខន្តី អភ័យទោស
រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១០