ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​មេខ្លោង​ផលិត​គ្រឿង​ញៀន​២នាក់​បង​ប្អូន​ឡើង​តុលា​ការ​សួរ​រក​អ្នក​នៅ​ពីក្រោយ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា បាន​អនុ​ញ្ញាត​ឱ្យ​អនុ​រក្ស​ពន្ធនា​គារ​ព្រៃស​នាំ​ខ្លួន​​ជន​ជា​មេខ្លោង​២​នាក់​បង​ប្អូន​​ដែល​ពាក់​ព័ន្ធ​​នឹង​ការ​លួច​លាក់​ផលិត​គ្រឿង​ញៀន​​មក​ធ្វើ​ការ​សាក​សួរ​បន្ថែម​ដើម្បី​រក​ជន​​នៅ​ពី​ក្រោយ។ ជន​​​ទាំង​២​នាក់​​នេះ​ម្នាក់​ឈ្មោះ​ហុង អេនឌី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ហុង រស្មី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ។

ការ​នាំ​ខ្លួន​ជន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​និង​ជួញ​ដូរ​គ្រឿង​ញៀន​​នេះ​ ​គឺ​តាម​ការ​បង្គាប់​​ពី​​លោក​អឿង សៀង ចៅ​​ក្រម​ស៊ើប​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ តែ​ក្រោយ​ពី​សាក​សួរ​ពុំ​មាន​ប្រភព​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា មាន​លទ្ធ​ផល​យ៉ាង​ណា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា បើ​តាម​ប្រភព​​ព័ត៌​មាន​ឱ្យដឹ​ង​ថា ករណី​នេះ​​គឺ​លោក​ចៅ​ក្រម​​សាក​សួរ​ជន​​ត្រូវ​ចោទ​​ដើម្បី​រក​ឱ្យ​ឃើញ​អ្នក​នៅ​ពី​ក្រោយ​ខ្នង។ ការ​ចាត់​ការ​យ៉ាង​ដូច្នេះ ពីព្រោះ​គេ​មិន​ជឿ​ថា ឈ្មោះ​ហុង អេនឌី និង​ហុង រស្មី ​អាច​លួច​​ផលិត ឬ​ជួញ​ដូរ​យ៉ាង​ធំ​សម្បើម​​ដោយ​គ្មាន​អ្នក​​នៅ​ពី​ក្រោយ​ខ្នង​​នោះ​ទេ។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៤ មីនា កន្លង​ទៅ​នេះ សមត្ថ​កិច្ច​នគរ​បាល​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​រាជ​ធានី​ភ្នំពេញ​ បាន​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ពាក់​ព័ន្ធ​នឹង​ការ​លួច​​ផលិត​គ្រឿង​ញៀន​ជា​ទ្រង់​ទ្រាយ​ធំ​នៅ​ភូមិ​ស្វាយ​តាអុក សង្កាត់​វាល​ស្បូវ ខណ្ឌ​មាន​ជ័យ។ ​ក្នុង​ពេល​ភ្លាម​ៗ​នោះ​​សមត្ថ​កិច្ច​​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៣​នាក់ គឺ​១-​ឈ្មោះ​ហុង អេនឌី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ, ២-​ឈ្មោះ​ណៃ ស្រីនី ភេទ​ស្រី អាយុ​១៩​ឆ្នាំ និង​៣-​ឈ្មោះ​ណៃ វ៉ាន់​ណែត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ព្រម​ទាំង​រឹប​អូស​វត្ថុ​តាង​គ្រឿង​ញៀន​ប្រមាណ​ជាង​៦​គីឡូ​ក្រាម រថយន្ត​ទំនើប​៤​គ្រឿង សម្ភារ និង​ឧបករណ៍​ផលិត​មួយ​ចំនួន​ទៀត។

ក្រោយ​ពី​ឃាត់​ខ្លួន​ជន​ជាប់​សង្ស័យ​ខាង​លើ​ សមត្ថ​កិច្ច​នគរ​បាល​សន្តិ​សុខ​ផ្ទៃ​ក្នុង​ក្រសួង​មហា​ផ្ទៃ​​ក៏​បាន​ឃាត់​ខ្លួន​ជន​ពាក់​ព័ន្ធ​ជា​បន្ត​​បន្ទាប់​ទៀត ហើយ​ពួក​គេ​ត្រូវ​បាន​តុលា​ការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ដើម្បី​ស៊ើប​អង្កេត​បន្ត​ និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ជន​ដែល​នៅ​ពី​ក្រោយ​​ខ្នង​មុន​នឹង​ឈាន​ទៅ​​បើក​សវនា​ការ​ផ្តន្ទា​ទោស​​ជន​ដែល​ត្រូវ​ចោទ។ ក្រោយ​ពី​សាក​សួរ​រួច ជន​ដែល​ត្រូវ​ចោទ​ត្រូវ​បាន​អនុ​រក្ស​ពន្ធនា​គារ​នាំ​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនា​គារ​ព្រៃ​ស​វិញ៕