ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​គ្រុនឈាមក្នុងខេត្តបន្ទាយមានជ័យ កើន​​ដល់​ជាង​៣.០០០​ករណី

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អត្រា​ជំងឺ​គ្រុនឈាម​នៅ​ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៩​នេះ កើន​ដល់​ជាង​៣.០០០​ករណី ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​មាន​តែ​២០០​ករណី​ប៉ុណ្ណោះ ហើយ​តំបន់​មួយ​ចំនួន​ដែល​ឆ្នាំ​មុន​ធ្លាប់​ផ្ទុះ​ជំងឺគ្រុនឈាម បែរជា​ឆ្នាំ​នេះ​មិន​មាន និង​តំបន់​ដែល​មិន​ធ្លាប់កើត​បែរជា​កើត​មាន​ទៅ​វិញ ។…

ខេត្តបន្ទាយមានជ័យ ៖ អត្រា​ជំងឺ​គ្រុនឈាម​នៅ​ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៩​នេះ កើន​ដល់​ជាង​៣.០០០​ករណី ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​មាន​តែ​២០០​ករណី​ប៉ុណ្ណោះ ហើយ​តំបន់​មួយ​ចំនួន​ដែល​ឆ្នាំ​មុន​ធ្លាប់​ផ្ទុះ​ជំងឺគ្រុនឈាម បែរជា​ឆ្នាំ​នេះ​មិន​មាន និង​តំបន់​ដែល​មិន​ធ្លាប់កើត​បែរជា​កើត​មាន​ទៅ​វិញ ។ នេះ​បើ​តាម​ការលើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត កែវ សុភ​ក្ត្រាប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ថ្លែង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត នា​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ។

លោក​វេជ្ជបណ្ឌិត កែវ សុភ​ក្ត្រា ថ្លែង​ទៀត​ថា ផ្អែក​លើ​ទិន្ន័យ​នៃ​ករណី​ជំងឺគ្រុនឈាម​តាម​បែប​អេ​ពី​ដេ​មី​សាស្ត្រ ក្នុង​ឆ្នាំ​២០១៩​នេះ គឺជា​វដ្ត​នៃ​ការផ្ទុះ​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺគ្រុនឈាម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ ដោយឡែក ​នៅ​ខេត្ត​បន្ទាយ​មានជ័យ បាន​ចាប់ផ្តើម​មាន​ពី​៦​ករណី​នៅ​ស​ប្តា​ហ៍​ទី​១ នៃ​ខែឧសភា ឆ្នាំ​២០១៩ រហូត​ដល់​៦៣​ករណីនៅ​ស​ប្តា​ហ៍​ទី​២០ និង​កើនឡើង​រហូត​ដល់​ស​ប្តា​ហ៍ទី​២៧ ចុះ​បន្តិច​នៅ​ស​ប្តា​ហ៍​ទី​២៨ គឺ​គិត​ត្រឹម​ថ្ងៃទី​៣០ ខែកក្កដា និង​ត្រឹម​ស​ប្តា​ហ៍​ទី​៣០ សរុបទាំងអស់​មាន​ចំនួន​៣.១៦៤​ករណី ក្នុង​នោះ​មាន
ចំនួន​១.៩៦១​ករណី​ទៅ​ទទួល​សេវា​នៅ​ខេត្ត​សៀមរាប ១.២០៣​ករណី​ស្មើនឹង​៣៨%​ប្រើប្រាស់​សេវា ក្នុង​ខេត្តបន្ទាយមានជ័យ ភាគច្រើន​កើត​លើ​កុមារអាយុ​ពី​៥​ឆ្នាំទៅ​១៤​ឆ្នាំ ក្នុង​នោះ​សង្កេត​ឃើញ​ជំងឺគ្រុនឈាម​កើត​លើ​មនុស្ស​ពេញវ័យ​ចំនួន​៥៨​នាក់ ស្មើ​២% និង​ពុំ​មាន​ករណី​ស្លាប់​ទេ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​បញ្ជាក់​ទៀត​ថា ជា​ការ​ឆ្លើយ​តប​នឹង​ស្ថានភាព​ផ្ទុះ ជំងឺគ្រុនឈាម ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិ​បាល​ខេត្ត បាន​ធ្វើការ​អប់រំ​សុខភាព​តាម​រយៈការ​ចាក់​ផ្សាយ​សារ​អប់រំ​ចល័ត​និង​នៅ​តាម​មូលដ្ឋា​ន​សុខាភិបាល បាន​អន្តរាគមន៍​ដាក់​ពង្រាយថ្នាំ​បាណក​ឃាត​(​ដែល​គេ​ថា​អា​បែ​ត​)​ចំនួន​ជាង១០​តោន ថ្នាំ​វី​តូ​បាក់​១៥០​គីឡូក្រាម និង​ទឹក​ថ្នាំ ២០០​លី​ត្រ ក្នុង​ការ​បាញ់​សម្លាប់​មួ​ស សម្លាប់​ដង្កូវទឹក​តាម​អាង ពាង និង​ភាជន៍​ទឹក​មិន​ប្រើប្រាស់​នៅ​តាម​ក្រុង ស្រុក​មួយ​ចំនួន​ដែល​មាន​ករណី​គ្រុនឈាម​ខ្ពស់ ចំនួន​២៨៤​ភូមិ ក្នុង​២៨ឃុំ​-​សង្កាត់ ស្មើនឹង​អត្រា​គ្របដណ្តប់​តែ​៤៣%បើ​ធៀប​នឹង​៦៥​ឃុំ​សង្កាត់​ក្នុង​ខេត្តបន្ទាយមានជ័យ ។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចូលរួម​ក្នុង​យុទ្ធនាការ​អប់រំ លុប​បំបាត់​ជម្រក​មូស​ខ្លា​ក្នុង​ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម​នា​ពេល​នេះ​គឺជា​គំរូ​ប្រពៃ​បំផុត ។ ជាមួយ​នេះ លោក​សំណូមពរ​ដល់​ពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ប្រកាន់ខ្ជាប់​នូវ​ពាក្យ​ថា គ្មាន​ដង្កូវទឹក​ដោយ​ការ​លាង​សម្អាត​វត្ថុ​ដាក់​ទឹក​ប្រើប្រាស់ ដាក់​គម្រប​ត្រឹមត្រូវ ចិញ្ចឹម​ត្រី​៧​ពណ៌ និង​កម្ទេច​ឲ្យ​អស់​នូវ​វត្ថុ​ដាក់​ទឹក​មិន​ប្រើប្រាស់​ក្នុង​ភូមិឋាន​របស់​គ្រួសារ​នីមួយ​ៗ នោះ​យើង​នឹង​បញ្ចប់​មួ​ស​ខ្លា បញ្ចប់​ជំងឺគ្រុនឈាម ៕

អត្ថបទសរសេរ ដោយ