ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងបាវិតធ្វើពិធីហូបសាច់ជ្រូក​ (មានវីដេ​អូ)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នា​ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងទៅកាន់មន្ត្រីរាជការ លោកអភិបាល​គ្រប់ស្រុក-ក្រុងនៃខេត្តស្វាយរៀងត្រូវចូលរួមផ្សព្វផ្សាយបញ្ជ្រាបដល់ពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនដោយធ្វើការ​អំពាវនាវដើម្បី​ឲ្យប្រជាពលរដ្ឋបរិភោគសាច់ជ្រូកឡើងវិញ តបតាមការអំពាវនាវរបស់សម្តេចតេជោហ៊ុន…

ខេត្តស្វាយរៀង ៖ នា​ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងទៅកាន់មន្ត្រីរាជការ លោកអភិបាល​គ្រប់ស្រុក-ក្រុងនៃខេត្តស្វាយរៀងត្រូវចូលរួមផ្សព្វផ្សាយបញ្ជ្រាបដល់ពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនដោយធ្វើការ​អំពាវនាវដើម្បី​ឲ្យប្រជាពលរដ្ឋបរិភោគសាច់ជ្រូកឡើងវិញ តបតាមការអំពាវនាវរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះជំងឺ​ប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងដល់មនុស្សទេ គឺឆ្លងតែសត្វជ្រូកគ្នាវាប៉ុណ្ណោះ។

ការថ្លែងរបស់អភិបាលខេត្តស្វាយរៀងបែបនេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបរិភោគសាច់ជ្រូកនៅសាលាក្រុងបាវិត ដែលរៀបចំឡើងដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង ក្រោមប្រធានបទ «ដើម្បីក្តីសង្ឃឹមដល់អ្នកចិញ្ចឹមជ្រូកនិងដើម្បីយើងទាំងអស់គ្នា»។ ការបរិភោគសាច់ជ្រូកនេះគឺឧបត្ថម្ភ​ពីក្រុមហ៊ុនស៊ីភី(CP)ដែល​បានខ្វៃជ្រូកចំនួន១០ក្បាល។

ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជា​សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ មន្ត្រីរាជការ លោកអភិបាល អភិបាលរងស្រុក-ក្រុងទាំង៨ លោកស្នងការ ស្នងការរង កងរាជអាវុធហត្ថ ក្រុមអាជីវករក្រុមប្រឹក្សាឃុំសង្កាត់ប្រជាពលរដ្ឋជាច្រើនកុះករ។

លោកថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត បានមានប្រសាសន៍ថា ដោយមានផ្ទុះជំងឺ​ប៉េស្តជ្រូកអាហ្វ្រិកនៅភូមិឬស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ធ្វើឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀងភ័យខ្លាចឈប់បរិភោគសាច់ជ្រូកធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារត្រូវខាតបង់ថវិកា។

លោកថាច់ រតនា បន្តទៀតថា ការផ្ទុះជំងឺ​ប៉េស្ត​ជ្រូកអាហ្វ្រិកនៅភូមិឬស្សីជួរខាងត្បូងនេះបណ្តាល​ឱ្យ​ជ្រូកងាប់ចំនួន​៩៥ក្បាល និងសម្លាប់ចោល២៥ក្បាល កប់ចោលនិងបាញ់ថ្នាំការពារសុវត្ថិភាពនៅទីតាំងកើតជម្ងឺនេះមានចម្ងាយ​​១០គីឡូម៉ែត្រពីតំបន់ផ្ទុះជំងឺ​ ហើយរហូតមកដល់ពេលនេះជំងឺ​ប៉េស្តជ្រូកអាហ្រ្វិកបានធូរ​ស្រាលវិញហើយយើងគ្រប់គ្រងបាន។

លោកម៉ែន វិបុល អភិបាលខេត្តក៏បានណែនាំដល់មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីសមត្ថកិច្ចដែលពាក់ពន្ធ័ទាំងអស់ត្រូវបន្តចុះពិនិត្យរាល់សាច់ជ្រូកដែលនាំចូលមកលក់ក្នុងទីផ្សារឲ្យបានហ្មត់ចត់ ដោយមិនត្រូវឲ្យមានការនាំជ្រូកពីក្រៅប្រទេសមកចូលនៅក្នុងទឹកខេត្តស្វាយរៀងនោះទេ។

បើតាមការបញ្ជាក់ពីលោកថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានលើកឡើងថា ការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកមកប្រទេសកម្ពុជា ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងខេត្តស្វាយរៀង​ឈប់បរិភោគសាច់ជ្រូក និងទិញសាច់ជ្រូកនៅក្នុងផ្សារ ដោយភ័យខ្លាចពីជំងឺទាំង​នេះឆ្លងមកខ្លួន។

លោកបានបន្តទៀតថា ចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺមិនបណ្ដាលឲ្យឆ្លង​មកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ​នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាពលរដ្ឋនៅខេត្តស្វាយរៀង​នាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ ព្រោះវាមិនឆ្លងដល់មនុស្សទេ ដើម្បីលើកទឹកចិត្ត​ដល់​អ្នកចិញ្ចឹមជ្រូក​ក្នុងស្រុក ។ ម្យ៉ាងទៀត រាល់ការទិញជ្រូកទៅហូប ត្រូវពិនិត្យមើលសាច់ជ្រូក ដែលមានត្រាពេទ្យសត្វត្រឹមត្រូវ ចៀសវាងទិញសាច់ជ្រូក ដែលគ្មានត្រាពីពេទ្យសត្វ។ រាល់ការលក់សាច់ជ្រូក នៅលើទីផ្សារ ត្រូវតែមានវាយត្រាពីពេទ្យសត្វ ទើបបញ្ជាក់ថា សាច់សត្វនោះ បានពិនិត្យសុខភាពសត្វយ៉ាងត្រឹមត្រូវ ពីមន្ត្រីជំនាញ។

លោកថាច់ រតនា បានឲ្យដឹងទៀតថា ចំពោះខេត្តស្វាយរៀង ដែលមានករណី​ផ្ទុះនៅភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ឥឡូវបានស្ងប់ស្ងាត់ទៅវិញហើយ ដោយមានការយកចិត្តទុក​ពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទចុះផ្សព្វផ្សាយ​អំពីជំងឺបេស្តជ្រូកអាហ្វ្រិក នៅតំបន់មានឆ្លង អំពីវិធីបង្ការទប់ស្កាត់ និងបានបាញ់ថ្នាំសម្លាប់មេរោគ នៃការរីករាយដាល នៃជំងឺនេះផងដែរ ហើយជំងឺប៉េស្តជ្រូកអាហ្វ្រិក បានសម្លាប់ជ្រូកចំនួន​៩៥ក្បាល នៅឃុំក្រោលគោ​ ៕ (កែសម្រួលដោយ ៖ ធីតា)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ