ខេត្តឧត្តរមានជ័យ ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់បានស្លាប់ដោយចង.ក ខណៈក្មេងស្រីរងគ្រោះបានបបួលក្មេងស្រី២នាក់ផ្សេងទៀតលេងចង.ក ស្រាប់តែក្លាយទៅជារឿងពិតយ៉ាងរន្ធត់បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១១ សីហា ២០១៩ ស្ថិតនៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្មេងស្រីរងគ្រោះដែលស្លាប់ឈ្មោះរីន
ម៉ាលី អាយុ១០ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមការរៀបរាប់របស់ក្មេងស្រីម្នាក់ឈ្មោះម៉ាលីស
អាយុ៦ឆ្នាំ និងក្មេងស្រីម្នាក់ទៀតឈ្មោះ វ៉ៃ អាយុ៣ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ
ពួកគេបាននាំគ្នាស្រែកច្រៀង និងរាំលេងយ៉ាងសប្បាយនៅលើផ្ទះរបស់ខ្លួន បន្តិចក្រោយមកក្មេងស្រីរងគ្រោះបានបបួលគ្នាទៅលេងឯខាងក្រោយផ្ទះ
ខណៈនោះក្មេងស្រីរងគ្រោះចេះតែបបួលលេងចង.កដែរ តែពួកនាងមិនព្រមលេងបែបនេះទេ។
តាមប្រភពដដែលបានប្រាប់បន្តថា
បន្ទាប់មក ក្មេងស្រីរងគ្រោះបានយកកន្សែងពណ៌សមកចងជារង្វង់មូលហើយយកទៅពាក់នឹងមែកដើមស្វាយរួចក្មេងស្រីរងគ្រោះយកក្បាខ្លួនឯងទៅស៊កចូលក្នុងរង្វង់មូលកន្សែងនោះ
ហើយលោតចុះព្យួរកតែម្តង ។ ភ្លាមៗនោះក្រុមក្មេងៗដែលនៅលេងជាមួយគ្នាបានរត់មកដាស់ម្តាយកំពុងតែដេកនៅលើផ្ទះ
តែម្តាយមិនជឿ ក្រោយមកឈ្មោះរីន ធារី ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ក្មេងស្រីរងគ្រោះឃើញហេតុការណ៍បែបនេះក៏រត់ទៅប្រាប់ម្តាយឱ្យមកមើល
ទើបមានការភ្ញាក់ផ្អើលកើតឡើង តែអ្វីៗហួសពេលទៅហើយ គឺក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ
ដោយមិនអាចជួយសង្គ្រោះបានឡើយ។
យោងតាមការបំភ្លឺពីស្រ្តីម្នាក់ឈ្មោះផាន រ៉ា អាយុ៣៣ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់ និងក្មេងស្រី២នាក់ខាងលើបាននៅលេងក្នុងផ្ទះរបស់គាត់ទាំង៣នាក់ រីឯគាត់ក៏បានដេកនៅលើគ្រែក្នុងផ្ទះ ពេលនោះម៉ោងប្រហែលជាង១២ថ្ងៃត្រង់ ខណៈនោះគាត់បានដេកលក់មួយភាំង ស្រាប់តែក្មេងស្រីឈ្មោះម៉ា លីស មកដាស់ ហើយប្រាប់ថាកូនរបស់គាត់បានលេងចង.កខ្លួនឯងឡើងបែកពពុះមាត់ ។ ពេលនោះគាត់អត់ជឿទេ ស្រាប់តែបន្តិចក្រោយមក កូនស្រីច្បងរបស់គាត់រត់មកប្រាប់ថា ប្អូនរបស់គេបានចង.កពិតមែន ។ ពេលឮដូច្នេះ គាត់បានដើរទៅមើលឃើញកូនបានយកក្រមាចង.កព្យួរនឹងមែកដើមស្វាយក្បែរមាត់ទ្វារក្រោយផ្ទះ ។
តាមប្រភពដដែលបានបន្តថា ពេលឃើញបែបនេះ ភ្លាមៗនោះគាត់និងកូនស្រីច្បងបាននាំគ្នាយកក្មេងស្រីរងគ្រោះទៅសង្រ្គោះនៅឯមណ្ឌលសុខភាពអូរក្រូចដែរ តែពេលទៅដល់ គ្រូពេទ្យបានប្រាប់ថា ក្មេងស្រីរងគ្រោះស្លាប់បាត់ទៅហើយ ។
ស្ត្រីម្តាយជាក្មេងស្រីរងគ្រោះបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះតែងតែមើលខ្សែភាពយន្តក្នុងសាច់រឿងចង.ក បន្ទាប់មកកូនរបស់គាត់តែងតែលេងរបៀបនេះរហូតមក ហើយគាត់ជាម្តាយតែងតែព្រមានជាច្រើនលើកផងដែរ មិននឹកស្មានថាក្លាយទៅជារឿងពិតយ៉ាងរន្ធត់បែបនេះសោះ។
តាមប្រភពពីសមត្ថកិច្ចស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា
ការពិនិត្យនៅកន្លែងកើតហេតុ និងសពក្មេងស្រីរងគ្រោះមានស្នាមជាំតិចៗត្រង់បំពង់ក
ក្រៅពីនេះរកពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ។
តាមប្រភពពីសមត្ថកិច្ចស្រុកត្រពាំងប្រាសាទបានឱ្យដឹងបន្តថា
យោងតាមការបំភ្លឺរបស់សាក្សីនិងការបំភ្លឺរបស់ម្តាយ ព្រមទាំងបងស្រីបង្កើតរបស់ក្មេងស្រីរងគ្រោះ
និងផ្អែកលើការពិនិត្យកន្លែងកើតហេតុ និងសព គឺក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន
ក្រោយពីពិនិត្យរួច
សមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕ (កែសម្រួលដោយ
៖ ធីតា)
ចែករំលែកព័តមាននេះ