អ្នកនិយមលេងអ៊ីនធឺណេតឥណ្ឌូនេស៊ីមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមានវីដេអូដែលលេចចេញរូបភាពបង្ហាញពីគូស្នេហ៍អ្នកលេងបណ្តាញសង្គម Instagram មួយគូកំពុងតែប្រមាថទីសក្ការបូជាមួយនៅកោះបាលី ។
ក្រោយមកអ្នកទាំងពីរនេះត្រូវបានគេស្គាល់ថាជា Fitness Models ដែលមានគណនី Instagram ឈ្មោះ Sabina Dolezalova និង Zdenek Slouka ។ អ្នកទាំងពីរត្រូវបានគេមើលឃើញថា មានភាពទាក់ទាញនៅក្នុងវីដេអូដែលអ្នកស្រុកដឹងថា ជាកន្លែងទីសក្ការនៃប្រាសាទមួយ នៅពេលដែលនាង Dolezalova បានទយគូថលាត់សំពត់ឡើងលើ ហើយ Slouka យកដៃត្រងទឹកពីប្រភពទីសក្ការមកលាងគូថរបស់នាង ។
យោងតាមគេហទំព័រ Nextshark ឱ្យដឹងថាវេជ្ជបណ្ឌិត Arya Wedakarna សមាជិកព្រឹទ្ធសភាមកពីកោះបាលីបានឱ្យដឹងថា អ្នកលេង Instagram បានប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើមនៅក្នុងទីសក្ការ Ubud ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Instagram សមាជិកព្រឹទ្ធសភាបានបញ្ជាក់ថា លោកគ្រោងនឹងកោះហៅអ្នកទាំងពីរឆាប់ៗនេះ ។
យោងតាមសារព័ត៌មាន Mata Indonesia News បានឱ្យដឹងថា អ្នកលេងអ៊ីនធឺណេតឥណ្ឌូនេស៊ីមួយចំនួនបានជំរុញឱ្យទីភ្នាក់ងារអន្តោប្រវេសន៍កោះបាលីរារាំងជនបរទេសទាំងពីរឲ្យ ចាកចេញពីកោះបាលីរហូតដល់ពួកគេទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ។ បន្ទាប់ពីវីដេអូឃ្លីបនេះផ្ទុះរីករាលដាលនូវការរិះគន់មក Dolezalova និង Slouka បានសុំទោសតាមរយៈគណនី Instagram របស់ពួកគេគឺ @sabina_dolezalova_ifbb និង @znedekslouka ។ ហើយចាប់តាំងពីពេលនោះមកគណនីត្រូវបានធ្វើឯកជន ឬផ្អាក ។
អ្នកទាំងពីរបានសម្តែងនូវការសុំទោស តាមរយៈការ Upload វីដេអូដែលក្នុងនោះពួកគេបានសារភាពកំហុសរបស់ពួកគេ ។ Slouka បាននិយាយថា «យើងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះវីដេអូកាលពីម្សិលមិញ ។ យើងបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រាសាទ និងទឹកដ៏បរិសុទ្ធនៅ Ubud ហើយយើងមិនបានដឹងទេ ដូច្នេះយើងមានការសោកស្តាយអំពីរឿងនេះ» ។
ដោយឡែក Dolezalova បាននិយាយថា «យើងមិនមានគំនិតអាក្រក់អំពីទឹកដ៏បរិសុទ្ធ ឬមានប្រសាទដ៏បរិសុទ្ធទេ ដូច្នេះយើងពិតជាមិនចង់ធ្វើអ្វីដែលអាក្រក់ទេ ។ យើងពិតជាសុំទោស ហើយយើងសង្ឃឹមថា អ្នកនឹងអភ័យទោសឱ្យយើង ។ ឥឡូវយើងកំពុងរកមើលនូវអ្វីដែលយើងអាចធ្វើ ដើម្បីជួសជុលការខូចខាតនេះ» ។
យោងតាមសារព័ត៌មាន Detik News បានឱ្យដឹងថានៅថ្ងៃទី៨ ខែសីហា គូស្នេហ៍នេះត្រូវបានគេឱ្យធ្វើការសុំទោសនៅចំពោះមុខប៉ូលិស ចំពោះសកម្មភាពរបស់ពួកគេ ហើយត្រូវបានគេរាយការណ៍ថា ត្រូវបានគេលើកលែងទោស ៕ កែសម្រួលដោយ ៖សុឃាក់
ប្រភព ៖ Nextshark
ចែករំលែកព័តមាននេះ